អ្នកវិភាគ៖ សម្ដីហោ ណាំហុង មិន​ខ្វល់​នឹង​ការ​កាត់​ជំនួយ​អាមេរិក មិន​មែន​ជា​«មតិខ្មែរ»​ទាំង​មូល

រដ្ឋាភិបាលកម្ពុជាមិនបានសម្តែងការព្រួយបារម្ភ ពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនោះទេ បើទោះជា​សហរដ្ឋ​អាមេរិកបានព្រមានថានឹងអនុវត្តន៍ការកាត់បន្ថយនេះ នៅក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ នេះជា​ការថ្លែងបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយចាត់ទុកថា កម្ពុជាមាន«អធិបតេយ្យ»របស់ខ្លួន។ តែ​សម្រាប់អ្នក​វិភាគ បានឆ្លើយតបវិញថា គំនិតនេះមិនមែនជា«មតិ» នៃប្រជាជាតិខ្មែរទាំងមូលទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: July 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលកម្ពុជាមិនបានសម្តែងការព្រួយបារម្ភ ពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនោះទេ បើទោះជា​សហរដ្ឋ​អាមេរិកបានព្រមានថានឹងអនុវត្តន៍ការកាត់បន្ថយនេះ នៅក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ នេះជា​ការថ្លែងបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសកម្ពុជា ដោយចាត់ទុកថា កម្ពុជាមាន«អធិបតេយ្យ»របស់ខ្លួន។ តែ​សម្រាប់អ្នក​វិភាគ បានឆ្លើយតបវិញថា គំនិតនេះមិនមែនជា«មតិ» នៃប្រជាជាតិខ្មែរទាំងមូលទេ។


លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃព្រហស្បត្តិ៍ទី ១៥វិច្ឆិកា ឆ្នាំ២០១២។ រូបថត MONOROOM.info/​Phnom Thom។

កាលពីថ្ងៃអង្គារ៍ម្សិលមិញ តំណាងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)និងឃ្លាំមើលការបោះឆ្នោតបួនរូប បានឡើងបកស្រាយ នៅមុខគណៈកម្មាធិការសភាកិច្ចការបរទេសអាមេរិក ដោយលើកយកបញ្ហាសង្គម និងនយោបាយ កំពុងកើតឡើងនៅកម្ពុជា និងជំរុញឲ្យអាមេរិក ចាត់វិធានការតឹងរ៉ឹងលើកម្ពុជា។

ហើយនៅព្រឹកថ្ងៃទី១០ខែកក្កដានេះ នៅក្រសួងការបរទេសកម្ពុជា បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខាមួយ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានថ្លែងទៅកាន់អ្នកសារពត៌មានថា៖ «សហរដ្ឋអាមេរិក ជួយ ឬមិនជួយ វាជារឿង​របស់អាមេរិក ជាសិទ្ធរបស់អាមេរិក ប៉ុន្តែកម្ពុជា ជាប្រទេសឯករាជ្យ អធិបតេយ្យ ចង់អ្នកណាថាអីថាចុះ ប៉ុន្តែសិទ្ធិសម្រេច​របស់កម្ពុជា»។

គេសង្កេតឃើញថា មានមូលហេតុមួយចំនួន ដែលជំរុញឲ្យសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលអាមេរិក​ដាក់សម្ពាធ​លើ​រដ្ឋាភិបាលកម្ពុជា រួមមាន បញ្ហាសិទ្ធិមនុស្ស ដំណើរការបោះឆ្នោតនៅកម្ពុជា កំណែទម្រង់គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត និងករណីលោក សម រង្សីជាដើម។ ប៉ុន្តែបញ្ហាទាំងនេះ តែងតែត្រូវបានច្រានចោល ដោយរដ្ឋាភិបាលកម្ពុជា ហើយអះអាងថា កម្ពុជាកំពុង់ដើរលើផ្លូវត្រូវ និងអនុវត្តតាមច្បាប់របស់ខ្លួន ដូចច្នេះមិនត្រូវមានការជ្រៀតជ្រែក ក្នុងកិច្ចការ​ផ្ទៃក្នុងរបស់កម្ពុជាឡើយ។

សូមរំលឹកថា លោក សម រង្សី ជាប្រធានបក្សប្រឆាំងធំជាងគេនៅកម្ពុជា កំពុងប៉ុនប៉ងត្រលប់ចូលប្រទេសកម្ពុជាវិញ ដើម្បី​ចូលរួមការបោះឆ្នោត ខណៈដែលលោកជាប់ពិរុទ្ធក្នុងបទចោទប្រកាន់ក្លែងលិខិតសាធារណៈ និងបញ្ហាព្រំដែន​ដ៏ចម្រូង​ចម្រាស ដែលឲ្យលោកជាប់ពន្ធនាគារ១២ឆ្នាំ។

ការកាត់ទោស មេបក្សប្រឆាំងនេះ ត្រូវបានសហគមន៍អន្តរជាតិ បដិសេធមិនទទួលស្គាល់ ដោយចាត់ទុកថាជារឿង​នយោបាយ ស្របពេលដែលរដ្ឋាភិបាល បានព្រមានថា នឹងចាប់ខ្លួនគាត់ភ្លាម ប្រសិបើគាត់ជាន់ដីកម្ពុជា។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគឯករាជ្យបានថ្លែង នៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ការលើកឡើងរបស់ លោក ហោ ណាំហុង វាមិនបានឆ្លុះបញ្ចាំងអំពីមតិប្រជាជាតិខ្មែរទាំងមូលនោះទេ។

លោក បន្តថា៖ «ការធ្វើដូចនេះ វានឹងប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា បើនិយាយក្នុងលក្ខខណ្ឌប្រជាធិបតេយ្យ វាបាន​បង្ហាញឲ្យពិភពលោកឃើញថា កម្ពុជាកំពុងដើរថយក្រោយ»។ លោកបន្ថែមថា ប្រសិនបើប្រទេសមួយត្រូវដាក់ទណ្ឌកម្ម ដោយមហាអំណាចប្រជាធិបតេយ្យ វានឹងធ្វើឲ្យប្រទេសនោះ បាត់បង់នូវភាពស្របច្បាប់ និងការទទួលស្គាល់ពី​សហគមន៍​អន្តរជាតិ។»

ដោយឡែក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស នៅព្រឹកនេះ ក៏បានលើកឡើងដែរថា មានសមាជិកសភា​អាមេរិក​តែ​ពីរបីនាក់ប៉ុណ្ណោះ ដែលមានគម្រោងដាក់សម្ពាធ និងជំរុញរដ្ឋាភិបាលអាមេរិច ឲ្យកាត់បន្ថយជំនួយមកកម្ពុជា ដោយពួកគេមិនតំណាងឲ្យសហរដ្ឋអាមេរិកទាំងមូលនោះឡើយ។

ក្នុងករណីកាត់បន្ថយជំនួយនេះ លោកសេដ្ឋវិទូ កង ចាន់ដារារ័ត្ន បានពន្យល់ថា៖ «ប្រសិនបើជំនួយត្រូវ​កាត់បន្ថយមែន​នោះ វាជាផលមិនល្អ បើទោះជាកាត់ច្រើន ឬតិច លើវិស័យអ្វីក៏ដោយ ពីព្រោះកម្ពុជាកំពុងចាំបាច់ត្រូវការអភិវឌ្ឍន៍ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធច្បាប់»។ ផ្ទុយទៅវិញ នៅពេលបានជំនួយមក លោកសេដ្ឋវិទូ បានបន្ថែមថា រដ្ឋាភិបាលគួរ​ប្រើប្រាស់ជំនួយនោះ ប្រកបដោយតម្លាភាព។

ការជម្រុញឲ្យមានការកាត់បន្ថយជំនួយមកកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកពីររូប គឺលោក លីនសី ក្រាហាម (Lindsey Graham) និងលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) កាលពីខែមិថុនា បានផ្ញើជាសេចក្តីសម្រេចមួយ ក្នុង​កំណត់ត្រារបស់សភាអាមេរិក ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា ដោយសារ​ស្ថានភាពមិនល្អជាច្រើន ដែលកំពុងកើតឡើងនៅកម្ពុជា។ ការកាត់បន្ថយជំនួយមកកម្ពុជា អាចនឹងត្រូវធ្វើឡើង ប្រសិនបើ​ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយមិនសេរី និងយុត្តិធម៌។ ព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏មានគម្រោងជំរុញ ស្ថាប័ន​ហិញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារអភិវឌ្ឍន៍អភិឌ្ឍន៍អាស៊ី ឲ្យចាត់វិធានការដូចខ្លួនដែរ។

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...