សម រង្សីនឹង«វិលចូល»កម្ពុជាវិញ នៅថ្ងៃទី២០ខែកក្កដា ? ហ៊ុន សែនថា «មិនដឹង»ទេ !
ភ្នំពេញ៖ បើទោះបីជាមានការប្រកាសជាសាធារណៈ តាមប្រព័ន្ធផ្សព្វផ្សាយអំពីកាលវិលត្រឡប់ចូលស្រុកវិញ របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅមុនថ្ងៃបោះឆ្នោតក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឆ្លើយចំពោះអ្នកសារព័ត៌មានជាលើកបំបូង បន្ទាប់ពីលោកប្រកាសឈប់និយាយ ក្នុងកំឡុងពេលឃោសនាបោះឆ្នោតនោះថា លោក«មិនដឹងទេ»។
លោកសមរង្សី នៅមុខតុលាការ កាលពីខែសីហាឆ្នាំ២០០៩។ Tang Chhin Sothy/AFP photo។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានឆ្លើយតបទៅអ្នកសារព័ត៌មាន បន្ទាប់ពីលោកចេញពីពិធីចុះហត្ថលេខាទទួលជំនួយចំនួន ២០០លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ នៅក្រសួងការបរទេសកម្ពុជាព្រឹកថ្ងៃពុធនេះថា៖«ខ្ញុំមិនដឹង»។
ចំណែកឯលោកសម រង្ស៊ី បានអះអាងនៅក្នុងទំព័រផ្លូវការរបស់លោក លើបណ្ដាញគេហទំព័រហ្វេសប៊ុកថា លោកនឹងវិលត្រលប់មកកម្ពុជាវិញមុនថ្ងៃបោះឆ្នោត ហើយលោកនឹងដើរចូលទៅកាន់កន្លែង ដែលរដ្ឋាភិបាលកំណត់ថាជាមន្ទីរឃុំឃាំងលោក ដោយខ្លួនឯង។ ប៉ុន្តែ លោកបានអំពាវនាវដល់អ្នកគាំទ្ររបស់លោក ជៀសវាងភាពចលាចលចំពោះការចាប់ខ្លួនលោកនេះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «មិនចាំបាច់ចាប់ខ្ញុំទេ ខ្ញុំសុខចិត្តដើរចូលក្នុងកន្លែងឃុំឃាំងត្រូវកំណត់ ខ្ញុំនឹងដើរចូលដោយខ្លួនឯង ហើយខ្ញុំសូមអំពាវនាវ ដល់អ្នកដែលស្រលាញ់អបអរសាទរ ការវិលត្រឡប់មកវិញរបស់ខ្ញុំ សូមជៀសវាងដាច់ខាត កុំឲ្យមានអំពើហិង្សា កុំឲ្យមានការតតាំងគ្នាអីទាំងអស់ តឹងតែងអី សូម្បីតែបន្តិចក៏គ្មានដែរ ពីព្រោះខ្ញុំធ្វើនេះដោយស្ម័គ្រចិត្ត ស្ម័គ្រចិត្តមួយរយភាគរយ»។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា នៅពុំទាន់មានការកំណត់ថ្ងៃច្បាស់លាស់ ចំពោះការវិលត្រឡប់មកវិញ របស់លោកសម រង្ស៊ីនៅឡើយនោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «លោកប្រធាននឹងវិលត្រឡប់មកស្រុកវិញ អ្វីដែលគាត់បានប្រសាសន៍ គឺគាត់នឹងវិលមកវិញ ក្នុងពេលឆាប់ៗនេះ»។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់មួយរូបទៀត នៃគណបក្សសង្គ្រោះជាតិ ដែលបានថ្លែងដោយសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា លោកសម រង្ស៊ី នឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី២០ ខែកក្កដា ដោយមានអ្នកគាំទ្ររងចាំទទួលស្វាគមន៍រាប់ពាន់អ្នក នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកបានថ្លែងឲ្យដឹងថា ៖«គណកម្មាធិការអចិន្ត្រៃយ៍របស់បក្ស បានជូបប្រជុំកាលពី យប់ម្សិលម៉ិញរួចហើយ»។
ជាការឆ្លើយតបទៅនឹងការលើកឡើង របស់លោក នាយករដ្ឋមន្ត្រី អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថា ការចាប់ខ្លួន លោក សម រង្ស៊ី គឺជារឿងបុគ្គល ដែលមិនមានផលប៉ះពាល់ ដល់ដំណើរការបោះឆ្នោតឡើយ។ លោកបញ្ជាក់ថា ៖«នគរបាលជាតិកម្ពុជា នឹងអនុវត្តតាមច្បាប់ ចាប់ខ្លួន ប្រធានគណបក្សប្រឆាំងរូបនេះភា្លមៗ បើលោកត្រលប់ចូលស្រុកវិញ យើងនៅគោរពនិងអនុវត្តច្បាប់របស់កម្ពុជា ដូច្នេះតុលាការគេសម្រេចយ៉ាងណា ត្រូវតែអនុវត្តទៅតាមនោះ»។
ទោះជាយ៉ាងណាក៏ដោយ លោក គៀត ចាន់ថារិទ្ធិ អ្នកនាំពាក្យនគរបាលជាតិ នៅតែប្រកាន់ជំហរដដែលដោយលោកបានថ្លែងឲ្យដឹងថា នគរបាលនឹងអនុវត្តដីកាចាប់ខ្លួន ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ភ្លាមៗ ប្រសិនបើលោក សម រង្ស៊ី បង្ហាញខ្លួននៅកម្ពុជា។ លោកបានថ្លែងបន្តទៀតថា៖ «លោក សម រង្ស៊ី បាននិរទេសដោយខ្លួនឯង ដើម្បីចៀសពីការចាប់ខ្លួនក្នុងសំណុំរឿងព្រហ្មទណ្ឌ។ នគរបាលជាតិដែលជាស្ថាប័នអនុវត្តច្បាប់ មិនមានជម្រើសណាមួយ ក្រៅពីការអនុវត្តដីការបស់តុលាការទេ»។
លោក សុខ ទូច អ្នកវិភាគនយោបាយ បានមានប្រសាសន៍ថា លោក សម រង្ស៊ី គួរតែសរសេរលិខិតសុំព្រះរាជទានទោសពីព្រះមហាក្សត្រផ្ទាល់ ដើម្បីឲ្យព្រះមហាក្សត្រព្រះរាជទានទោស ដោយពុំចាំបាច់សរសេរលិខិតសុំអនុញ្ញាត ពីលោកនាយករដ្ឋមន្ត្រីនោះទេ។ លោកបានថ្លែងថា ៖«ប្រសិនលោក សម រង្ស៊ីសរសេរលិខិតស្នើសុំអនុញ្ញាត ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែននោះបង្ហាញថាប្រទេសកម្ពុជាគ្មាននីតិរដ្ឋ»។
ចំណែកឯលោក ហង្ស ពុទ្ធា មន្ត្រីអ្នកឃ្លាំមើលការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលហៅកាត់ថា NEFEC បានឲ្យដឹងថា ប្រសិនបើមានការចាប់ខ្លួនលោក សម រង្ស៊ី នោះ នឹងធ្វើឲ្យចលាចលមុនការបោះឆ្នោត។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ប្រសិនបើមានការចាប់ខ្លួនមែននោះ គឺធ្វើឲ្យចលាចល ដោយសារតែក្រុមយុវជន និងប្រជាពលរដ្ឋធ្វើការតវ៉ាដើម្បីដាក់សំពាធ ឲ្យរដ្ឋាភិបាលដោះលែងលោក សម រង្ស៊ី»។
លោកសម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម និងបទក្លែងបន្លំឯកសារពាក់ព័ន្ធនឹងផែនទីព្រំដែនកម្ពុជា-វៀតណាម ប៉ុន្តែបន្ទាប់ពីការនិរទេសខ្លួននៅឯក្រៅប្រទេស ដើម្បីគេចពីការជាប់ពន្ធនាគារ ប្រមាណ៤ឆ្នាំ កាលពីថ្ងៃទី០៧ ខែកក្កដា លោក សម រង្ស៊ី បានបញ្ជាក់ថា លោកនឹងមកកម្ពុជាវិញ នៅមុនថ្ងៃបោះឆ្នោត ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ទោះជារដ្ឋាភិបាលចាប់ខ្លួនលោកក៏ដោយ៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ