ហ៊ុន សែន ឲ្យអ្នកប្រឌិតរឿងលោក«ស្លាប់» គួថែសុខភាពឬវេចបង្វិចរត់
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន ក្នុងស្រុកឈូក ខេត្ដកំពត កាលពីព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានប្រតិកម្មធ្ងន់ៗ តបទៅនឹងពាក្យចរចាមអារាម ក៏ដូចជាព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញទំនាក់ទំនងហ្វេកប៊ុក ទាក់ទងនឹងមរណភាពរបស់លោក ដោយសារដាច់សរសៃឈាមខួរក្បាលនោះ។ លោកបានវាយបក ដោយប្រាប់ឲ្យមនុស្សដែលប្រឌិតរឿងនេះ គួរថែរក្សសុខភាពខ្លួនឯង ឬត្រូវវេចបង្វិចរត់ឲ្យហើយទៅ។
លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
ខេត្តកំពត - ពិធីជួបជាមួយយោធិនពិការ នៅមជ្ឈមណ្ឌលតាកែនកោះស្លា លោកនាយករដ្ឋមន្ដ្រីបានលើកឡើងថា៖ «នេះ គឺហ៊ុន សែន សិប្បនិម្មិតឬមែនទែន ចេះតែ ដើរភូតថ្លុក ភូតត្រពាំង ចេះតែបន់ឱ្យខ្ញុំងាប់ ។ (...) កុំសង្ឃឹមរង់ចាំឱ្យហ៊ុន សែន ងាប់ មិនងាយទេ។ (...) ពូជខ្ញុំមិនមែនពូជក្បត់ជាតិ ពូជឃ្លង់ ពូជរបេង ឬពូជឡប់ អត់មានទេ។»
ក្នុងជំនួបយោធិនពិការ៣១៧ នៅតាកែនកោះស្លា ស្ថិតនៅក្នុងភូមិតេជោអភិវឌ្ឍន៏ ឃុំតេជោអភិវឌ្ឍន៏ ស្រុកឈូក ខេត្តកំពត លោកក៏បានបង្ហាញនូវកម្លាំង និងស្ថានភាពសុខភាពដ៏រឹងមាំ ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារាមបែបបង្កបញ្ហានោះ។
ជាមួយនឹងពាក្យបញ្ជាក់ ពីស្ថានភាណសុខភាពរបស់លោក និងដំណើរការនៃការដឹកនាំប្រទេស តាមអង្គនីតិប្រតិបត្តិនោះ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសជាសាធារណៈ នូវការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់ជាតិថា កងកម្លាំងទាំងអស់ក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការ«បញ្ជា»ផ្ទាល់ពីលោក។
ក្នុងការថ្លែងបញ្ជាក់ខាងលើ របស់លោកនាយករដ្ឋមន្រ្តីរូបនេះ ហាក់ដូចមានបំណងសំដៅទៅរកបុគ្គលណាម្នាក់ ឬក្រុមណាមួយ។ លោកបានសង្កត់ធ្ងន់ថា ក្នុងករណីលោកពិតជាស្លាប់មែននោះ កងកម្លាំងដែលស្ថិតក្រោមការបញ្ជារបស់លោកនឹងមិនអត់ឱនឡើយ។ ហើយអ្នកនោះ (អ្នកបញ្ចេញពា្យចចាមរាម) ទៅវិញទេ គួតែជាអ្នកត្រូវវេចបង្វិចរត់ចោលស្រុកនោះ។ ព្រោះថា លោកជាមនុស្សម្នាក់គត់ ដែលមានសិទ្ធិអំណាចក្នុងការបញ្ជាទ័ពទាំងនោះ ដើម្បីទប់ទល់ ឬគ្រប់គ្រងនូវស្ថានការណ៍នីមួយៗ។ លោកក៏បញ្ជាក់ផងដែរថា បើទោះជានៅមានរដ្ឋមន្ដ្រីការពារជាតិ ក៏មិនអាច«បញ្ជា»កម្លាំងនគរបាល និងស៊ីវិល ឬមានរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏មិនអាចបញ្ជាកម្លាំងទ័ព និងកម្លាំងកងរាជអាវុធហត្ថបាននោះដែរ។
លោកក៏បានបង្ហាញប្រភព នៃពាក្យចចាមរាមទាំងអស់នោះថា ចេញមកពីប្រទេសអូស្ដ្រាលី ហើយលោកក៏សូមឲ្យម្ចាស់ប្រភព ដែលចង់ឱ្យលោក«ស្លាប់»ទាំងនោះ គួរគិតគូ និងថែរក្សានូវ សុខភាពខ្លួនឲ្យបានល្អទៅវិញទៅ ទើបជាការប្រសើរ។
មកដល់ម៉ោងនេះទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់មានប្រតិកម្មតប ពីខាងគណបក្សសង្គ្រោះជាតិ ពិសេសពីលោក ប៉ែន ពុទ្ធសភា បាននៅឡើយ។
ព័ត៌មានដែលអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំងឺ ត្រូវបានទម្លាយឲ្យដឹង និងមានភាពច្បាស់លាស់ ដោយប្រភពព័ត៌មានមួយ ដាក់រហស្សនាមជាអ្នករាយការណ៍ពិសេស តាមរយៈឈ្មោះ ប៉ែន ពុទ្ធសភា ដែលគេស្គាល់ថា ជាអ្នកយកព័ត៌មានប្រចាំគណបក្សសង្គ្រោះជាតិ។ តាមប្រភពខាងលើនេះបានអះអាង ដូចជាច្បាស់លាស់ជាងគេ នៅលើបណ្ដាញសង្គមថា មកទល់នឹងម៉ោង៨យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤នេះ ស្ថានភាពសុខភាពលោក ហ៊ុន សែន នៅមិនទាន់មានភាពប្រសើរឡើងវិញនោះទេ និងកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបូរី។
ចំណែកក្រុមមួយចំនួនទៀត ដែលមិនចូលចិត្តការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្អើលបន្ថែម នៅថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញនេះ តាមបណ្ដាញសង្គមទៀតថា បុរសខ្លាំងកម្ពុជា ដែលដឹកនាំប្រទេសដោយកណ្ដាប់ដៃដែក តាំងពីជិត៣០ឆ្នាំមកហើយនេះ បានធ្វើដំណើរទៅកាន់បរលោកបាត់ទៅហើយ៕