បាល់ទាត់ពិភពលោក២០១៤៖ ជប៉ុនកក់កៅអីបានមុនគេ បន្ទាប់ស្មើជាមួយអូស្ត្រាលី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់អាស៊ី សាម៉ូរ៉ៃខៀវជប៉ុន បានក្លាយជាក្រុមដំបូងគេបង្អស់ ដែលជាប់ទៅលេងក្នុងព្រឹត្តិការណ៏ បាល់ទាត់ពិភពលោកឆ្នាំ២០១៤ (2014 World Cup) ដោយរួមបញ្ចូលទាំងម្ចាស់ផ្ទះប្រេស៊ីល ដែលនឹងត្រូវធ្វើការប្រកួតនៅរដូវក្តៅឆ្នាំក្រោយ។
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន រីករាយនៅពេលដឹងថាខ្លួនជាប់ទៅប្រស៊ីល។
កីឡាករ កេស៊ូកេ ហុងដា (Keisuke Honda) ដែលលេងឲ្យក្រុមស៊ីអេសឃេអេ មូស្គូ (CSKA Moscow) ប្រទេសរុស្ស៊ី បានទាត់បាល់ពិន័យប៉េណាល់ទីនៅម៉ោងបន្ថែម ជួយឲ្យក្រុមជម្រើសជាតិជប៉ុនតាមបានស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ហើយក៏ដូចជាជួយឲ្យជប៉ុន ឡើងទៅប្រកួតបាល់ទាត់ពិភពលោកជាលើកទី៥ របស់ខ្លួនដែរ។
ជប៉ុនមាន១៤ពិន្ទុ បន្ទាប់ធ្វើការប្រកួតបាន៧លើក ហើយឈរនៅចំណាត់ថ្នាក់លេខ១ និងនាំមុខគេដាច់ក្នុងពូលប៊ី (B ) ដែលមានក្រុមតាមពីក្រោយដូចជា អូម៉ង់ អូស្ត្រាលី ស៊ូដង់ និងអ៊ីរ៉ាក់។
គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោកអាល់បឺតូ ស្ស៊ាកចឺរ៉ូនី (Alberto Zaccheroni) បាននិយាយថា «គ្រាន់តែបានកៅអីទៅលេងនៅប្រេស៊ីល វាមិនទាន់គ្រប់គ្រាន់ទេ។ គោលដៅរបស់យើង នឹងធ្វើឲ្យបានជោគជ័យធំបំផុតនៅទីនោះ។»
បុរសសញ្ជាតិអ៊ីតាលីរូបនេះ បានបន្តថា «ខ្ញុំមកទីនេះ ដើម្បីជួយឲ្យពួកគេធ្វើដំណើរបន្តទៅកាន់បាល់ទាត់ពិភពលោក ហើយនោះជាគោលដៅទី១របស់ខ្ញុំ។ ពេលនេះ ខ្ញុំមានអារម្មណ៏ថា ខ្ញុំអាចសម្រេចវាបានហើយ។»
គ្រូបង្វឹកវ័យ៦០ឆ្នាំដដែល បានបន្ថែមថា «យើងមានការប្តេជ្ញាចិត្តយ៉ាងខ្លាំង ដើម្បីទទួលបានការលេងមួយដ៏ល្អ។ យើងនឹងខំហ្វឹកហាត់ និងបង្កើនសមត្ថភាពថែមទៀត ដើម្បីឲ្យបាល់ទាត់ពិលោកឆ្នាំ២០១៤ ក៏ដូចជាធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។»
ចំណែកឯក្រុមជម្រើសជាតិអូស្ត្រាលី ដែលបាននាំមុខក្រុមជប៉ុន ១-០ នៅនាទី៨១ កាលពីយប់មិញនោះ កំពុងតែឈរនៅចំណាត់លេខ៣ ហើយមានពិន្ទុប្រដេញគ្នាជាមួយក្រុម ស៊ូដង់ អូម៉ង់ និងអ៊ីរ៉ាក់។ បួនក្រុមនេះ នឹងប្រជែងគ្នាយកចំណាត់ថ្នាក់លេខ២ ដើម្បីស្វែងរកក្រុមណាមួយ មានសិទ្ធ ទៅកាន់ប្រទេសប្រេស៊ីលជាបន្ត។
រីឯក្រុមដែលបញ្ចប់ចំណាត់លេខ៣ នឹងត្រូវប្រកួតជម្រុះ (play-off) ជាមួយក្រុមចំណាត់ថ្នាក់លេខ៣ដូចគ្នា នៅពូលផ្សេង។ ហើយអ្នកឈ្នះនឹងទៅប្រកួតជម្រុះ ជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ៥ នៃប្រទេសតំបន់អាមេរិកខាងត្បូងមួយលើកទៀត ដើម្បីកាត់សេចក្តីយកក្រុមមួយ ទៅលេងនៅប្រេស៊ីល៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ