វៀតណាម​បង្គាប់​ឲ្យ​កង​ទ័ព​ខ្មែរ​បង្កើត​ស្នាដៃ​សិល្បៈ ដើម្បី​«យុទ្ធ​សាមគ្គីភាព​វៀតណាម-​កម្ពុជា-​ឡាវ»

ប្រទេសវៀតណាម តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានកំណត់ឲ្យកងទ័ពកម្ពុជា នៅទូទាំងប្រទេស ចូលរួម និងបង្កើតនូវស្នាដៃសិល្បៈ ដើម្បីអ្វីមួយដែលប្រទេសកុម្មុយនីស ហៅថាជា«យុទ្ធសាមគ្គីភាព វៀតណាម-កម្ពុជា-ឡាវ»។ ស្នាដៃសិល្បៈចំនួន១០ ដែលកើតចេញពីយុទ្ធនាការនេះ ទើបត្រូវបានតំណាងកងទ័ពកម្ពុជា ប្រគល់ទៅឲ្យភាគីវៀតណាម កាលពីថ្ងៃទី២០ ខែតុលាកន្លងមកនេះ។
វៀតណាម​បង្គាប់​ឲ្យ​កង​ទ័ព​ខ្មែរ​បង្កើត​ស្នាដៃ​សិល្បៈ ដើម្បី​«យុទ្ធ​សាមគ្គីភាព​វៀតណាម-​កម្ពុជា-​ឡាវ»
ពីឆ្វេងមកស្ដាំ (កណ្ដាល)៖ លោក មាស សាវ៉ន តំណាងកងទ័ពកម្ពុជា និងលោក ង្វៀង អាញ់យ៉ុង នាយកអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 25, 2017
  • ប្រធានបទ: កម្ពុជាវៀតណាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមការប្រកាស របស់ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ស្នាដៃសិល្បៈចំនួន១០ស្នាដៃ ត្រូវបានប្រគល់ជូន ទៅភាគីវៀតណាម ដើម្បីចូលរួម«អបអរសាទរ ខួបលើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា» ខណៈពិធីរំលឹក​ខួបនេះ ត្រូវបានប្រារព្ធធ្វើ​តាំងពីច្រើនខែ កន្លងមកហើយ។

ផ្ទុយទៅវិញ ការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «VNA» របស់វៀតណាម បានបញ្ជាក់ថា ស្នាដៃសិល្បៈទាំងនេះ ត្រូវបានជ្រើសរើសចេញ ពីស្នាដៃប្រកួតប្រជែង​ទាំង៦០០ របស់ជួរថ្នាក់ដឹកនាំ និងកងទ័ពខ្មែរ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការមួយ បង្កើតឡើងដោយក្រសួងការពារជាតិវៀតណាម តាមរយៈសេនាធិការ​ជំនាញ​របស់​ខ្លួន គឺ«អគ្គនាយកដ្ឋាននយោបាយ ​នៃ​កងទ័ពប្រជាជន​វៀតណាម»។

ការប្រគល់ស្នាដៃសិល្បៈទាំង១០ ត្រូវបានលោកឧត្ដមសេនីយ៍ មាស សាវ៉ន អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា និងជាប្រធានគណៈកម្មការបំផុសចលនានិពន្ធ អក្សរសិល្ប៍ សិល្បះ ចម្រៀង នៃក្រសួងការពារជាតិកម្ពុជា ប្រគល់ទៅឲ្យលោក​វរសេនីយ៍ឯក ង្វៀង អាញ់យ៉ុង (Nguyen Anh Dung) នាយកអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកម្ពុជា នៅក្នុងការិយាល័យអនុព័ន្ធយោធាវៀតណាម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលាកន្លងមកនេះ។

ការប្រគល់ស្នាដៃ និងយុទ្ធនាការបង្កើតស្នាដៃ ដើម្បីបង្ហាញពី «យុទ្ធសាមគ្គីភាព រវាងវៀតណាម-កម្ពុជា-ឡាវ» ខាងលើនេះ មិនត្រូវបានសារព័ត៌មានណាមួយ ក្នុងប្រទេសកម្ពុជា យកមកចុះផ្សាយទេ។ នៅលើទំព័រហ្វេសប៊ុក របស់«នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា» នៃក្រសួងការពារជាតិ គ្រាន់តែបានជូនដំណឹង ថាលោក មាស សាវ៉ន បានប្រគល់ស្នាដៃទាំងនេះ ទៅឲ្យមន្ត្រីអនុព័ន្ធយោធា​វៀតណាម ប្រចាំនៅកម្ពុជា ដើម្បីផ្ញើរទៅប្រទេសវៀតណាម ប៉ុន្តែមិនបានលំអិតថា ហេតុអ្វី និងតាមរបៀបណា ទើបស្នាដៃទាំងនេះ ត្រូវបានបង្កើតឡើងនោះឡើយ។

 

ទីភ្នាក់ងារព័ត៌មានផ្លូវការវៀតណាម បានពន្យល់ថា យុទ្ធនាការនេះ ត្រូវបានអគ្គនាយកដ្ឋាននយោបាយ នៃកងទ័ពប្រជាជនវៀតណាម បង្កើតឡើងនៅក្នុងឱកាស នៃ«ខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា» សម្រាប់ប្រទេសកម្ពុជា និងនៅក្នុងឱកាស នៃ«ខួបលើកទី៤០ នៃថ្ងៃចុះសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ វៀតណាម-ឡាវ និងខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ» សម្រាប់ប្រទេសឡាវ។

សេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសកុម្មុយនីស្ដ បានស្រង់សំដីរបស់តំណាងកងទ័ពកម្ពុជា លោក មាស សាវ៉ន មករៀបរាប់ថា យុទ្ធនាការខាងលើ ទទួលបាន«ការយកចិត្តទុកដាក់ខ្ពស់» ពីសំណាក់ជួរថ្នាក់ដឹកនាំ និងកងទ័ពខេមរភូមិន្ទ នៅទូទាំងប្រទេស។ លោកថា យុទ្ធនាការនេះ បានជួយឲ្យកងទ័ពខ្មែរយល់កាន់តែច្បាស់ឡើង ពីសាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងបី នៅក្នុងរយៈពេលនៃការតស៊ូ ប្រយុទ្ធប្រឆាំងនឹងបនឈ្លានពាន និងនៅក្នុងបេសកកម្ម នៃការលើកកំពស់ការការពារជាតិ។

ជាចម្លើយតបវិញ នៅក្នុងពិធីប្រគល់ស្នាដៃដដែលនោះ មន្ត្រីអនុព័ន្ធយោធាវៀតណាម លោក ង្វៀង អាញ់យ៉ុង បានអះអាងថា ស្នាដៃសិល្បៈទាំងនេះ គឺជាភ័ស្តុតាងច្បាស់លាស់ និងជាធាតុផ្សំដ៏ល្អ ក្នុងការថែរក្សា ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព រវាងប្រទេស​វៀតណាម និងកម្ពុជា និងជាពិសេស សម្រាប់ចំណងមេត្រីភាពរវាង វៀតណាម - ឡាវ - កម្ពុជា។

ទីភ្នាក់ងារ «VNA» បានរៀបរាប់ថា ស្នាដៃសិល្បៈទាំង៦០០ របស់កងទ័ពខ្មែរ រួមមានស្នាដៃជាគំនូរ ជាកំណាព្យ ជាអត្ថបទប្រវត្តិសាស្ត្រ ពីភាពយន្ដឯកសារ និងពីទស្សនៈវិជ្ជា។ រីឯស្នាដៃសិល្បៈកងទ័ពខ្មែរ ដែលទទួលបានជ័យលាភីឈ្នះគេ គឺរូបគំនូរខាងក្រោម ដែលមានចំណងជើងថា៖ «ស្មារតីរួបរួមប្រយុទ្ធ កម្ពុជា វៀតណាម ឡាវ ស្ថិតស្ថេរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...