បាល់ទាត់ពិភពលោក៖ សេណេហ្គាល់បំបាក់ប៉ូឡូញ ២-១
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 19, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមតោ នៃប្រទេសសេណេហ្គាល់ ជាក្ដីសង្ឃឹមចុងក្រោយ នៃទ្វីបអាហ្វ្រិក បន្ទាប់ពីក្រុមអារ៉ាប៊ីសាអ៊ូឌីត ម៉ារ៉ុក អេហ្សីព នីហ្សេរីយ៉ា និងតួនេស៊ី សុទ្ធតែបានប្រកួតចាញ់ទាំងអស់ នៅក្នុងជុំដំបូង នៃវគ្គជម្រុះក្នុងពូល។ ហើយក្រុមជម្រើសជាតិ សេណេហ្គាល់ ពិតជាមិនបានធ្វើឲ្យខកចិត្តទេ ដោយបានយកឈ្នះ (២-១) លើក្រុម ប៉ូឡូញ ដែលល្បីថា ជាក្រុមខ្លាំងមួយ នៅក្នុងទ្វីបអ៊ឺរ៉ុបដែរនោះ។
តែក្រុម ដែលល្បីថាខ្លាំង មិនពិតថា ខ្លាំងនៅពេលប្រកួតទេ។ ជាងនេះទៀត សំណាង ក៏មិនបាននៅ ជាមួយក្រុម ប៉ូឡូញ ដែរ ដូចគ្រាប់បាល់ទីមួយ របស់ក្រុម សេណេហ្គាល់ នៅនាទីទី ៣៧ ដែលជាគ្រាប់បាល់ ដាក់ចូលទីខ្លួនឯង របស់ខ្សែការពារប៉ូឡូញ កីឡាករ «Thiago Cionek» ជាដើម។
ចំពោះគ្រាប់បាល់ទី ២ របស់ក្រុម សេណេហ្គាល់ នៅនាទីទី ៦១ ក៏ជាគ្រាប់បាល់ ដែលផ្ដល់ដោយខ្សែបម្រើប៉ូឡូញដែរ។ កីឡាករ «Grzegorz Krychowiak» បានបញ្ជូនបាល់មកក្រោម តែបែជាកីឡាករ «Mbaye Niang» ខ្សែប្រយុទ្ធសេណេហ្គាល់ ជាអ្នកទទួលយកបាល់នេះ ដោយពញ៉ាក់ដាច់ទាំងខ្សែការពារ ទាំងកីឡាករចាំទី មុននឹងរុញគ្រាប់បាល់មួយនេះ ចូលទៅក្នុងសំណាញ់ទី ប៉ូឡូញ ទាំងគ្មានអ្នករារាំង។
នៅនាទីទី ៨៦ កីឡាករ «Grzegorz Krychowiak» បានជួសជុលកំហុសរបស់ខ្លួន ដោយរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន បានមួយគ្រាប់មកវិញ។ តែក្រុមប៉ូឡូញ ដែលមានកីឡាករ «Robert Lewandowski» ខ្សែប្រយុទ្ធរបស់ក្រុម បាយ៉ឺនម៉ូនិឆ (Bayern Munich) ជាកីឡាករប្រធានក្រុម មិនអាចធ្វើឲ្យរង្គើ នូវខ្សែការពារដ៏រឹងមាំ របស់ក្រុម សេណេហ្គាល់ បាន រហូតដល់ទីបញ្ចប់ នៃការប្រកួត។
» វីដេអូសង្ខេប នៃក្រុម សេណេហ្គាល់ និងក្រុម ប៉ូឡូញ៖
ជ័យជំនះរបស់ក្រុម សេណេហ្គាល់ បានផ្ដល់៣ពិន្ទុ ឲ្យក្រុមនេះ ទៅឈរទន្ទឹម នឹងក្រុមជម្រើសជាតិ ជប៉ុន ដែលទើបនឹងប្រកួតឈ្នះក្រុម កូឡំប៊ី កាលពីរសៀលមុននេះ ក្នុងពូល H។ ការប្រកួតជុំទីពីរ នឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី២៤ ខែមិថុនាខាងមុខ៖ ជប៉ុន ត្រូវជួបជាមួយ សេណេហ្គាល់ ខណៈប៉ូឡូញ ត្រូវជួបជាមួយ កូឡំប៊ី៕