បាល់ទាត់ពិភពលោក៖ ស៊ុយអែដឈ្នះកូរ៉េខាងត្បូង ដោយបាល់ពិន័យវីដេអូ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 19, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្រាប់បាល់ពិន័យមួយគ្រាប់ ដែលនាំជ័យជំនះ មកឲ្យក្រុម ស៊ុយអែដ នោះ ត្រូវបានទាត់បញ្ចូលទី ដោយកីឡាករ «Andreas Granqvist» ដែលជាកីឡាករប្រធានក្រុម។ ជ័យជំនះបានផ្ដល់ ៣ពិន្ទុ ឲ្យក្រុម ស៊ុយអែដ ដើម្បីជា«ទឹកមាត់» មុននឹងទៅជួបប្រកួត ជាមួយក្រុម អាល្លឺម៉ង ក្នុងថ្ងៃសៅរ៍ខាងមុខ ខណៈក្រុម អាល្លឺម៉ង់ បានប្រកួតចាញ់ក្រុម ម៉ិចសិក កាលពីល្ងាចម្សិលម៉ិញ។
ប៉ុន្តែបាល់ពិន័យមួយគ្រាប់នេះ ក៏ជាការក្ដៅក្រហាយ សម្រាប់ក្រុមជម្រើសជាតិ កូរ៉េខាងត្បូង ដែរ។ នៅភ្លាមៗ នៅក្រោយការប៉ះទង្គិច រវាងកីឡាករកូរ៉េ «Min-woo Kim» និងកីឡាករស៊ុយអែដ «Viktor Claesson» នៅនាទីទី ៦៥នោះ អាជ្ញាកណ្ដាលជាតិ សាល់វ៉ាទ័រ លោក «Joel Aguilar» មិនបានផ្លុំកញ្ចែរពិន័យទេ រហូតលុះត្រាលោក ត្រូវបានអញ្ជើញ ឲ្យមើលរូបភាព នៃអាជ្ញាកណ្ដាលវីដេអូរួច ទើបលោកទទួលយល់ព្រម ឲ្យមានការពិន័យ ទាត់បាល់១១ម៉ែត្រ។
ប៉ុន្តែ បើមើលពីសាច់បាល់ និងបច្ចេកទេសទាត់វិញ ក្រុម កូរ៉េខាងត្បូង មិនប្រាកដថា ត្រូវអស់សង្ឃឹមនោះឡើយ។ ក្រុមនេះ បានបង្កើតឱកាស ដើម្បីទាត់បញ្ចូលទីជាច្រើន តែកង្វះប្រសិទ្ធិភាព នៃថ្វីជើងរបស់កីឡាកររបស់ខ្លួន បានធ្វើក្រុមបាល់ទាត់ មកពីប្រទេសអាស៊ីខាងកើតមួយនេះ រកគ្រាប់បាល់ស្មើ មកវិញមិនបាន ដូចយ៉ាងគ្រាប់បាល់ មិនចំប្រអប់ទី របស់កីឡាករ «Hee-chan Hwang» ដែលនៅមុខទីស៊ុយអែដ តែម្នាក់ឯង នៅនាទីទី ៩០+១ នោះជាដើម។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ស៊ុយអែដ និងក្រុម កូរ៉េខាងត្បូង៖
ជ័យជំនះរបស់ក្រុម ស៊ុយអែដ បានផ្ដល់៣ពិន្ទុ ឲ្យក្រុមនេះ ឡើងមកឈរទន្ទឹម នឹងក្រុម ម៉ិចសិក ដែលបានបំបាក់ក្រុម អាល្លឺម៉ង់ ម្ចាស់ពានពិភពលោក ឆ្នាំ២០១៤ នៅក្នុងការប្រកួត កាលពីរសៀលម្សិលម៉ិញ។ ការប្រកួតទាំងពីរជុំ ដែលនៅសេសសល់ សម្រាប់ពូល F នេះ គួរត្រូវចាត់ទុកជា ជាការប្រកួតដ៏ស្រួចស្រាវ ព្រោះក្រុម អាល្លឺម៉ង ចាំបាច់ត្រូវរកពិន្ទុ ឲ្យបាន៦ពិន្ទុ ចេញពីការប្រកួតទាំងពីរ ដែលនៅសល់ ដើម្បីអាចឡើង ទៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្របាន។
រីឯក្រុម កូរ៉េខាងត្បូង វិញ ក៏ត្រូវតែយកឈ្នះ ឲ្យខាងតែបានដូចគ្នាដែរ បើទោះជាការប្រកួត ទាំងពីររបស់ខ្លួននោះ ដំបូងទល់នឹងក្រុម ម៉ិុចសិក និងបន្ទាប់មក ទល់នឹងក្រុម អាល្លឺម៉ង់ សុទ្ធសឹងជាការប្រកួត ដែលមិនសូវមានសង្ឃឹម ក៏ដោយ៕