ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មត្រូវបានពិនិត្យ ខណៈជនរងគ្រោះប្រកាសប្រឆាំងកឹម សុខា
រដ្ឋសភាបានបញ្ជូនសេចក្តីស្នើរច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌ពិនិត្យសិក្សាររូចហើយ ខណៈជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅគុកទូលស្លែងបានចេញ សេចក្តីថ្លែងការណ៍ចំនួនពីរផ្សេងគ្នា ប្រឆាំងលោក កឹម សុខា។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មខែមេសាឆ្នាំ២០១៣។
ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអិចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃទី៣១ខែឧសភា អគ្គលេខាធិការរដ្ឋសភា បានឯកភាពប្រគល់ សេចក្តីស្នើរច្បាប់ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌ពិនិត្យសិក្សារ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈៀង វុន ច្បាប់នោះមានចំនួន៥មាត្រា ហើយគោលបំណងដែលបង្កើតច្បាប់នោះ គឺដាក់ទោសជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ លោកបានថ្លែងថា ៖ «អ្នកណាដែលនិយាយថាមិនមានឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ គឺត្រូវតែមានទោស។»
រីឯក្រុមជនរងគ្រោះ នៅរស់រានមានជីវិត និងអ្នកដែលមានបងប្អូនបង្កើតត្រូវ បានសម្លាប់ នៅគុកទួលស្លែង បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរ គឺសេចក្តីថ្លែងការណ៍មួយ ចុះថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០១៣ ដែលចុះហត្ថលេខាដោយលោក ជុំ ម៉ី និងមួយទៀត ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ជាសេចក្តីថ្លែងការណ៍រួមរបស់ក្រុមជនរងគ្រោះ នៅគុកទួលស្លែងដើម្បីប្រឆាំងនឹងលោក កឹម សុខា។ សេចក្ដីថ្លែងការណ៍រួម បានបង្ហាញថា ៖«ពួកយើងគាំទ្រលោក ជុំ ម៉ី និងលោក ប៊ូ ម៉េង ក្នុងការដឹកនាំធ្វើមហាបាតុកម្ម ទាមទារឱ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សុំអភ័យទោសចំពោះការថ្លែងកាលៃ ភស្ដុតាងប្រវត្ដិសាស្ដ្រគុកទួលស្លែងថា ជាគុកសិប្បនិមិត្ដ។ សំដីលោកកឹម សុខា ពិតជាមិនអាចទទួលយកបាន និងគ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិនិងមាតុភូមិ។»។
សេចក្តីថ្លែងការណ៍បានបន្តថា ក្នុងការតំណាងឱ្យជនរងគ្រោះខ្មែរឥស្លាមទាំងអស់ ដែលត្រូវបានសម្លាប់នៅក្នុងរបបខ្មែរក្រហម បានឯកភាពសូមធ្វើសេចក្ដីសម្រេចចិត្ដរួមគ្នា គាំទ្រការដឹកនាំការធ្វើមហាបាតុកម្មមហាជនរបស់លោក ជុំ ម៉ី និងលោក ប៊ូ ម៉េង អតីតអ្នករស់រានមានជីវិតពីគុកទួលស្លែង ក្នុងការទាមទារឱ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មកអុចធូបសុំអភ័យទោស ចំពោះមុខពួកគាត់ដែលជាជនរងគ្រោះ និងនៅចំពោះមុខវិញ្ញាណក្ខន្ធ នៃអ្នកត្រូវបានសម្លាប់ប្រមាណ ២០.០០០ នាក់ នៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានលើកឡើងថា ៖«យើងខ្ញុំទាំងអស់គ្នា ដែលជាអ្នករងគ្រោះផ្ទាល់ និងត្រូវជាកូន ចៅ សាច់ញាតិ នៃជនរងគ្រោះគុកទួលស្លែង មានអារម្មណ៍តក់ស្លុត ឈឺចាប់ឥតឧបមា នៅពេលបានឮអ្នកនយោបាយរូបនេះ និយាយថា គុកទួលស្លែង ជាគុកសិប្បនិមិត្ដ ការនិយាយបែបនេះ គឺជាការបំភ្លៃភស្ដុតាងប្រវត្ដិសាស្ដ្រទាំងស្រុង។»
លោក ជុំ ម៉ី បានថ្លែងឲ្យដឹងថា ចាប់តាំងពីលោក ប្រកាសទុកពេលឲ្យលោក កឹម សុខា រយៈពេល ១០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ឧសភា ដើម្បីមកអុចធូបសុំអភ័យទោស ចំពោះលោក ក៏ដូចជាវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ ដែលបានស្លាប់នោះ លោក កឹម សុខា មិនបានបង្ហាញជំហរណាមួយ ក្នុងការមកអុចធូបសុំអភ័យទោស តាមការស្នើសុំរបស់លោក ក៏ដូចជាជនរងគ្រោះឡើយ។ លោកបានពន្យល់ថា ៖«លោក កឹម សុខាបានបដិសេធនឹងសំដីរបស់ខ្លួន ហើយថា សំឡេងរបស់ខ្លួន ត្រូវបានគេកែច្នៃ កាត់ត។ ដូច្នេះដើម្បីបញ្ជាក់រកការពិត ចំពោះការចោទប្រកាន់ ថាសំដីរបស់លោក ត្រូវបានគេកាត់តនោះ ខ្ញុំសុំឲ្យលោក កឹម សុខា យកសំដីដើមទាំងអស់ មកផ្ទៀងផ្ទាត់គ្នា នៅចំពោះមុខអ្នកច្បាប់ជាបន្ទាន់។ ខ្ញុំនឹងដឹកនាំធ្វើមហាបាតុកម្មដ៏ធំមួយ ដើម្បីប្រឆាំងនឹងលោក កឹម សុខា បើសិនជាលោក កឹម សុខា មិនព្រមសុំទោសមែននោះ ហើយខ្ញុំនឹងធ្វើសន្និសីទកាសែត ជុំវិញដំណើរការធ្វើមហាបាតុកម្ម នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅគុកទួលស្លែង។»
កាលពីថ្ងៃទី ៣០ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានជាសាធារណៈថា នឹងមានបាតុកម្មរបស់មហាជននៅទូទាំងប្រទេសប្រឆាំងនឹងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកពុំព្រមសុំទោសជាសារណៈ ទាក់ទិនទៅការចោទប្រកាន់ថា គុកទួលស្លែងជាគុកសិប្បនិម្មិត្ត ដែលរៀបចំឡើងដោយប្រទេសវៀតណាម។
ប៉ុន្តែនៅថ្ងៃទី២៩ ខែឧសភា ថ្លែងនៅក្នុងសន្និសិទកាសែត លោក កឹម សុខា បានបដិសេធ ថាចំពោះករណីគុកទួលស្លែង (ស-២១) ដែលមានជនមួយក្រុមបានយកពាក្យសំដីលោក មកកែច្នៃបកស្រាយ គឺផ្ទុយពីខ្លឹមសារ និងគោលនយោបាយដែលលោកចង់និយាយទាំងស្រុង។ លោកបានថ្លែងថា ៖ «ខ្ញុំមិនដែលនិយាយថា គុកទួលស្លែងជាគុកសប្បនិមិត្តឡើយ។ ខ្លឹមសារ ដែលខ្ញុំធ្លាប់បាននិយាយពាក់ព័ន្ធគុកទួលស្លែង ស២១ គឺ ជនរងគ្រោះ ដែលត្រូវបានគេធ្វើទារុណកម្ម និងកាប់សម្លាប់ក្នុងគុកនោះត្រូវបានគេមួលបបង្កាច់ ដោយរៀបចំភស្តុតាងក្លែងក្លាយ ដើម្បីទម្លាក់កំហុសដាក់ពួកគាត់៕»
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ