បទយកការណ៍៖ បើអៀង សារី ជា​វីរបុរស តើ​នរណា​ទៅ​ជា​«ឃាតករ»​?

តាំងពីព្រលឹមអុល ថ្ងៃព្រហស្បត្តិទី២១ខែមិនាកន្លងមក ពិធីបូជាសពលោក បានចាប់ផ្ដើមជាមួយនឹងការសូត្រមន្ដ របស់​ព្រះសង្ឃ និងបញ្ចប់ដោយការអោយភ្លើង នៅរសៀលថ្ងៃដដែល។ បណ្ដាជនរាប់រយនាក់ ដែលសុទ្ធសឹងជាអតីតយុទ្ធមិត្ត​ខ្មែរក្រហម និងក្រុមគ្រួសារញាតិសន្ដានផងនោះ បានមកចូលរួមក្នុងពិធីនេះ ដែលប្រារព្ធធ្វើ នៅក្នុងឃុំម៉ាឡៃ ផ្នែកពាយព្យ​នៃប្រទេសកម្ពុជា។ ទីកន្លែង ដែលធ្លាប់ជា​ផ្ទះសម្បែង និង«បន្ទាយតស៊ូ»ចុងក្រោយ របស់មេដឹកនាំចលនាមួយ ធ្លាប់ត្រូវ​បានចាត់ទុកថា ជាចលនា«ឧទ្ទាមទ័ពព្រៃ»ក្រៅច្បាប់ ដោយរដ្ឋាភិបាលក្រុងភ្នំពេញ។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: March 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្រោយបន្ទាប់ពីពិធីបូជាសព លោកអៀង សារី ទាំងមិត្តរួមលេណដ្ឋានខ្មែរក្រហម ទាំងប្រជាជន នៅក្នុងតំបន់ ទាំង​ជន​រងគ្រោះផង ពួកគេម្នាក់ៗ បានសម្ដែងមតិយោបល់ និងការសោកស្ដាយរៀងៗខ្លួន ទាក់ទងនឹងរូបភាព និងកេរ្តិ៍ឈ្មោះរបស់​អតីតបងធំទីបីរូបនេះ។


លោកអៀង សារី (រូបទីពីររាប់ពីឆ្វេង)។ រូបភាពឯកសារ។

អតីតប្រមុខការទូត នៃកម្ពុជាប្រជាធិបតេយ្យ លោកអៀង សារី ក្នុងអាយុ៨៧ឆ្នាំ បានលាចាកលោកនេះទៅ ដោយសារជម្ងឺ​បេះដូង បន្ទាប់ពីបានចូលទៅសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យមិត្តភាពកម្ពុជា-រ៉ូស្សី ប្រមាណជា១០ថ្ងៃ។ មរណភាពនេះ បានមកដល់ ខណៈលោកកំពុងប្រឈមមុខ នឹងការកាត់ទោស ដោយសាលាក្ដីវិសមញ្ញមួយ ដែលបានបង្កើតឡើងតាំងពី​ឆ្នាំ២០០៦ ដោយកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ។ តុលាការនេះបានចោទប្រកាន់​លោក និងមេដឹកនាំ«រួមលេណដ្ឋាន»ឯទៀតៗ ពីបទប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ។

តាំងពីព្រលឹមអុល ថ្ងៃព្រហស្បត្តិទី២១ខែមិនាកន្លងមក ពិធីបូជាសពលោក បានចាប់ផ្ដើមជាមួយនឹងការសូត្រមន្ដ របស់​ព្រះសង្ឃ និងបញ្ចប់ដោយការអោយភ្លើង នៅរសៀលថ្ងៃដដែល។ បណ្ដាជនរាប់រយនាក់ ដែលសុទ្ធសឹងជាអតីតយុទ្ធមិត្ត​ខ្មែរក្រហម និងក្រុមគ្រួសារញាតិសន្ដានផងនោះ បានមកចូលរួមក្នុងពិធីនេះ ដែលប្រារព្ធធ្វើ នៅក្នុងឃុំម៉ាឡៃ ផ្នែកពាយព្យ​នៃប្រទេសកម្ពុជា។ ទីកន្លែង ដែលជា​ផ្ទះសម្បែង និង«បន្ទាយតស៊ូ»ចុងក្រោយ របស់មេដឹកនាំចលនាមួយ ធ្លាប់ត្រូវ​បាន​ចាត់ទុកថា ជាចលនា«ឧទ្ទាមទ័ពព្រៃ»ក្រៅច្បាប់ ដោយរដ្ឋាភិបាលក្រុងភ្នំពេញ។

អតីតយុទ្ធជនម្នាក់ ឈ្មោះលោក ឡុង រុន ដែលមានអាយុ៧៨ឆ្នាំហើយនោះ បានថ្លែងថាលោកអៀង សារី«ជាវីរបុរសម្នាក់ សម្រាប់​ប្រជាជននៅម៉ាឡៃ»។ លោកថែមទាំងចាត់ទុក អតីតមេដឹកនាំរបស់ខ្លួន ថាជាអ្នក«ស្នេហាជាតិ»ដ៏អស្ចារ្យមួយរូប ដែល​បានការពារប្រទេសយ៉ាងខ្លាំងក្លា ទប់ប្រឆាំងនឹង«ការឈ្លានពាន» របស់វៀតណាម។ «យើងសោកស្ដាយណាស់ ដោយ​បាត់រូបគាត់»។

បន្ទាប់ពីកងទ័ពវៀតណាម បានវាយចូលទន្ទ្រានឈ្លានពាន ប្រទេសកម្ពុជានៅឆ្នាំ១៩៧៩ ហើយបានទម្លាក់ខ្មែរក្រហម ចេញពីអំណាចនោះមក លោកអៀង សារី បានភៀសខ្លួន មកនៅតាមបណ្ដោយជាយដែនខ្មែរ-ថៃ ហើយបន្តដឹកនាំ​ចលនា​របស់ខ្លួននេះតទៅទៀត។ រហូតមកដល់ឆ្នាំ១៩៩៦ ទើបរចនាសម្ព័ន្ធនៃចលនាតស៊ូរបស់លោក ត្រូវបានរំលាយខ្លួន​ទាំង​ស្រុង ហើយបានចុះចូលជាមួយនឹងរដ្ឋាភិបាល។

អតីតយុទ្ធមិត្តខ្មែរក្រហមម្នាក់ទៀត ឈ្មោះញឹម ព្រឿន អាយុ៥៨ឆ្នាំ បានអះអាងថា «បើទោះជា មនុស្សនៅតំបន់ផ្សេង បាន​ចោទគាត់ ពីបទប្រល័យពូជសាសន៍ក៏ដោយចុះ តែនៅទីនេះ គាត់បានសាងរឿងល្អៗជាច្រើន សម្រាប់អ្នកក្រ»។ លោក​បានសម្ដែងទុក្ខ យ៉ាងក្រៀមក្រំរបស់លោក ដោយសារតែលោក បានចាត់ទុកលោក អៀង សារី ដូចជា«ឪពុក»របស់​លោក​ដែរ។

ប្រជាជន«មូលដ្ឋាន» ឬអ្នករស់នៅក្នុងតំបន់ បានគិតសឹងតែគ្រប់គ្នាថា លោកអៀង សារី ជាកុលបុត្រខ្មែរដ៏អង់អាច​មួយ​រូប។ ប៉ុន្តែប្រជាជានកម្ពុជាទូទៅ ឬអ្នកថ្មី ឬអ្នក១៧មេសា និងរាល់បណ្ដាជនរងគ្រោះ ទាំងឡាយផ្សេងទៀត ពុំបានគិត​ដូច្នោះទេ។ ផ្ទុយទៅវិញ មរណភាពរបស់លោក បាននាំយកទៅជាមួយ នូវ«ការពន្យល់»បង្ហាញពីការពិត និងការ​«វិន្និច្ឆ័យ​ទោស»​ទាំងឡាយ ដែលនឹងអនុញ្ញាតអោយ ទំព័រ«ខ្មៅ» នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា អាចផ្លាស់ប្ដូទៅរកទំព័រថ្មីមួយ​ទៀត​បាន។

អតីតអ្នកទោសចុងក្រោយ អាយុ៧២ឆ្នាំ ដែលបានរួចរស់មានជីវិត ពីមន្ទីឃុំឃាំងស២១ ទួលស្លែង លោកប៊ូ មេង អាយុ​៧២ឆ្នាំ បានសម្ដែងការសោកស្ដាយ យ៉ាងដូច្នេះថា «អៀង សារីស្លាប់ សំនុំរឿងរបស់គាត់ក៏បិទដែរ (...) អញ្ចឹងយុត្តិធម៌ សម្រាប់ជនរងគ្រោះ មានកាន់តែតិចទៅៗ»។ លោកបានឆ្លើយតបទៀតថា «អៀង សារី ជាឃាតករ។ និយាយថាគាត់​ជាវីរបុរស ជារឿងមួយខុសទាំងស្រុង។»

មេដឹកនាំខ្មែរក្រហម ដែលនៅរស់ តែមានជរាភាពខ្លាំងណាស់ដែរទៅហើយ និងត្រូវប្រឈមនឹងការកាត់ក្ដីនោះ មាន អតីត​ប្រមុខរដ្ឋលោកខៀវ សំផង អាយុ៨១ឆ្នាំ និងបងធំទី២ អតីតមេ​មនោគម​វិជ្ជា លោកនួន ជា អាយុ៨៦ឆ្នាំ។ រីឯភរិយា​មេម៉ាយ​របស់លោកអៀង សារី លោកស្រីអៀង ធីរិទ្ធិ ដែលធ្លាប់ជារដ្ឋមន្ត្រីសង្គមកិច្ច និងជាស្ត្រីទីមួយ នៃកម្ពុជាប្រជាធិបតេយ្យ​ផង​ដែរ​នោះ ត្រូវបានតុលាការចាត់ទុកថា មិនគ្រប់​លក្ខណៈតាមផ្លូវច្បាប់ សម្រាប់ប្រឈមនឹងការកាត់ទោស ដោយសារ​តែ​លោកស្រី បាន«បាត់បង់សតិ»ទៅហើយ។

អ្នកចូលនិវត្តន៍មួយរូប រស់ក្នុងទីរួមខេត្តបន្ទាយមានជ័យ លោក ជា អន អាយុ ៦៨ឆ្នាំ ដែលមានបងប្អូន និងកូន បានស្លាប់​ក្នុងជំនាន់នោះ​អស់ចំនួន​ប្រាំនាក់នោះ បាននិយាយថា អ្នកដែលមានបងប្អូន ឪពុកម្តាយ ស្លាប់ក្នុងជំនាន់នោះ​ប្រាកដជា​មិនសុខចិត្តទេ ព្រោះយុត្តិធ៌ម នៅមិនទាន់ត្រូវបាន ផ្ដល់ជូនពួកគាត់នៅឡើយ។ ជាពិសេស ការស្លាប់របស់លោក អៀង សារី បានធ្វើអោយបាត់ដាន របស់«មេខ្លោងធំ» ដែលជា«អ្នកបញ្ជាពិតប្រាកដ» នៅក្នុងរបបវាលពិឃាតនេះ។ ទោះជា​យ៉ាងណា លោក ជា អន បានសរសើរ អតីតបងធំទីបី ថាក្នុងរបបរបស់លោក មិនបានធ្វើប្រទេសខ្មែរ«បាត់បង់»ទឺកដី សូម្បីមួយចំអាម។

ដូច្នេះ លោកអៀង សារី ជា«វីរបុរស» ឬជា«ឃាតករ» គេត្រូវសង្ឃឹមជឿជាក់ទាំងស្រុង ទៅលើសាលាក្ដី ដែលទទួល​បន្ទុក​វិន្និច្ឆ័យទោស លើក្រុមមេដឹកនាំខ្មែរក្រហម ក្នុងការចេញ«សាលក្រម»សម្រេច។ ប៉ុន្តែបញ្ហាដែលថា តើសាលាក្ដីនឹងធ្វើ​អោយមានការ«ជឿជាក់»បាន ឬយ៉ាងណានោះ វាជារឿងដាច់ដោយឡែកមួយទៀត៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...