អតីតទាហានខ្មែរក្រហមដោះមីនដោយដៃទទេរ ផ្អើលដល់អ៊ឺរ៉ុប
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 27, 2014
- ប្រធានបទ: គ្រាប់មិនទាន់ផ្ទុះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីរៈភាព - តាំងពីជាង២០ឆ្នាំមកហើយ ដែលអតីតមន្ត្រីកម្មាភិបាលខ្មែរក្រហមមួយរូប លោក អាគី រ៉ា បានធ្វើការដោះមីនប្រឆាំងមនុស្ស ប្រកបដោយចំណាប់អារម្មណ៍ខ្ពស់ សឹងតែនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។ គេហទំព័រ កូរើស (Koreus) របស់បារាំង បានយកវីដេអូមួយ ដែលថតផ្តិតយករូបភាព ដោយអ្នកសារព័ត៌មានរបស់ផងខ្លួននោះ មកចុះផ្សាយ ហើយបង្កឲ្យមានការចែករំលែកបន្តគ្នា នៅពាសពេញទ្វីបអ៊ឺរ៉ុប ស្ដីពីវីរៈភាពរបស់បុរស អាគី រ៉ា។
វីរៈភាពគួរឲ្យកោតស្ងប់ស្ងែង ព្រោះបុរសជាតិខ្មែររូបនេះ បានដោះមីនចេញពីដី និងរើរុះប្រអប់មីននោះ ដោយដៃទទេ ជាមួយតែកាំបិតចុងស្រួចមួយប៉ុណ្ណោះ និងគ្មានរបាំង ឬអាវការពារអ្វីទាំងអស់។ ការរើរុះប្រអប់មីនទាំងនោះ ត្រូវបានបុរសយើងធ្វើ ពោរពេញដោយជំនាញយ៉ាងប៉ិនប្រសព្វ និងមិនភ័យខ្លាចថា មីននេះអាចនឹងផ្ទុះឡើងនោះឡើយ។
យ៉ាងណាក៏ដោយ នៅក្នុងវីដេអូ លោក អាគី រ៉ា បាននិយាយថា ប្រការនេះទាមទារឲ្យយើងស្គាល់ពីសណ្ឋានមីន ឬគ្រាប់មិនទាន់ផ្ទុះនោះឲ្យច្បាស់ ហើយក៏មិនមែនចេះតែឆ្កឹសឆ្កៀល មិនមានរបៀបនោះដែរ។
របបកម្ពុជាប្រជាធិបតេយ្យ បានបិទបញ្ចប់កន្លងទៅ ជាង៣៥ឆ្នាំមកហើយ ហើយមន្ត្រីកម្មាភិបាលសេសសល់របស់ របបនេះ ក៏ទើបនឹងចុះចូលមករស់នៅក្នុងសង្គមជាតិវិញ ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះដែរ។
ប៉ុន្តែសង្គ្រាមបានបញ្ចប់ទៅហើយ ក្រុមខ្មែរក្រហមបានបាត់រូបរាងក៏មែនពិត តែប្រទេសកម្ពុជានៅសល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ រាប់សិបម៉ឺនគ្រាប់ទៀត ដែលដាំបង្កប់ ឬធ្លាក់នៅក្នុងដីព្រៃភ្នំ និងនៅតំបន់ដាច់ស្រយ៉ាលនានា ហើយអាចបង្កជាសុបិន្ដដ៏អាក្រក់ ដល់ប្រជាជនស៊ីវិល ជាពិសេសដល់កុមារ។ នៅក្នុងរបាយការណ៍មួយ របស់អង្គការស៊ីម៉ាកកម្ពុជា បានឲ្យដឹងថា គ្រាប់មីនដែលមានបង្កប់នៅក្នុងប្រទេស បន្ទាប់ពីសង្គ្រាមនោះ មានប្រមាណជាង៧លានគ្រាប់។ ប៉ុន្តែមួយភាគធំពីក្នុងចំណោមនោះ ត្រូវបានដោះចេញរួចរាល់ហើយ៕
នេះជាវីដេអូ បង្ហាញពីវីរៈភាពរបស់ លោក អាគី រ៉ា៖