បវរកញ្ញាវេណេហ្សុយអេឡា ជាប់ជាបវរកញ្ញាចក្រវាឡ២០១៣ (Pic)
តំណែងជាបវរកញ្ញាចក្រវាឡ លើកពី៦២ឆ្នាំ២០១៣នេះ បានធ្លាក់ទៅលើនាងបវរញ្ញាមកពីប្រទេស វេណេហ្សុយអេឡា នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ (Gabriela Isler) នៅក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ទី ០៩ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ នៅទីក្រុងម៉ូស្គូ ដែលទើបនឹងទទួលរៀបចំការប្រកួតនេះជាលើកដំបូង។
បវរកញ្ញាសកលលោកឆ្នាំមុន ឡើងមកបំពាក់ម្កុដឲ្យបវរកញ្ញាដែលជាប់តំណែងថ្មី នាងហ្គាប្រ៊ីអេឡា អ៊ីស្ល័។ (រូបថត AFP)
ប្រលងបវរកញ្ញា - ម្កុដពេជ្រ តំណាងឲ្យតំណែងជាបវរកញ្ញាចក្រវាឡឆ្នាំនេះ ត្រូវបានពាក់ទៅឲ្យបវរកញ្ញាមកពីប្រទេសវេណេហ្សុយអេឡា អាយុ២៥ឆ្នាំ ដែលជាពិធីការិនីប្រចាំឲ្យស្ថានីយទូរទស្សន៍មួយផង ដោយបវរកញ្ញាឆ្នាំមុន នាង អូលីវៀ ខាលប៉ូ (Olivia Culpo) ដែលមានសញ្ជាតិអាមេរិកាំងនោះ។ ជាការប្រកួតប្រចាំឆ្នាំមួយដ៏ធំ រៀបចំជាលើកដំបូង នៅទីក្រុងម៉ូស្គូប្រទេសរ៉ូស្សី ដែលមានបេក្ខនារីចូលរួម៨៦នាក់។ នៅក្នុងចំណោមមេប្រយោគទាំងអស់ មានមេប្រយោគម្នាក់ ជាអ្នកចម្រៀងមួយរូប នៃក្រុម អែរ៉ូស្មីត (Aerosmith) លោក ស្ទែវេន ថាយល័រ (Steven Tyler)។
កម្មវិធីនេះ រៀបចំនៅក្នុងមហាស្រពសម្រាប់ការប្រគុំតន្ត្រីដ៏ធំមួយ កណ្ដាលទីក្រុងម៉ូស្គូ ឈ្មោះក្រូគ័ស ស៊ីធីហ័ល (Crocus City Hall) ដែលមានមនុស្សច្រើនជាង២ពាន់លាននាក់ ក្នុងពិភពលោក ទស្សនាការផ្សាយបន្តផ្ទាល់ពីទីនោះ។ ពិធីករជាតិអាមេរិក លោក ថូម៉ាស រ៉ូប៊ើរ (Thomas Roberts) រួមនឹងអតីតតារាចម្រៀង ស្ប៉ាយហ្គើល (Spice Girl) នាងមែលប៊ី (Mel B) បានឧទ្ទិសកម្មវិធីយប់នេះ ទៅឲ្យជនរងគ្រោះដោយព្យុះមហាសមុទ្រ នៅកោះហ្វីលីពីន។ ពិធីករនិយាយថា «សេចក្ដីទន្ទឺងគិតរបស់យើងនៅជាមួយអ្នក (ជនរងគ្រោះនៅហ្វីលីពីន)។ យើងសូមឧទ្ទិស នូវផ្ទាំងទស្សនីយភាពយប់នេះ ជូនទៅឲ្យអ្នក។»
បេក្ខនារីទាំង៨៦ បានបង្ហាញខ្លួនក្នុងឈុតដំបូង ជាសំពត់រ៉ូបពណ៌ក្រហម និងខ្មៅ មុននឹងប្ដូរទៅរកឈុតខ្លី ឬឈុតងូតទឹក។ នៅទីបញ្ចប់ មេប្រយោគបានសម្រេចជ្រើសរើសយកបេក្ខនារីតែ១៦នាក់ប៉ុណ្ណោះ មកដាក់ប្រកួតផ្ដាច់ព្រ័ត្រ។ បវរកញ្ញារ៉ូស្សី ដែលតំណាងឲ្យម្ចាស់ផ្ទះ ត្រូវបានគេជម្រុះចោលទៅពេលនោះ ដែលធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់នឹងកន្លែង ស្រែកតវ៉ាយ៉ាងទ្រហឹងអឺងអាប់៕
សូមទស្សនារូបភាព របស់បវរកញ្ញាចក្រវាឡលើកពី៦២ ជាប់តំណែងថ្មី នាង ហ្គាប្រ៊ីអេឡា អ៊ីស្ល័ ដូចតទៅ៖
សូមទស្សនាវីដេអូ ពីការប្រកាសចុងក្រោយ និងការបំពាក់ម្កុដឲ្យបវរកញ្ញាជាប់តំណែងថ្មី៖
------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ