ហ៊ុន សែន អំពាវនាវឲ្យបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បី«គាំទ្រ»លោកជានាយករដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើរសារនយោបាយជាចំហរ ដោយអំពាវនាវជាសាធារណៈ ទៅដល់ពលរដ្ឋ នៅទូទាំងប្រទេស ដែលជាម្ចាស់ឆ្នោត សូមឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្ររូបលោក ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ។
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងចេញពីទឹកដីខេត្តកំពង់ធំ ស្ថិតក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ក្នុងពិធីសម្ពោធសមិទ្ធផលសាសនា ដែលជាកន្លែងតាំងសមាធិ សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាសាធារណៈ ទៅដល់ពលរដ្ឋកម្ពុជាឲ្យគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា និងគាំទ្រលោក ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មីដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុង«ផ្លូវត្រូវ»ដែលនាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «បើសិនជាស្រលាញ់ហ៊ុន សែន បើសិនជាអាណិត ហ៊ុន សែន បើសិនជាពេញចិត្ត ហ៊ុន សែន បើសិនជាជឿទុកចិត្តហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជន»។
លោកនាយករដ្ឋមន្ត្រី ក៏បានបកស្រាយពន្យល់នូវការលើកឡើង នូវពាក្យទាំងបួនមាត់នោះថា ការស្រលាញ់ អាណិត ពេញចិត្ត និង ជឿទុកចិត្តនោះ ដោយសារតែពេញចិត្ត ទៅលើអ្វីដែលបានអភិវឌ្ឍន៍ និងដឹកនាំប្រទេសឲ្យមានសន្តិភាព។ លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ៖ «ប្រសិនបើមានចំនុចណាមួយ ក្នុងចំណោមចំនុចទាំងបួន សូមបោះឆ្នោតជូនគណបក្សប្រជាជន។ រឿងនេះ គឺជារឿងកំណត់ជោគវាសនា របស់នាយករដ្ឋមន្ត្រី។ រឿងនេះ គឺជារឿងអាយុជីវិតរបស់ខ្ញុំផ្ទាល់។ ការបោះលើកនេះ គឺបោះសម្លាប់ហ៊ុន ដែន រឺបោះឲ្យហ៊ុន សែនរស់ទៅមុខទៀត។»
លោកនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងទៀតថា ក្នុងរយៈពេលជាង៣០ ឆ្នាំមកនេះលោកបានធ្វើអស់ហើយ បានបំពេញ«ករណីកិច្ច»ក្នុងឋានៈជាប្រជាពលរដ្ឋ ហើយក៏ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលជាអ្នកទទួលខុសត្រូវ ពាំនាំមុខនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ឥឡូវដល់វេន ដែលខ្ញុំសូមពឹងពាក់វិញម្តង វាអត់មានអីពិបាកទេ គ្រាន់តែគូសតែ១ខ្វិច»។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងដោយចំអកឡកឡឺយ ទៅគណបក្សនយោបាយផ្សេងៗទៀតថា អ្វីដែលលោកបានលើកឡើងនោះ ដូចជាមិនខុសនោះទេ ពីព្រោះអ្នកដទៃគេបានប្រើពាក្យនេះយូរហើយ រីឯគណកម្មាជាតិរៀបចំការបោះឆ្នោតក៏ពុំមានហាមអ្វីនោះដែរ។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ៖ «នេះគឺជាសិទ្ធិនយោបាយដែលត្រូវនិយាយ គេសូមសន្លឹកឆ្នោតដែរ យើងសូមដែរវាម៉េច»។
ឆ្លើយតបទៅនឹងការលើកឡើងនោះដែរ លោកកឹម សុខា អនុប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងឲ្យដឹងថា សារនយោបាយ របស់លោកនាយករដ្ឋមន្តី្រហ៊ុន សែន គឺធ្វើឲ្យពលរដ្ឋមិនបោះឆ្នោតឲ្យទៅវិញទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំសូមផ្ញើរជាសារនយោបាយទៅវិញថា បើអាណិតគ្រួសារគាត់ ស្រលាញ់កូនគាត់ ជឿងលើខ្លួនគាត់ បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ»។
លោក ទេព នីថា អគ្គលេខាធិការគណកម្មាជាតិ រៀបចំការបោះឆ្នោត និងលោកអ៊ឹម សួរស្តី ប្រធានគណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពុំអាចទំនាក់ទំនង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ ដោយលោកជាប់រវល់ប្រជុំ។
រីឯលោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងថា ចំពោះប្រទេសលទ្ធិប្រជាធិបតេយ្យ គឺពុំមានអ្វីដែលខុសនោះទេ គឺគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចឃោសនាដើម្បីស្វែងរកសន្លឹកឆ្នោតបាន គឺអាចប្រកួតប្រជែងគ្រប់ពេលវេលា។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្វីដែលប្លែក ហើយលោកនាយករដ្ឋមន្ត្រី ទទួចឲ្យពលរដ្ឋបោះឆ្នោតឲ្យនោះ ប្រហែលជាលោកព្រួយបារម្ភ ទាក់ទិនទៅនឹងការច្របាច់បញ្ចូលគ្នា រវាងគណៈប្រឆាំងសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ នេះជាហេតុដែលធ្វើឲ្យ គណបក្សប្រជាជនព្រួយបារម្ភជាងមុន ដោយសារតែពុំអាចពឹងផ្អែក លើតែគណបក្សហ៊្វុនស៊ិនប៉ិចបាន។»
ចំពោះលោកកែម ឡី អ្នកវិភាគសង្គមឯករាជ្យបានលើកឡើងថា នេះគឺជាប្រពៃណីរបស់អ្នកនយោបាយ ដែលគេតែងតែផ្ញើរសារនយោបាយ នៅពេលដែលការបោះឆ្នោត ខិតជិតចូលមកដល់ ដើម្បីរំលឹកទៅដល់ប្រជាពលរដ្ឋកុំឲ្យភ្លេច។ ការលើកឡើងគ្រប់គណបក្សនយោបាយនោះ ក៏ជាការផ្តល់ចំណេះដឹងមួយ ដល់ពលរដ្ឋដែរ ដើម្បីឲ្យគាត់ចេះវិភាគត្រឹមត្រូវ ប្រសើរជាជាងគាត់ទៅបោះឆ្នោត ដោយពុំទទួលបានព័ត៌មានអ្វីសោះ៕
-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ