ក្បាច់«កាម៉ាស៊ុលត្រា» នៅលើសូកូឡា សម្រាប់ថ្ងៃបុណ្យសង្សា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកឆ្នៃប្រឌិតធ្វើនំមួយរូប នៅក្រុង ម៉ុងប៊េលីយ៉ារដ៍ (Montbéliard) នៃប្រទេសបារាំង (ជាប់ព្រំដែននៃប្រទេសស្វីស) បានយកក្បាច់រួមរក្សជាច្រើន នៅក្នុងគម្ពឺ «កាម៉ាស៊ុយត្រា (Kamasutra)» ដ៏ល្បីរបស់ជនជាតិឥណ្ឌា មកឆ្លាក់ដាក់នៅលើ «នំសូកូឡា» ដើម្បីទាក់ទាញអោយចង់ភ្លក្ស ពីសំណាក់អតិថិជន ដែលមានវ័យចំណាស់ៗ។
នំសូកូឡា ដែលមានក្បាច់យ៉ាងពិសេសៗ។ នរណាខ្លះចង់ភ្លក្ស ?
«ជាទម្លាប់កន្លងមក ខ្ញុំធ្វើតែនំសូកូឡាធម្មតាៗ ដូចដែលធ្លាប់ធ្វើពីមុន សម្រាប់បុណ្យសង្សា ដូចជារូបបេះដូងតូចៗ ជាដើម។ តែថ្ងៃនេះ ខ្ញុំចង់បង្កើតនូវគំនិតថ្មីមួយ ដើម្បីទាក់ទាញអារម្មណ៍បន្តិច។» នេះជាការពន្យល់របស់ សេប៊ាស្យៀង ប៉ាវលី (Sébastien Pawly) អ្នកឆ្នៃប្រឌិតធ្វើនំ ដែលហាងនំរបស់គាត់ មានទីតាំងនៅ កណ្ដាលទីក្រុងម៉ុងប៊េលីយ៉ារដ៍។
បុរសអ្នកឆ្នៃប្រឌិតរូបនេះ បានធ្វើនំសូកូឡារបស់គាត់ មានរាងជាចតុកោណកែងតូចៗ ហើយបានចាក់ពុម្ភពីលើនូវ ក្បាច់ចម្លាក់ក្រឡោត ដែលបង្ហាញពីរបៀបរួមរក្សយ៉ាងពិសេសៗ ដកស្រង់ចេញពីគម្ពឺបូរាណ ដ៏ល្បីរបស់ជនជាតិឥណ្ឌា ហៅថា «កាម៉ាស៊ុយត្រា»។
បណ្ដាអតិជន «បានយកនំទាំងនេះ ទៅកាន់មើល និងញ៉ាំ ជាមួយនឹងភាពញញឹម ហើយឥឡូវ នរណាៗក៏ចង់បាននំសូកូឡា ដែលមានក្បាច់រួមរក្សទាំងនេះ។» លោកសេបាស្យៀង បានបន្ថែមយ៉ាងដូច្នេះ។ បុរសអាយុ៣៩ឆ្នាំរូបនេះ បាននិយាយអួតអាងថា មានការភ្ញាក់ផ្អើលជាខ្លាំង ពីការចងដឹងចង់ភ្លក្ស ទៅលើផលិតផលឆ្នៃប្រឌិតរបស់លោក ជាពិសេសពីសំណាក់អតិថិជន ដែលមានអាយុពី៥០ ទៅ៧០ឆ្នាំ។
លោកនិយាយលេងថា «ខ្ញុំពិបាក នឹងធ្វើនំបន្ថែម អោយទាន់តម្រូវការណាស់»៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ