និយោជក​បាន​«ឯកភាព»​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ ៨០​ដុល្លារ​ក្នុង​១ខែ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងព្រឹកថ្ងៃព្រហស្បត្តិនេះថា ក្រុមការងារទំនាក់ទំនងវិជ្ជាជីវះ ដែលពិភាក្សាលើបញ្ហាការតំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករ និយោជកបានឯកភាពគាំទ្រ ដល់ការតំឡើងប្រាក់ឈ្នួលនេះ បន្ទាប់ពីមានការផ្តល់ជាអនុសាសន៍ពីនាយករដ្ឋមន្រ្តីហ៊ុនសែន។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់ពីខែចុងខែឧសភា ឬដើមខែមិថុនាខាងមុខនេះ កម្មករនិយោជិតផ្នែកការកាត់ដេរសំលៀកបំពាក់ និងស្បែកជើង​ក្នុង​ប្រទេសកម្ពុជា នឹងទទួលបានប្រាក់ឈ្នួលអប្បរមា របស់ពួកគេដែលរាជរដ្ឋាភិបាល និងនិយោជកសំរេចដំឡើងពី ៦១ដុល្លារ​អាមេរិកទៅដល់៨០ដុល្លារអាមេរិក ខណះពេលដែលក្រុមសហជីពមួយចំនួន គំរាមធ្វើការតវ៉ា។


តំណាងកម្មករប្រមាណជាជាង១០នាក់ ត្រូវបានអនុញ្ញាតិអោយដើរ យកញាតិទៅដាក់ តាមស្ថាប័នទាក់ទងមួយចំនួន។ រូបថត MONOROOM.info/ O.Vary។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងព្រឹកថ្ងៃព្រហស្បត្តិនេះថា ក្រុម​ការងារទំនាក់ទំនងវិជ្ជាជីវះ ដែលពិភាក្សាលើបញ្ហា ការតំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករ និយោជកបាន​ឯកភាព​គាំទ្រ ដល់ការតំឡើងប្រាក់ឈ្នួលនេះ បន្ទាប់ពីមានការផ្តល់ជាអនុសាសន៍ ពីនាយករដ្ឋមន្រ្តីហ៊ុនសែន។

លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៌ក្នុងសេចក្តីប្រកាសព័ត៌មានថា ការតម្លើងប្រាក់ឈ្នួល​អប្បរមា មាន៦១ដុល្លារអាមេរិក ក្នុងពេលបច្ចុប្បន្នដែលកម្មករទទួលបាន បានតម្លើងទៅដល់ចំនួន ៧៣ ដុល្លារអាមេរិក។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើសុំពីឲ្យភាគីនិយោជក តម្លើងបន្ថែមចំនួន ២ដុល្លារទៀត បូកនឹងប្រាក់ថែទាំ​សុខភាព ៥ដុល្លារដែលមានស្រាប់ចំនួន៥ដុល្លារអាមេរិក ដូចនេះសរុបប្រាក់ឈ្នួល ដែលកម្មករនិយោជិក​នឹងទទួល​បាន​គឺចំនួន ៨០ ដុល្លារអាមេរិកក្នុងមួយខែ។

លោករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា ប្រាក់ឈ្មួល អប្បរមានេះ នឹងចូលជាធរមាន នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ នឹងចាប់​បើកប្រាក់ឈ្មួល នៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០១៣ នេះតទៅ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពឲ្យបង្កើតក្រុមការងារចម្រុះត្រីភាគី និងដៃគូរពាក់ព័ន្ធ ដើម្បីបន្តការ​សិក្សាស្រាវជ្រាវ អំពីប្រាក់ឈ្មួលអប្បរមា សមស្របសម្រាប់កម្មករនិយោជិតក្នុងរយៈពេល ១ ឆ្នាំម្តង ឬតាម​ពេល​វេលា​ចាំបាច់ ដើម្បីពិនិត្យពិភាក្សា អំពីប្រាក់ឈ្មួលអប្បរមា សមស្របសម្រាប់កម្មករ និយោជិត។

គណៈកម្មការប្រឹក្សាការងារនៃក្រសួងការងារនឹងធ្វើការកោះប្រជុំនៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៣នេះ ដើម្បីបំពេញនីតិវិធី តាមគោលការណ៌នៃច្បាប់ស្តីពីការងារ។

សូមបញ្ជាក់ថាក្រុមការងារទំនាក់ទំនងវិជ្ជាជីវះនៃក្រសួងសង្គមកិច្ច បានធ្វើការប្រជុំជាច្រើន លើកច្រើនសារក្នុងការពិភាក្សា លើបញ្ហាប្រាក់ឈ្នួលនេះតាំងពីថ្ងៃទី២៦ ខែកុម្ភះ រហូតដល់ថ្ងៃទី១៩ខែមីនាឆ្នាំ២០១៣។

លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានធ្វើការប្រឆាំងទៅនឹងការសំរេចចិត្ត លើការតំឡើងប្រាក់​ឈ្នួល​អប្បរមា ជូនកម្មករនិយោជិក ចំនួន៨០ដុល្លារអាមេរិកនេះ។ លោកបានមានប្រសាសន៌ថាៈ «ខ្ញុំមិនធ្វើការស្វាគមន៍ ចំពោះ​ការតំឡើងនេះទេ ព្រោះវាមានចំនួនតិចតួចបំផុត សំរាប់កម្មករកម្មការិនីផ្គត់ផ្គង់ជីវភាពរបស់ពួកគេ និងមិនអាចឆ្លើយតប​ទៅនឹងតំលៃ អតិផរណានៅលើទីផ្សារ ដែលមានតំលៃថ្លៃនោះទេ»។

លោករ៉ុង ឈុនបានថ្លែងបន្តថា លោកនៅតែឈរលើជំហរ ទាមទារប្រាក់ឈ្នួលជូនកម្មករ ចំនួន១០០ដុល្លារអាមេរិកដដែល ហើយនៅពេលខាងមុខ យ៉ាងឆាប់នេះប្រសិនបើការ ទាមទាររបស់លោកមិនត្រូវបានទទួលយកទេ នោះការប្រមូលផ្តុំ​ធ្វើ​កូដកម្មដោយអហឹង្សា នឹងកើតមានឡើងនៅទូទាំងប្រទេសកម្ពុជា។

លោកសំ អន កម្មករនៅរោងចក្រមួយក្នុងទីក្រុងភ្នំពេញ បាននិយាយកាលពីថ្ងៃព្រហស្បត្តិ នេះថា លោកមិនអាចទទួល​យកការតំឡើងប្រាក់ឈ្នួល ដ៏តិចតូចនេះបានទេ។ លោកបានឲ្យដឹងថាៈ «៨០ដុល្លារ វាជាចំនួនមួយតិចណាស់សំរាប់ខ្ញុំ ក៏ដូចជាកម្មករដទៃទៀត។ យ៉ាងហោចណាស់ក៏ទទួលបានពី៩០ ឬ១០០ដុល្លារដែរ។»

លោកសំ អនមានការអាក់អន់ចិត្ត ជាមួយនឹងរាជរដ្ឋាភិបាល ដែលបានសំរេចបន្ថែម នូវប្រាក់ឈ្នួលរបស់ពួកគេ តែ៨០​ដុល្លារនេះ។ លោកបានថ្លែងបន្ថែមទៀតថា៖ «ប្រសិនបើរាជរដ្ឋាភិបាលគិតថាប្រាក់៨០ដុល្លារនេះវាគ្រប់ គ្រាន់សំរាប់​ការចំណាយរបស់ពួកកម្មករយើងនោះ គឹមិនត្រឹមត្រូវទេ។ សូមលោកនាយក រដ្ឋមន្រ្តីធ្វើការគិតពិចារណាឡើងវិញ។»

នៅថ្ងៃព្រហស្បត្តិនេះផងដែរ ក្រុមសហព័ន្ធសហជីពចំនួន៥ ដែលជាតំណាងឲ្យកម្មករនិយោជិត បានចេញសេចក្តីថ្លែង-​ការណ៍រួមមួយ បន្ទាប់ពីមានការប្រកាសពីការកំណត់តម្លើង ប្រាក់ឈ្នួលដល់កម្មករ។

ក្រុមសហព័ន្ធបាននិយាយថា ការតម្លើងប្រាក់ឈ្នួលឲ្យបានសមរម្យ គឺជាកត្តាសំខាន់ដើម្បី ជួយកាត់បន្ថយហានិភ័យ​ការងាររបស់កម្មករ និយោជិតបានច្រើនយ៉ាង ដូចជា បញ្ហា សុខភាពជា ដើម និងមិនធ្វើឲ្យមាននូវការទាមទារ​ជាលក្ខណៈ​កូដកម្ម ឬបាតុកម្មក្នុងទ្រទ្រង់ធំនៅ ពេលខាងមុខ។

ក្រុមសហជីពនឹងមិនបោះបង់ការទាមទារក្នុងកម្រិតដែលពួកគេបានកំណត់នោះឡើយ គឺ១០០ដុល្លារអាមេរិក៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...