ត្រូវដោះលែងយ៉ោម បុប្ផា ដោយគ្មានលក្ខខ័ណ្ឌ បើតាមអង្គការអន្តរជាតិ
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: November 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្ដងទៀត អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International បានចេញសេចក្ដីអំពាវនាវ ឲ្យមានការដោះលែងឲ្យមានសេរីភាពជាបន្ទាន់ និងដោយគ្មានលក្ខខ័ណ្ឌ សកម្មជនដីធ្លីមួយរូបអ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ យ៉ាង«អយុត្តិធម៌»។ សេចក្ដីអំពាវនាវនេះ បានចេញផ្សាយកាលពីថ្ងៃទី០៧ខែវិច្ឆិកាកន្លងទៅនេះ នៅមុនតែពីរសប្ដាហ៍ប៉ុណ្ណោះ នៃសវនាការកាត់ទោសរបស់តុលាការកំពូល ក្នុងប្រទេសកម្ពុជា ដែលនឹងត្រូវបើកធ្វើនៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខ។
កូនប្រុសអ្នកស្រី យោម បុប្ផា និងអ្នកភូមបឹងកក់ ដែលទាមទារឲ្យគេដោះលែងម្ដាយខ្លួន នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)
សិទ្ធិលំនៅដ្ឋាន - អង្គការលើកលែងទោសអន្តរជាតិ បានហៅអ្នកស្រីយ៉ោម បុប្ផា ថាជាសកម្មជន ដើម្បីសិទ្ធិលំនៅដ្ឋាន មកពីសហគមន៍បឹងកក់កណ្ដាលរាជធានីភ្នំពេញ។ អង្គការអន្តរជាតិ បាននិយាយថា អ្នកស្រីបានជាប់ទោសដោយសារតែអ្នកស្រីបានធ្វើសកម្មភាពតវ៉ា មិនចេះនឿយហត់ដើម្បីជាប្រយោជន៍ដល់សហគមន៍របស់អ្នកស្រី និងជាប្រយោជន៍នៃការគោរពសិទ្ធិលំនៅដ្ឋាន នៅប្រទេសកម្ពុជា។ តែផ្ទុយទៅវិញ អ្នកស្រី យ៉ោម បុប្ផា បានត្រូវតុលាការសាលាដំបូងកាត់ទោសឲ្យជាប់ពន្ទនាគារ ក្រោមបទចោទប្រកាន់«មិនទំនង»មួយថា អ្នកស្រីជាអ្នកនៅពីក្រោយ នៃការវាយតប់ឲ្យរបួសអ្នករត់ម៉ូតូឌុបពីរនាក់។
អង្គការអន្តរជាតិ បានបរិហារទៀតថា អ្នកស្រីត្រូវបានផ្ដន្ទាទោស ដោយសវនាការមួយដែលគ្មានយុត្តិធម៌ត្រឹមត្រូវ គ្មានទាំងភស្ដុតាងសម្រាប់ដាក់បន្ទុក នោះទៅទៀត។ ការដាក់ពន្ធនាគារ ដែលចេញពីសវនាការ«ផ្លែល្វា» បានធ្វើឲ្យអ្នកស្រីឃ្លាតឆ្ងាយ ពីកូនប្រុសម្នាក់អាយុទើបតែ១០ឆ្នាំ និងស្វាមីកំពុងមានជម្ងឺរបស់អ្នកស្រី។
«អ្នកស្រី យ៉ោម បុប្ផា ជាអ្នកទោសសម្បជញ្ញៈ ហើយមូលហេតុដែលឈានទៅដល់ការចាប់ខ្លួនអ្នកស្រី គឺដោយសារតែអ្នកស្រីជាសកម្មជនដោយអហឹង្សា ក្នុងបុព្វហេតុការពារសិទ្ធិ នៃសហគមន៍អ្នកភូមិបឹងកក់» នេះជាការអះអាងរបស់អង្គការដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្រៅពីសេចក្ដីអំពាវនាវនេះ អង្គការអន្តរជាតិ ក៏បានរៀបចំឲ្យមានជា ញ្ញត្តិដើម្បីទទួលហត្ថលេខាគាំទ្រផងដែរ ពីសំណាក់បណ្ដាអ្នកស្រឡាញ់យុត្តិធម៌ និងយល់ពីបុព្វហេតុនៃអ្នកភូមិបឹងកក់ ក្នុងគោលបំណងដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាថ្មី ដើម្បីជួយធ្វើអន្តរាគមន៍លើបញ្ហា អ្នកស្រី យ៉ោម បុប្ផា។ ញ្ញត្តិគាំទ្រនោះ អាចរកចុះហត្ថាលេខាបាន នៅលើបណ្ដាញអាំងធើណែត ដោយចុចលើទីនេះ។
សេចក្ដីអំពាវនាវរបស់ អង្គការការពារសិទ្ធិមនុស្សរបស់ល្បីឈ្មោះមួយនេះ បានធ្វើឡើងនៅពីរសប្ដាហ៍មុន ថ្ងៃបើកសវនាការនៃតុលាការកំពូលក្នុងប្រទេសកម្ពុជា នៅថ្ងៃ២២ខែវិច្ឆិកាខាងមុខ។ កាលពីថ្ងៃ២៦ខែមិនាឆ្នាំ២០១៣ តុលាការកំពូលបានច្រានចោលម្ដងហើយ នូវបណ្ដឹងសារទុក្ខទាមទារឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា នៅក្រៅឃុំ តែនៅក្រោមលក្ខខ័ណ្ឌ។ ការសម្រេចច្រានចោលនេះ បានធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយការប្រកាសជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជាដ៏មានអំណាច លោក ហ៊ុន សែន ដែលបានលើកឡើងថា អ្នកស្រី យ៉ោម បុប្ផា មានទោស៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ