កម្ពុជា៖ សហគ្រាសអគ្គិសនីបារាំង ចង់សង់រោងចក្រអគ្គិសនីនៅតំបន់ឆ្នេរ
«ជាផលប្រយោជន៍ សម្រាប់សហគ្រាសអគ្គិសនីរដ្ឋ របស់បារាំង ក្នុងការសាងសង់រោងចក្រផលិតអគ្គិសនីនៅកម្ពុជា» នេះជាការលើកឡើង របស់នាយករដ្ឋមន្ត្រីបារាំង ក្នុងរយះពេលនៃដំណើរទស្សនកិច្ច រយះពេលពីរថ្ងៃកន្លងមកនេះ ដើម្បីចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមកោដ្ឋនៃអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ។
ផ្លាកសញ្ញារបស់ក្រុមហ៊ុនអគ្គិសនីបារាំង នៅលើអាគារដ៏ស្កឹមស្កៃរបស់ខ្លួន។
ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំងប្រចាំនៅកម្ពុជា លោក ស៊ែជ ម៉ូស្ទូរ៉ា (Serge Mostura) ដែលនៅមិនទាន់ប្រកាសជាផ្លូវការ សម្រាប់មុខតំណែងរបស់លោកនោះ បានប្រកាសថា នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់-ម៉ាក អៃរ៉ូល (Jean-Marc Ayrault) បានបញ្ជាក់ទៅដៃគូរសន្ទនា លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាលក្ខណៈឯកជន ថ្ងៃទី០៣កុម្ភះនៅរាជធានីភ្នំពេញ ថាសហគ្រាសអគ្គិសនីរដ្ឋ របស់បារាំង (EDF) ត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខានៅលើអនុសារណៈមួយ ដើម្បីឈានទៅចរចា ស្វែងរកការសាងសង់រោងចក្រផលិតអគ្គិសនី ដោយប្រើប្រាស់ឧស្ម័នហ្គាសធម្មជាតិ ពីតំបន់ទឹកសមុទ្រដែលកំពុងមានជម្លោះ ក្នុងឈូងសមុទ្រថៃ។
សារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេស ឌឹខេប៊ូឌៀរដេលី (Cambodia Daily) បានស្រង់សម្ដីលោកឯកអគ្គរដ្ឋទូតថា «សហគ្រាសអគ្គិសនីរដ្ឋ របស់បារាំង បានចាប់អារម្មណ៍ ទៅការសាងសង់រោងចក្រផលិតអគ្គិសនីមួយ ដោយប្រើប្រាស់ឧស្ម័នហ្គាសធម្មជាតិ នៅក្នុងក្រមខ័ណ្ឌនៃកិច្ចសន្យាពីអតីតកាល ជាមួយនឹងអាជ្ញាធរកម្ពុជា»។ លោកស៊ែជ បានបន្តថា «រោងចក្រនេះ នឹងអនុញ្ញាតអោយរាជធានីភ្នំពេញ អាចទទួលបាននូវថាមពលគ្រប់គ្រាន់ ទៅតាមតម្រូវការ»។
រាជធានីភ្នំពេញ រងនូវកង្វះខាត ផ្នែកអគ្គិសនី ជាពិសេសនៅពេលដែលរដូវដែលក្ដៅហួតហែងបំផុត បានមកដល់ ហើយធ្វើអោយមានការផ្ដាច់ចរន្ដជាញឹកញាប់។ តែបញ្ហាដែលចោទពិតប្រាកដ គឺឧស្ម័នហ្គាសធម្មជាតិ ដែលត្រូវចម្រាញ់ចេញពី តំបន់ជម្លោះព្រំដែនទឹកជាមួយនឹងប្រទេសថៃ ក្នុងឈូងសមុទ្រថៃ។ រាល់ការចម្រាញ់នានា ត្រូវបានហាមឃាត់ក្នុងពេលបច្ចុប្បន្ន ដរាបណាប្រទេសថៃ និងកម្ពុជានៅមិនទាន់ឈានទៅរក ការយល់ព្រមណាមួយ ទៅលើតំបន់ជម្លោះនោះ។ ក្រុមហ៊ុនប្រេងកាតបារាំង តូតាល់ (Total) ដែលទទួលបានសិទ្ធិក្នុងការធ្វើអាជីវកម្ម ទៅលើតំបន់នេះ ក៏កំពុងតែរងចាំយ៉ាងអន្ទះសារដែរ ដោយសង្ឃឹមថា ជម្លោះព្រំដែននៃប្រទេសជិតខាងទាំងពីរ ឈានទៅរកទីបញ្ចប់ក្នុងថ្ងៃណាមួយ។
ប៉ុន្តែបើតាមលោកឯកអគ្គរដ្ឋទូត លោកបានបង្ហើបអោយដឹងថា នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន បានគូសបញ្ជាក់ថា មិនមានការវិវត្តន៍ណាមួយ គួរអោយកត់សម្គាល់ទៅលើស្ថានភាពនេះទេ។ «លោកនាយករដ្ឋមន្ត្រីបាននិយាយថា លោកមានជំនួយឧបត្ថម ដើម្បីអោយក្រុមហ៊ុនតូតាល់ អាចចាប់ផ្ដើមអាជីវកម្មនៅក្នុងតំបន់ខ្លះ។ តែលោកថា កម្ពុជាត្រូវនិយាយជាមួយថៃជាមុនសិន មុននឹងក្រុមហ៊ុនបារាំង អាចចាប់ផ្ដើមបាន។»
លោកឯកអគ្គរដ្ឋទូត ស៊ែជ ម៉ូស្ទូរ៉ា បានថ្លែងទៀតថា សហគ្រាសអគ្គិសនីរដ្ឋ របស់បារាំង ចង់សង់រោងចក្រផលិតអគ្គិសនី នៅក្បែរតំបន់ឆ្នេរ ប៉ុន្តែនៅទីកន្លែងណាពិតប្រាកដ គេនៅមិនទាន់ដឹងនៅឡើយ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ