ហ៊ុន សែន៖ សន្តិភាពបានមកពីកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ តុលា ២០១៧
- កែប្រែចុងក្រោយ: October 23, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីលើកឡើងកាលពីសប្ដាហ៍មុន ដែលថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានស្លាប់ទៅហើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកជាថ្មីនៅថ្ងៃនេះ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃខួបលើកទី២៦ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីបញ្ចប់ជម្លោះរវាងភាគីខ្មែរ និងនាំមកឲ្យប្រទេសកម្ពុជាវិញ នូវលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ដោយភ្ជាប់មកជាមួយវីដេអូមួយផង លោក ហ៊ុន សែន បានសរសេរដូច្នេះ នៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុករបស់លោក។ លោកសរសេរថា៖ «ថ្ងៃនេះ គឺជាខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាព សម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺកម្ពុជាចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីសន្តិភាពជាតិខ្មែរ។»។
តែបុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកនោះ មិនបានភ្លេចពីនយោបាយ «ឈ្នះ-ឈ្នះ» របស់លោក ដែលលោកធ្លាប់អះអាងថា បានធ្វើឲ្យក្រុមខ្មែរក្រហម ដែលជាភាគីចលនាតស៊ូខ្មែរចុងក្រោយបង្អស់ ទម្លាក់អាវុធ និងរំលាយខ្លួន បាត់រូបរហូតមក។ លោកបានសរសេរថា៖ «ទន្ទឹមនឹងដំណោះស្រាយសន្តិភាព ដែលផ្សាភ្ជាប់ជាមួយនយោបាយ ឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង ដែលធ្វើឲ្យខ្មែរគ្រប់និន្នការ ឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះ នេះហើយដែលបានផ្តល់ឱកាសឲ្យកម្ពុជាបានកសាងសង្គមគ្រួសារ និងប្រទេសជាតិរីកចម្រើន មកទល់សព្វថ្ងៃនេះ។»។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងយ៉ាងហោចពីរដងហើយ នៅលើទំព័រហ្វេសប៊ុករបស់លោក ដើម្បីរំលឹកខួបក្នុងឆ្នាំនេះ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលខុសប្លែកពីរាល់ឆ្នាំកន្លងទៅ។ ក្នុងបណ្ដាឆ្នាំមុនៗ រាល់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន មិនត្រឹមតែមិនចង់ឮចង់និយាយ ពីសន្ធិសញ្ញាអន្តរជាតិមួយនេះទេ តែថែមទាំងលើកឡើងបែបផ្សេងថា គឺថ្ងៃ៧មករា ឆ្នាំ១៩៧៩នោះទេ ដែលជាថ្ងៃនាំសន្តិភាពពិតប្រាកដ មកឲ្យប្រទេសកម្ពុជា។
សម្រាប់ការលើកឡើង ពីនយោបាយ «ឈ្នះ-ឈ្នះ» ដើម្បីធ្វើក្រុមខ្មែរក្រហមទម្លាក់អាវុធចុះ មិនត្រូវបានក្រុមអ្នកស្រាវជ្រាវឯករាជ្យ យល់ស្របជាមួយលោក ហ៊ុន សែន នោះទេ។ អ្នកស្រាវជ្រាវ និងសរសេរសៀវភៅ «ជីវប្រវត្តិមហាបុរសខ្មែរ» លោក ស.គ.ស.ម បានថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីពេលកន្លងមកថា៖ «នយោបាយឈ្នះៗ របស់លោក ហ៊ុន សែន អាចយកឈ្នះ សម្រាប់អ្នកមិនដឹងរឿង។ ព្រោះចរន្ដនយោបាយខ្មែរក្រហម បានថមថយកម្លាំង ឈានទៅរកការរលំរលាយជាបណ្ដើរៗ ចាប់ពីក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣មក។ »។
អ្នកស្រាវជ្រាវរូបនេះ បានពន្យល់ពីមូលហេតុថា៖ «វាជាកត្តាសត្យានុម័ត្រ របស់ធម្មជាតិ ដែលមានកើតហើយ តែងតែត្រូវស្លាប់ទៅវិញ ហើយម្យ៉ាងទៀត អន្តរជាតិលែងទទួលស្គាល់ និងលែងគាំទ្រ ពីបុព្វហេតុរបស់ក្រុមខ្មែរក្រហមនេះ តទៅទៀត។ (...) លោក ហ៊ុន សែន ខ្លួនលោកដឹងច្បាស់ណាស់ តើជម្លោះផ្ទៃក្នុង របស់កម្លាំងខ្មែរក្រហម នៅអំឡុងឆ្នាំ១៩៩៧ មកទល់ឆ្នាំ១៩៩៩ បានកើតចេញពីអ្វី? មិនជាល្បិចបំបែកបំបាក់ របស់លោក ហ៊ុន សែន ទេឬ?»។
លោក ស.គ.ស.ម បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាបានកាន់អំណាច តាំងពីឆ្នាំ១៩៧៩មក ឆ្លងកាត់ថ្ងៃទី២៣ តុលា និងការបោះឆ្នោតឆ្នាំ១៩៩៣ ដែលខ្លួនឯងចាញ់ឆ្នោតនោះហើយក៏ដោយ តែរហូតមកដល់ថ្ងៃនេះ ក៏នៅតែបង្ខំឲ្យគេឯងត្រូវតែស្តាប់ និងធ្វើតាមខ្លួន។ នយោបាយ«ឈ្នះ-ឈ្នះ» មិនមានន័យថា ឈ្នះទាំងសងខាងទេ។ តែផ្ទុយទៅវិញ ជានយោបាយ ដើម្បីតែខ្លួនលោក ហ៊ុន សែន ឈ្នះ និងជានយោបាយគាបសង្កត់ប៉ុណ្ណោះ៕