ហ៊ុន សែន អះអាងថាបានស្រក់ទឹកភ្នែករាប់សែនដំណក់ មុនចេញទៅយួន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 19, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើលោកមិនបានអះអាង ដោយខ្លួនលោកទេ ប្រហែលគ្មាននរណាបានគិត ពីមុនមកថា លោក ហ៊ុន សែន ជាមេដឹកនាំ ដែលពូកែយំ រហូតដល់ស្រក់ទឹកភ្នែក រាប់សែនដំណក់នោះទេ។ តែនេះ គឺលោកនាយករដ្ឋមន្ត្រី បានអះអាងដោយខ្លួនលោកផ្ទាល់ អំពីការស្រក់ទឹកភ្នែក រាប់សែនដំណក់នេះ នៅថ្ងៃនេះ ពោលគឺមួយថ្ងៃ មុនថ្ងៃខួបទី៤១ឆ្នាំ នៃការចាកចេញ ក្នុងខែមិថុនា ឆ្នាំ១៩៧៧ ទៅសុំឲ្យវៀតណាម លើកទ័ពចូល«រំដោះ» ប្រជាជនកម្ពុជា។
នៅលើបណ្ដាញសង្គម លោក ហ៊ុន សែន បានសរសេរនៅមុននេះបន្តិច ឲ្យដឹងថា៖ «នៅសល់១ថ្ងៃទៀត នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
បន្ទាប់មក លោកបានសរសេរបន្តថា៖ «ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេច នូវទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើង ចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ»។
នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជា បានរៀបរាប់ថា៖ «ខ្ញុំអត់មានជម្រើស ឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិត ពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើន រហូតសព្វថ្ងៃនេះ។»។
បើតាមពិនិត្យមើល ក្នុងពេលកន្លងមក មិនមែនលោក ហ៊ុន សែន មិនដែលយំជាសាធារណៈ ឲ្យគេឯងបានឃើញនោះទេ។ ជាក់ស្ដែង លោកធ្លាប់យំខ្សឺតខ្សតយ៉ាងខ្លាំង ជាមួយនឹងភរិយារបស់លោក (រូបថតខាងលើ) នៅក្នុងពិធីសាសនា បញ្ជូនកុសលជូនទៅជនរងគ្រោះ ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា នៅកោះពេជ្រ កាលពីចុងឆ្នាំ២០១០ ហើយនៅពេលនោះ ទូរទស្សន៍ជាច្រើនប៉ុស្ដិ៍ បានថតពីការយំសោករបស់លោក យកទៅចាក់ផ្សាយបន្ត នៅពាសពេញផ្ទៃប្រទេស។
ប៉ុន្តែ បើនិយាយថា លោកបានបង្ហូរទឹកភ្នែក ដល់ទៅរាប់សែនដំណក់ នោះជារឿងរ៉ាវដ៏ប្លែកមួយ ដែលគេមិនដែលបានឮ ពីមុនមកទេ ជាពិសេស នៅចំពោះចម្រៀងដដែលៗ ដែលលោកតែងយកមកច្រៀង ជារៀងរាល់ឆ្នាំ ទាក់ទងនឹងការចាកចេញ ពីជួរកម្មាភិបាលខ្មែរក្រហម ឆ្លងព្រំដែន ចូលទៅប្រទេសវៀតណាម ដែលសម្រាប់រូបលោក វាជាបេសកកម្មទៅសុំវៀតណាម ឲ្យមកជួយរំដោះប្រជាជនកម្ពុជា ពីរបបវាលពិឃាត។
ផ្ទុយទៅវិញ សម្រាប់អ្នកស្រាវជា្រវឯករាជ្យ បានពន្យល់ពីហេតុការណ៍ខាងលើថា គឺលោក ហ៊ុន សែន ខ្លួនឯងបានគេចខ្លួន ចេញពីប្រតិបត្តិការចម្រោះរបស់ ប៉ុលពត ដែលចង់កម្ចាត់ចោល នូវជនក្បត់បដិវត្តន៍ មុននឹងលោក ហ៊ុន សែន បានភៀសខ្លួន ចូលប្រទេសវៀតណាម និងក្រោយមក បានភ្ជាប់ខ្លួន ទៅនឹងនយោបាយឈ្លានពាន របស់ប្រទេសវៀតណាម ដែលបានគ្រោងទុក តាំងពីច្រើនខែមុនរួចហើយ ដើម្បីវាយលុក ចូលក្នុងប្រទេសកម្ពុជា៕
» អត្ថបទដែលទាក់ទង៖ ពិតឬ បុព្វហេតុ ហ៊ុន សែន ទៅហៅយួនមករំដោះខ្មែរ?