ម៉ៅ មុនីវណ្ណ គ្រោងហៅ ហ៊ុន សែន មកបំភ្លឺរឿងព្រំដែន ជាលើកទី២
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 20, 2014
- ប្រធានបទ: អធិបតេយ្យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ៅ មុនីវណ្ណ អនុប្រធានគណកម្មការទី៩ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ គ្រោងនឹងចេញលិខិតជាលើកទីពីរ ក្នុងសប្តាហ៍ចុងខែវិច្ឆិកានេះ ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីកោះហៅនាយករដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធ ឲ្យមកឆ្លើយបំភ្លឺរឿងព្រំដែន ករណីច្រកទន្លេដាក់ដាំ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ គណៈកម្មការទី៩ នៃរដ្ឋសភានេះ បានចេញលិខិតម្ដងហើយ ស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យមកបំភ្លឺបញ្ហាព្រំដែន នៅចំពោះមុខសភា។ តែមកដល់ថ្ងៃទិ២០ ខែវិច្ឆិកានេះ នៅមិនទាន់មានការឆ្លើយតបណាមួយ ជាផ្លូវការនៅឡើយ។
នៅក្នុងការថ្លែងតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថ្ងៃទី២០ ខែវិច្ឆិកានេះ លោក ម៉ៅ មុនីវណ្ណ បានលើកឡើងថា ច្រកដាក់ដាំ ត្រូវបានប្រទេសវៀតណាមធ្វើផ្លូវចូលមក ដោយរំលោភលើអធិបតេយ្យជាតិកម្ពុជា។ ហើយរដ្ឋាភិបាលវៀតណាម បានប្រកាន់យកស្ទឹងដាក់ដាំ ជាខ្សែបន្ទាត់ព្រំដែន ជាឯកតោភាគី ដែលករណីនេះ ធ្លាប់ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ច្រានចោល កាលពីពេលមកឆ្លើយបំភ្លឺ ក្នុងរដ្ឋសភានាពេលកន្លង។
អ្នកតំណាងរាស្ត្ររូបនេះបានថ្លែងថា បើទោះជាមានភាពស្ងប់ស្ងាត់បន្តិចមែន តែអាជ្ញាធរវៀតណាមនៅតែបន្តសកម្មភាពរបស់ខ្លួន ក្នុងការរំលោភអធិបតេយ្យជាតិកម្ពុជា ឯរដ្ឋាភិបាលកម្ពុជាវិញ បែរជាបណ្តែតបណ្តោយ ឲ្យវៀតណាមធ្វើផ្លូវមកដល់ស្ទឹងដាក់ដាំ។ លោកបានថ្លែងថា៖ «អ្វីដែលប្រទេសវៀតណាម បានធ្វើការប៉ុនប៉ងចង់បាននោះ ត្រូវទទួលបានជោគជ័យ»។ លោកបានលើកជាឧទាហរណ៍ជាក់ស្តែង នៅស្រុកកំណើតលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបច្ចុប្បន្ន ក៏ត្រូវបានបាត់បង់ដោយការរំលោភបំពាន ពីភាគីវៀតណាមតាមរយៈការបោះបង្គោលព្រំដែន លេខ១២៥ ត្រង់ចំណុចភូមិ ថ្លុងត្រាច និងភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តកំពង់ចាម (ដែលក្លាយជាខេត្តត្បូងឃ្មុំ នាពេលបច្ចុប្បន្ន)។
លោក ម៉ៅ មុនីវណ្ណ បានថ្លែងទៀតថា លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ក៏បានលើកឡើងបន្ទាប់ពីលោកបានចេញលិខិត ធ្វើការកោះហៅនាយករដ្ឋមន្រ្តី មកសួរដេញដោលនៅមុខសភាថា ប្រទេសវៀតណាមពិតជាបានរំលោភ ចូលអធិបតេយ្យភាពកម្ពុជាមែន។ លោក មុនីវណ្ណ បានស្រង់សម្ដីលោក វ៉ា គឺមហុង មកបញ្ជាក់ថា «នោះជាការបំពានរបស់ប្រទេសវៀតណាម មកលើអធិបតេយ្យភាពកម្ពុជា»។
សំអាងតាមរដ្ឋធម្មនុញ្ញ ដែលបានចែងថា តំណាងរាស្រ្ត អាចបោះសំនួរជាលាយលក្ខអក្សរ ឬផ្ទាល់មាត់ ទាំងរដ្ឋមន្រ្តី ទាំងនាយករដ្ឋមន្រ្តី យ៉ាងយូរមួយអាទិត្យ។ ប៉ុន្តែភាពស្ងៀមស្ងាត់ មិនឆ្លើយតប របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានលោក មុនីវណ្ណ ចាត់ទុកថា ជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញ របស់បុរសខ្លាំងកម្ពុជា។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងលោក វ៉ា គឹមហុង នៅមិនទាន់មានការឆ្លើយតបណាមួយ ជាលាយលក្ខអក្សរនៅឡើយ។»
ធ្វើញត្តិបន្ទោស
លោកនឹងបន្តស្នើលិខិតថ្មីជាលើកទីពីរទៀត ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លើកទីពីរនេះ បើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែមិនមានការឆ្លើយតបទៀតនោះ មានន័យថា លោកនាយករដ្ឋមន្រ្តី កំពុងរំលោភរដ្ឋធម្មនុញ្ញាយ៉ាងធ្ងន់ធ្ងរ ហើយលោកស្នើឲ្យលោកនាយករដ្ឋមន្រ្តី ឈប់ប្រកាសថាខ្លួនកំពុងតែ«ការពារ»រដ្ឋធម្មនុញ្ញ។ ឬក្នុងករណីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែចចេស មិនព្រមចូលខ្លួនឆ្លើយចំពោះមុខរដ្ឋសភា ពីបញ្ហាច្រកដាក់ដាំនោះ លោកអនុប្រធានគណកម្មការទី៩ នៃរដ្ឋសភារូបនេះ នឹងធ្វើការស្នើទៅកាន់តំណាងរាស្រ្តក្នុងរដ្ឋសភា ឲ្យបាន៣០រូបឡើងទៅ ដើម្បីធ្វើ«ញត្តិបន្ទោស» ជាលើកទីមួយទៅរដ្ឋាភិបាល ចំពោះករណីរំលោភបំពានរដ្ឋធម្មនុញ្ញនេះ។
មកទល់ថ្ងៃទី២០ ខែវិច្ឆិកានេះ ត្រូវគម្រប់មួយខែគត់ គិតពីថ្ងៃចេញលិខិត តែលោកនៅមិនទាន់ដាក់លិខិតជាថ្មី ទៅកាន់លោកនាយករដ្ឋមន្រ្តីឡើយ។ លោកនឹងទុករយៈពេល មួយសប្តាហ៍ទៅមុខទៀត សម្រាប់លោកនាយករដ្ឋមន្រ្តី មានឱកាសក្នុងការឆ្លើយតប ព្រោះក្រែងលោកជាប់រវល់ និងការឈប់សម្រាកបុណ្យច្រើនដូចជាអុំទូក បុណ្យឯករាជ្យជាដើម
មិនទាន់អាចទាក់ទងមន្ត្រីរដ្ឋាភិបាល រូបណា ដើម្បីសុំការបកស្រាយបំភ្លឺបាននៅឡើយ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងព្យាយាមទាក់ទងជាបន្ត ហើយនឹងផ្សាយដំណឹងបន្ថែមទៀត នៅក្នុងអត្ថបទរបស់ខ្លួនលើកក្រោយ។
ដោយឡែក មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោក ជាម យៀប ធ្លាប់បានបដិសេធ តាមរយៈទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីអំឡុងខែឧសភាថា កម្ពុជាក្រោយការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងមិនឲ្យបាត់បងទឹកដី «មួយគ្រាប់ខ្សាច់»ណាមួយនោះឡើយ។ លោកបានថ្លែងថា គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបច្ចុប្បន្ន មានអ្នកមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកបច្ចេកទេស និងផ្លូវច្បាប់ ហើយក៏ជាកូនខ្មែរស្នេហាជាតិ ដូច្នេះមិនឲ្យបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជា នោះទេ៕