ប្រទេសទួរគីបើកស្ថានទូតនៅកម្ពុជា ជាការទទួលស្គាល់រដ្ឋាភិបាល?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាធារណរដ្ឋទួរគី បានបើកស្ថានទូតរបស់ខ្លួន ប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកាកន្លងមក។ លិខិតមួយរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី បានហៅព្រឹត្តិការណ៍ថ្មីនេះ ថាដើម្បីជម្រុញឲ្យកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គឺជាភាពជោគជ័យមួយទៀត ខាងវិស័យការទូតរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យក្រសួងការបរទេសកម្ពុជា មានឱកាសយកព្រឹត្តិការណ៍នៃការបើកស្ថានទូតនេះ មកភ្ជាប់នឹងការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ខែកក្កដា។
លោក អាហ្វម៉េត ដាហ្គូតូគ្លូ (កណ្ដាល) រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី នៅក្នុងសន្និសិទស្តីពីការអន្តរកម្ម និងវិធានសាងទំនុកចិត្តក្នុងតំបន់អាស៊ី ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៣ ដេលមានប្រទេសកម្ពុជាចូលរួមដែរ។ (រូបថត cicaistanbul.org)
ការទូត - នៅក្នុងលិខិតអបអរសាទរមួយ ក្នុងឱកាសបុណ្យឯករាជ្យជាតិនៃប្រទេសកម្ពុជា របស់លោក អាហ្វម៉េត ដាហ្គូតូគ្លូ (Ahmet Davutoglu) រដ្ឋមន្ត្រីក្រសួងការបរទេសទួរគី ផ្ញើជូនលោក ហោ ណាំហុង រដ្ឋមន្ត្រីនៃក្រសួងការបរទេសកម្ពុជា បាននិយាយថា ឯកអគ្គរដ្ឋទូតទីមួយ នៃប្រទេសទួរគី បានចាប់ផ្ដើមបំពេញបេសកកម្មការងារទូត របស់ខ្លួន ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា កន្លងមកនេះ។ នៅក្នុងសារលិខិតដែលសរសេរពីទីក្រុងអង់ការ៉ា នៃប្រទេសទួរគី ថុះថ្ងៃទី៩ខែវិច្ឆិកានេះ លោក អាហ្វម៉េត បានសរសេរបន្តទៀតថា «ការបើកស្ថានទូត ដែលមាននិវេសនដ្ឋាន នៅទីក្រុងភ្នំពេញរបស់យើង មុខជានឹងជម្រុញឡើងថែមទៀត ចំពោះទំនាក់ទំនងជាមិត្តភាពដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាផលប្រយោជន៍របស់ប្រជាជាតិយើងទាំងពីរ»។
ការបើកស្ថានទូតក្នុងប្រទេសកម្ពុជា នៃប្រទេសណាក៏ដោយ ច្បាស់ជាបានបង្ហាញពីទំនាក់ទំនងដ៏ល្អមួយ រវាងប្រទេសនោះ និងប្រទេសកម្ពុជា ហើយវាក៏នឹងច្បាស់ជានាំមក នូវផលប្រយោជន៍ទាំងសងខាងនោះដែរ។ ការដាក់ទូតនៅក្នុងប្រទេសកម្ពុជា នោះទៀតសោធ ក៏ជាការសម្ដែងឲ្យឃើញ ពីការគាំទ្រនូវរបបនយោបាយក្នុងប្រទេសកម្ពុជា ពីសំណាក់ប្រទេសនោះដែរ ជាពិសេសរបបដឹកនាំដែលបានយករដ្ឋធម្មនុញ្ញជាគោល។ ប៉ុន្តែអ្វីដែលក្រសួងការបរទេសកម្ពុជា បានយកព្រឹត្តិការណ៍នៃការបើកស្ថានទូតរបស់ប្រទេសទួរគី មកថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននោះ គឺការភ្ជាប់ការដាក់ចំណងទូតរបស់បរទេស ទៅនឹងការបោះឆ្នោតសកលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះក្នុងថ្ងៃដដែល បានសរសេរថា «ក្រោយពីការបោះឆ្នោតជាសកល បានប្រព្រឹត្តិទៅ"ប្រកប"ដោយរលូន ប្រជាធិបតេយ្យ សេរី និងយុត្តិធម៌នៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ សាធារណរដ្ឋទួរគី បានសម្រេចបើកស្ថានទូតអចិន្ត្រៃយ៍នៅទីក្រុងភ្នំពេញ (...)»។ ឃ្លានេះត្រូវបានទីភ្នាក់ងារសាព័ត៌មានចិន ស៊ីនហួរ (Xinhua) ដកស្រង់យកទៅផ្សព្វផ្សាយបន្ត ដែលធ្វើឲ្យព្រឹត្តិការណ៍នៃការបើកស្ថានទូតរបស់ប្រទេសទួរគី និងការបោះឆ្នោតសកល ថ្ងៃទី២៨ខែកក្កដា ដោយទីក្រុងអង់ការ៉ា មានភាពទាក់ទងគ្នាកាន់តែខ្លាំងឡើង។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានព្យាយាមស្វែងរកការពន្យល់មួយ ពីស្ថានទូតនៃប្រទេសទួរគីដែលទើបតែបើកថ្មី នៅព្រលប់ថ្ងៃទី៩ខែវិច្ឆិកានេះ តែគ្មានការឆ្លើយតបទេ។ ប៉ុន្តែអតីតមន្ត្រីមួយរូប ពីក្រសួងការបរទេសកម្ពុជា ដែលរស់នៅក្នុងប្រទេសបារាំងសព្វថ្ងៃ បាននិយាយថា នេះអាចជាកាយវិការដ៏ពិតមួយ ដែលប្រទេសទួរគីអាចទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុន សែនសព្វថ្ងៃ ឬគិតថាការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា មានភាពត្រឹមត្រូវយុត្តិធម៌។ ប៉ុន្តែអតីតមន្ត្រីអ្នកការទូត ដែលបកស្រាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានបន្តទៀតថា ក្នុងបរិបទនេះទោះចង់មិនចង់ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ ច្បាស់ជាយកព្រឹត្តិការណ៍នៃការបើកស្ថានទូតនេះ មកធ្វើអាជីវកម្ម ដើម្បីចំណេញខាងនយោបាយក្នុងប្រទេស ហើយប្រកាសប្រាប់គេឯងថា រដ្ឋាភិបាលដែលកើតចេញពីសភាឯកបក្សកាលពីពេលថ្មីៗនេះ មានសភាព«ស្របច្បាប់»គ្រប់លក្ខណៈ។
មន្ត្រីដែលធ្លាប់កាន់តំណែងធំគួរសម នៅក្នុងក្រសួងការបទេសកម្ពុជារូបនេះ បានថ្លែងពន្យល់ឲ្យដឹងទៀតថា ការបើកស្ថានទូតរបស់ប្រទេសមួយ ជាការរឹតចំណងមេត្រីភាព រវាងប្រទេសនោះនិងប្រទេសជាម្ចាស់ផ្ទះ រវាងរដ្ឋនិងរដ្ឋ រវាងប្រជាជននិងប្រជាជន ដូចមាននៅក្នុងសម្ដីរបស់លោករដ្ឋមន្ត្រីការបរទេសនៃប្រទេសទួរគី យ៉ាងដូច្នេះ។ ផ្ទុយទៅវិញ គេមិនត្រូវនិយាយថា វាជាការភ្ជាប់ទំនាក់ទំនងការទូតរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនោះទេ ព្រោះនៅក្នុងប្រទេសប្រជាធិបតេយ្យ ដូចទួរគី និងកម្ពុជា រដ្ឋាភិបាលអាចធ្វើការផ្លាស់ប្ដូរ ដោយការបោះឆ្នោត។
អតីតមន្ត្រីបានសង្កត់ធ្ងន់ថា «ឯកអគ្គរដ្ឋទូតដែលតំណាងឲ្យប្រទេសនោះ គេយកសារតាំងពីប្រមុខរដ្ឋរបស់គេ ទៅថ្វាយព្រះមហាក្សត្រកម្ពុជា ដែលតំណាងឲ្យប្រទេសនិងប្រជាជនកម្ពុជាទាំងមូល តែគេអត់បានយកទៅប្រគល់ជូនលោក ហ៊ុន សែន ឬលោក ហោ ណាំហុងនោះទេ បើទោះជាមានការចូលជួបសម្ដែងការគួរសម ឬការផ្ញើរលិខិតទាក់ទងគ្នាក៏ដោយ។ លោក ហ៊ុន សែន ឬលោក ហោ ណាំហុង គ្រាន់តែជាតំណាងឲ្យនិតិប្រតិបត្តិ ដែលមកកាន់អំណាចតាមអាណត្តិប៉ុណ្ណោះ។ ម្យ៉ាងទៀត ប្រសិនបើរបបរដ្ឋកម្ពុជា ឬសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅបន្តរហូតដល់សព្វថ្ងៃនេះ សួរថាតើបរទេសទាំងនោះ ក្រៅពីវៀតណាម ឡាវ ចិន ... នឹងមកដាក់ទូតនៅស្រុកខ្មែរឬទេ?»
-----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ