យូធូប បំបែកឯកត្តកម្មថ្មី៖ អ្នកចូលទស្សនា ១ពាន់លាននាក់ក្នុង១ខែ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 21, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកចូលទៅទស្សនាគេហទំព័រ យូធូប (YouTube) ១ពាន់លាននាក់ ជាប្រចាំខែមានន័យដូចម្ដេច? មានន័យថា មនុស្ស ម្នាក់ ក្នុងចំណោមមនុស្ស២នាក់ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត នៅលើសកលលោក តែងតែចូលទៅកាន់គេហទំព័រ យូធូប។ នេះជាចំនួនមនុស្សដ៏ច្រើនលើសលប់។
ផ្នែកសេវាកម្មខាងវីឌីអូ របស់ក្រុមហ៊ុនគូកល (Google) បានប្រកាសជាលើកដំបូង កាលពីថ្ងៃម្សិលម៉ិញថា វាពិតជាមាន ចំនួនមួយដ៏ធំ ដែលមានអ្នកចូលទៅទស្សនាក្នុងគេហទំព័រយូធូប ច្រើនជាង១ពាន់លាននាក់ ជារៀងរាល់ខែ។
ក្រុមហ៊ុនយូធូប បានសរសេរបង្ហាញនៅលើគេហទំព័ររបស់ខ្លួន កាលពីម្សិលម៉ិញថា «បើសិនយើងជាប្រទេសមួយ យើង ប្រហែលជាប្រទេសដែលមានចំណាត់ថ្នាក់លេខ៣ ធំជាងគេបង្អស់ នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន និងឥណ្ឌា»។
នេះជារឿងមួយដ៏អស្ចារ្យសំរាប់ក្រុមហ៊ុនមួយនេះ ព្រោះពួកគេទើបតែមានអាយុកាល ៨ឆ្នាំប៉ុណ្ណោះ។ វាមិនត្រឹមតែអ្នកចូលទស្សនាទេ ដែលប្រើប្រាស់សេវាកម្មនេះ សូម្បីតែអ្នកបង្កើត ក៏ត្រូវការប្រើប្រាស់សេវាកម្មនេះដែរ ព្រោះគេត្រូវការបង្ហាញវីឌីអូផ្សេងៗ ដល់ពិភពលោកបានឃើញ។
បើយោងទៅតាមយូធូប បានឲ្យដឹងថា មានប្រព័ន្ធផ្សព្វផ្សាយរាប់ពាន់ប៉ុស្ត៏ ដែលបានទិញសិទ្ធក្នុងការបង្ហោះជាវីឌីអូ ហើយមានក្រុមហ៊ុនធំៗ ជាង១០០ ដែលបានផ្សព្វផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រមួយនេះ។
ខណះដែលក្រុមហ៊ុនគូកល មិនបានបង្ហាញចំនួនអ្នកទស្សនា កាលពីខែមករាកន្លងទៅនោះ វាត្រូវបានគេដឹងថា មានរយះពេលសរុប ៤ពាន់លានម៉ោង ដែលមនុស្សទាំងអស់បានមើលវីឌីអូ ក្នុងរយះពេល១ខែ។ ហើយវីឌីអូ របស់លោក ព្សាយ (Psy) បទ «កាំងណាំស្តាយ (Gangnam Style)» ជាវីឌីអូ ដែលមានអ្នកទស្សនាច្រើនជាងគេ។ ហើយក្នុងខែមិនានេះ ការបង្ហាញ វីឌីអូជីវចល «សេសេមស្រ្តីត (Sesame Street)» បានធ្វើឲ្យយូធូប មានអ្នកទស្សនា ច្រើនជាង ១ពាន់លាននាក់។
បើយោងទៅតាមចំនួនតួរលេខថ្មីៗនេះ ក្រុមហ៊ុនយូធូប បានឲ្យដឹងថា ចំនួនអ្នកចូលទស្សនា នៅលើគេហទំព័រ ដោយប្រើប្រាស់ទូរស័ព្ទដៃ ស្មើទៅនឹងអ្នកប្រើប្រាស់នៅលើកុំព្យូទ័រ។
លោក កាន់ណាដ ចនសិន (Gunnard Johnson) នាយកស្រាវជ្រាវផ្នែកពាណិជ្ជកម្ម របស់ក្រុមហ៊ុនគូកល បាននិយាយថា «ដោយសារតែសព្វថ្ងៃ មានប្រព័ន្ធអ៊ីនធឺណែតទូលំទូលាយ មានទូរស័ព្ទដៃ ទំនើបៗផងនោះ ធ្វើឲ្យមនុស្សទាំងអស់ អាចមើលវីឌីអូបាន គ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់ នៅពេលដែលពួកគេចង់មើល»៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ