សាលា​ឧទ្ធណ៍​មិន​ឲ្យ​«សិទ្ធិ»​ស្ត្រី​បឹង​កក់​ទាំង​១១​នាក់ មាន​ឱកាស​បក​ស្រាយ

អ្នកបឹងកកត់ទាំង១១នាក់ រួមទាំងព្រះសង្ឃមួយអង្គផង មិនត្រូវបានសាលាឧទ្ធរណ៍ ផ្តល់​សិទ្ធិ​ក្នុង​ការ​បក​ស្រាយ​ចំពោះ​មុខ​ទេ តែអនុញ្ញាតិឲ្យស្តាប់ និងបង្ខំឲ្យទទួលយក តាមការចោទប្រកាន់របស់តុលាការ។ នេះបើយោងតាមជនជាប់ចោទ និងមន្រ្តីសង្គមស៊ីវិល។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 23, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​ក្នុង​សវនាការ​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា​នេះ សាលា​ឧទ្ធណ៍​បាន​ហាម​ជន​ជាប់​ចោទ មិន​ឲ្យ​បង្ហាញ ឬ​បក​ស្រាយ ឬ​បញ្ចាំង​វីដេអូ​ឃ្លីប​អ្វី​ឡើយ បើ​សូម្បី​តែ​ការ​ស្នើ​សុំ​របស់​មេធាវី ក៏​សាលា​ឧទ្ធរណ៍​មិន​អនុញ្ញាត​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ជន​ត្រូវ​ចោទ និង​មន្ត្រី​អង្គការ​សង្កម​ស៊ីវិល ដែល​បាន​តាម​ដាន​សវនាការ​នេះ។

អ្នកស្រី ទេព វន្នី សកម្មជន​ដី​ធ្លី​ដ៏​លេច​ធ្លោ​មួយ​រូប ពេល​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​វិញ បាន​បង្ហាញ​ថា បើ​សាលា​ឧទ្ធរណ៍​មិន​ស្ថិត​ក្រោម​មន្រ្តី ឬ​អ្នក​មាន​អំណាច​ណា​មួយ​ទេ ពួក​គាត់​នឹង​មាន​សេរីភាព។ យ៉ាង​ណា​អ្នក​ស្រី​បាន​បង្ហាញ​ក្តី​សង្ឃឹម និង​ជឿ​ជាក់​​លើ​​សាលា​ឧទ្ធរណ៍ ដែល​ធ្លាប់​បាន​ដោះ​លែង​ស្រ្តី​បឹង​កក់​ទាំង​១៣​នាក់ កាល​ពី​ឆ្នាំ​២០១២​កន្លង​មក។ «ថ្ងៃ​ទី​២៦ ពួក​ខ្ញុំ​នឹង​សង្ឃឹម​ថា​សាលា​ឧទ្ធរណ៍​នឹង​ឯករាជ្យ។ (…) ពួក​ខ្ញុំ​នឹង​សង្ឃឹម​ថា ទទួល​បាន​យុត្តិធម៌​ម្តង​ទៀត ពី​សាលា​ឧទ្ធរណ៍។»

សវនាការរសៀលថ្ងៃទី២២ ខែមករានេះកើតឡើង ក្រោមការស្នើសុំជាថ្មី របស់ជនជាប់ចោទទាំង១១នាក់ មក​កាន់សាលាឧទ្ធរណ៍ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យពួកគាត់មានទោសដោយ«អយុត្តិធម៌»​។ បើជនជាប់ចោទទាំង១១នាក់នោះ គ្មានភស្តុតាង ឬក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ រកមិនឃើញ​ភស្តុតាង​«ដោះបន្ទុក»ទេ សាលាឧទ្ធរណ៍ នឹងសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុក​ជា​បាន​ការ។

អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានលើកឡើងថា តាមអ្វីដែលលោកបានសង្កេត នៃដំណើរការតាមរយៈការមិនអនុញ្ញាត្តិ ឲ្យចាក់​ផ្សាយវីដេអូដែលថតដោយសមត្ថកិច្ចនោះ មានន័យថា ពិតជាមានអ្វីនៅពីក្រោយនេះ។ ដូច្នេះលោកគិតថា សាលាឧទ្ធណ៍នេះក៏គ្មានឆន្ទះណាមួយដោះលែងអ្នកទាំង១១នាក់នោះទេ។ លោកបន្តថាបើរំពឹងលើ​ការដោះ​លែងវិញនោះ វាមានភាគរយតិចតួចបំផុត ដែលនឹងមិនអាចទៅរួចសម្រាប់តុលាការមួយនេះ។

លោក ណៃ វ៉ង់ដា បានបញ្ជាក់ទៀតថា៖ «យើងមានសង្ឃឹមតិចតួចបំផុត ដែលថា ស្ថាប័ន្ធតុលាការនេះ​ដោះ​លែង។ (…) ព្រោះឆន្ទៈរបស់តុលាការ ក៏ដូចជាមន្រ្តីជាន់ខ្ពស់ ដែលដឹកនាំនយោបាយ មានឆន្ទៈតិចតួចបំផុតក្នុងការដោះលែង។»

យ៉ាងណាក៏ដោយ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានសម្ដែងសុទិដ្ឋិនិយម បន្ទាប់ពីបញ្ចប់សវនាការថា បើយោយតាមអង្គហេតុ និងអង្គច្បាប់ អ្នក​ទាំង​១១នាក់នោះ នឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ តែបើពាក់ព័ន្ធនឹងរឿងនយោបាយ អ្នកទាំង​១១នាក់នោះនឹងមិនត្រូវបានដោះលែងឡើយ។

លោកបានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃទី២៦ ខែមករា ខាងមុខនេះ សាលាឧទ្ធណ៍នឹងប្រកាសសាលក្រម​លើក​លែងចោទ និងដោះលែងអ្នកទាំង១១នាក់ ឲ្យមានសេរីភាពឡើងវិញ ស្របតាមអង្គហេតុ និងអង្គច្បាប់។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «មើលលើភស្តុតាង លើអង្គហេតុ អង្គច្បាប់ លើចេតនា ឬព្យសនកម្ម គ្មានអ្វី​កើតឡើង ហើយក៏គ្មានបទល្មើសទាំងអស់កើតឡើងដែរ។»

សូមរំលឹកថា កាលថ្ងៃទី១០ វិច្ឆិកា ២០១៤ អតីតព្រះសង្ឃ១អង្គ និងស្ត្រីបឹងកក់១០នាក់ សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ឃុំ ១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ២លានរៀល ពីបទបិទផ្លូវសាធារណៈ និង​រំខានការងាររបស់មន្ត្រីរាជការសាធារណៈ។ ព្រោះតែពួគេនាំគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បី​ទាមទារឲ្យអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយរឿងទឹកលិចផ្ទះនៅតំបន់បឹងកក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...