ធម្មិកោ៖ បក្សប្រជាជនយកបុណ្យឯករាជ្យជាតិ ជាបុណ្យបក្សរបស់ខ្លួន
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: November 10, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់ព្រះបាទ នរោត្តម សីហនុ បានបដិសេធមិនចូលរួមក្នុងពិធីរម្លឹកខួបលើកទី ៦០ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ដែលរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើ យ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញនេះទេ។ មូលហេតុដែលព្រះអង្គមិនចូលរួម ដោយសារថា ទ្រង់មិនពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលចូលចិត្តយកសមិទ្ធផលរបស់ព្រះមហាវីរក្សត្រធ្វើជារបស់ខ្លួន។ ព្រះអង្គបានចាត់ទុកបុណ្យនេះថា ជាបុណ្យរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ខែមេសា។
រាជធានីភ្នំពេញ - បើទោះបីជាមានលិខិតអញ្ជើញពីគណកម្មាធិការរៀបចំបុណ្យជាតិ ឲ្យចូលរួមប្រារព្ធពិធីរម្លឹក ៦០ ឆ្នាំនៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា នេះក៏ដោយ ក៏ខ្សែរាជវង្សមួយអង្គដែលតែងមាននិន្នាកាប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបដិសេធមិនចូលរួមនៅក្នុងពិធីនេះឡើយ។ ហេតុផលចម្បងដែលមិនចូលរួម ត្រូវបានទ្រង់ធម្មិកោ អះអាងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថា ព្រោះកន្លងមកទ្រង់តែងតែបដិសេធ និងប្រឆាំងជាដាច់ខាតចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកសមិទ្ធផលនិងស្នារព្រះហស្ថរបស់អង្គសម្តេចឪ យកមកក្លែងធ្វើជារបស់ខ្លួនឯងជានិច្ច ដើម្បីកេញចំណេញប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលបន្តថា សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជាបែបនេះ ទ្រង់មិនអាចទទួលយកបាននោះទេ។ ទ្រង់ថា ប្រសិនបើព្រះអង្គចូលរួមនៅក្នុងពិធីនេះ គឺមានន័យស្មើនឹងទ្រង់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលលោកមិនគំាទ្រនោះទេ។ ខ្សែរាជវង្សអង្គនេះ បានគួសបញ្ជាក់ទៀតថា «ពិធីបុណ្យឯករាជ្យជាតិនេះ មិនមែនជាពិធីបុណ្យជាតិឡើយ តែពិធីបុណ្យរបស់គណបក្សប្រជាជនកម្ពុជាទៅវិញ»។
ជុំវិញបញ្ហានេះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងសុំការបកស្រាយបាននោះទេនៅថ្ងៃនេះ។ ក៏ប៉ុន្តែនាពេលកន្លងមកមន្រ្តីគណបក្សប្រជាកម្ពុជា តែងតែអះអាងថា ខ្លួនធ្វើសកម្មភាពនិងរៀបចំពិធីបុណ្យជាតិនានា ជាពិសេសគឺកសាងរូបសំណាក់សម្តេចឪនាពេលកន្លងមក គ្មានគោលបំណងចង់កេញចំណេញនយោបាយ ឬចាត់ទុកជាពិធីបុណ្យរបស់គណបក្សប្រជាជនកម្ពុជានោះទេ គឺធ្វើឡើងដើម្បីជាការដឹងគុណ និងផលប្រយោជន៍សម្រាប់ប្រទេសជាតិតែប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃដែលសម្ពោធរូបសំណាករបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះអង្គម្ចាស់ធម្មិកោ ក៏បានរិះគន់ចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ផងដែរ ដោយព្រះអង្គបានចាត់ទុកការកសាងរូបសំណាកសម្តេចឪដោយរដ្ឋាភិបាលកម្ពុជាថា គឺលោក ហ៊ុន សែន មានបំណងកេញចំណេញនយោបាយឲ្យប្រជាជនដឹងគុណគណបក្សប្រជាជន តាមរយៈប្រជាប្រិយភាពរបស់អតីតព្រះមហាក្សត្រកម្ពុជា។
សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទខាងលើឡើងវិញ ដោយចុចនៅទីនេះ។
នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ប្រទេសកម្ពុជាបានរៀបចំពិធីរម្លឹកខួប ៦០ ឆ្នាំ នៃថ្ងៃទទួលបានឯករាជ្យជាតិ។ នៅក្នុងទីក្រុងភ្នំពេញរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវទិវានេះ យ៉ាងឱឡារិក ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា រួមមានលោក ហ៊ុន សែន ជាដើម។
ដោយឡែកនៅក្នុងពិធីបុណ្យជាតិដ៏គគ្រឹកគ្រេងនេះ អ្នកតំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្គ្រោះជាតិទាំងអស់ គ្មានមុខចូលរួមនៅក្នុងពិធីនោះឡើយ។ គ្មានមុខត្រូវបានលោក យ៉ែម បុញ្ញរិទ្ធ អ្នកនាំពាក្យគណបក្សប្រឆាំងអះអាងថា ដោយសារគណកម្មការរៀបចំបុណ្យជាតិ មិនអញ្ជើញឲ្យចូលរួម។ ជាការកត់សម្គាល់ដែរថា ទិវាឯករាជ្យជាតិនៅឆ្នាំនេះ បានធ្វើឡើងជួនចំប្រទេសកម្ពុជាកំពុងតែជួបប្រទះនូវវិបត្តិនយោបាយ ដែលមិនទាន់អាចដោះស្រាយបាននោះទេ មកទល់ពេលនេះ៕
--------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ