អាមេរិក និងអ៊ីស្ត្រាអែល អស់សិទ្ធិបោះឆ្នោត នៅអ៊ុយណេស្កូ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្ត្រាអែល បានអស់សិទ្ធិជាស្វ័យប្រវត្តិនៅថ្ងៃសុក្រទី៨ខែវិច្ឆិកានេះ ក្នុងការបោះឆ្នោតនៅអង្គការវប្បធម៌អន្តរជាតិ ហៅកាត់ថា «អ៊ុយណេស្កូ (Unesco)»។ សិទ្ធិបោះឆ្នោត ដែលត្រូវបានកាត់ចេញនៅពេលដែលប្រទេសសាមី មិនបានបង់វិភាគទានទៅឲ្យអង្គការនេះ តាំងពីរឆ្នាំមកហើយ បន្ទាប់ពីអង្គការអន្តរជាតិ បានទទួលយករដ្ឋប៉ាឡេស្ទីន ឲ្យចូលជាសមាជិករបស់ខ្លួន។
មហាសន្និបាតរបស់អង្គការអ៊ុយណេស្កូ ដែលធ្វើចុងសប្ដាហ៍ទីមួយនៃខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)
វប្បធម៌ - ប្រភពមួយដែលស្និតនឹងសំនុំរឿងនៅក្នុងអង្គការអ៊ុយណេស្កូ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា «នៅក្នុងបញ្ជីនៃប្រទេសដែលនឹងអស់សិទ្ធិបោះឆ្នោត មានសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្ត្រាអែល»។
ប្រភពដែលសុំលាក់មិនបញ្ចេញឈ្មោះនោះ បានបន្តទៀតថា «ប្រទេសទាំងពីរនេះ នៅមិនទាន់បានបង្ហាញពីឯកសារណាមួយ ដើម្បីឈានទៅបញ្ជៀស នូវការដកសិទ្ធិបោះឆ្នោតនោះនៅឡើយ»។ ប្រភពបានយោងទៅលើអវត្តមាននៃកិច្ចសន្យា ដែលនឹងផ្ដល់វិភាគទានមកឲ្យអង្គការអ៊ុយណេស្កូ ដោយប្រទេសទាំងពីរនោះ នឹងធ្វើឲ្យប្រទេសខ្លួនលែងមានសិទ្ធិតទៅទៀត ក្នុងការបោះឆ្នោតសម្រេចអ្វីមួយ នៅអង្គការអន្តរជាតិ ជំនាញខាងវប្បធម៌ វិទ្យាសាស្ត្រនិងការអប់រំមួយនេះ។
ប្រទេសអាមេរិក និងប្រទេសអ៊ីស្ត្រាអែល បានផ្អាកឈប់ផ្ដល់ថវិកាឲ្យអង្គការវប្បធម៌ដ៏កំពូលនេះ បន្ទាប់ពីអង្គការនេះ បានបោះឆ្នោតសម្រេចទទួលរដ្ឋប៉ាឡេស្ទីន ជាសមាជិកទី១៩៥របស់ខ្លួន កាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១១កន្លងទៅ។
វិបត្តិហិរញ្ញវត្ថុ
ការផ្អាកឈប់ផ្ដល់វិភាគទានរបស់សហរដ្ឋអាមេរិក បានបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុមួយ នៅក្នុងប្រព័ន្ធគ្រប់គ្រងនៃអង្គការនេះ ដែលមានការធ្លាក់ចុះ ប្រមាណជា២២ភាគរយនៃថវិកាទាំងអស់ គិតជាសាច់ប្រាក់ ធ្លាក់ពី ៦៥៣ មក ៥០៧លានដុល្លា។ ដើម្បីទប់ទល់នឹងខ្ទង់ថវិកាដែលខ្លួនមានសព្វថ្ងៃនេះ បុគ្គលិកប្រមាណជាង៣០០នាក់ នឹងត្រូវបាត់បង់ការងារ។ នៅឆ្នាំ២០១២ អង្គការ អ៊ុយណេស្កូ បានផ្ដល់ការងារទៅឲ្យមនុស្សច្រើនជាង ១២០០នាក់ នៅទីស្នាក់កណ្ដាលរបស់ខ្លួន ប្រចាំនៅទីក្រុងប៉ារីស និង៩០០នាក់ផ្សេងទៀត នៅជុំវិញពិភពលោក។
តែបើទោះជាមានការលំបាកបែបនេះក៏ដោយ អគ្គនាយិកានៃអង្គការនេះ លោកស្រី អៀរីណា ប៊ូកូវ៉ា (Irina Bokova) ដែលមានសញ្ជាតិប៊ុលហ្គារីនោះ និងបានទទួលជោគជ័យក្នុងការតម្លើង ៧៥លានដុល្លា ចូលក្នុងខ្ទង់ថវិការអង្គការនោះ បានត្រូវសមាជិកនៃអង្គការ បោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងឡើងវិញ កាលពីដើមខែតុលាកន្លងទៅ។
ប្រភពខាងលើដដែលបានថ្លែងឲ្យដឹងទៀតថា «បញ្ជីប្រទេសដែលនឹងអស់សិទ្ធិបោះឆ្នោត ទំនងជានឹងត្រូវប្រកាស ក្នុងមហាសន្និបាតរបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ទី០៩ខែវិច្ឆិកានេះ»។ សូមបញ្ជាក់ថា អង្គការអ៊ុយណេស្កូ ជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងវប្បធម៌ វិទ្យាសាស្ត្រ និងការអប់រំ៕
-----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ