បាល់ទាត់ពិភពលោក ២០១៨៖ បានដឹងហើយ ពីក្រុមប្រកួតជម្រុះក្នុងពូល!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 02, 2017
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅសល់ប្រមាណតែ៧ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នឹងត្រូវបើកធ្វើហើយ នៅក្នុងប្រទេសរ៉ូស្ស៊ី។ ហើយការចាប់ឆ្នោត បែងចែកក្រុមបាល់ទាត់ នៅក្នុពូលនីមួយៗ ក៏ត្រូវបានធ្វើរួចរាល់ និងចេញផ្សាយជាផ្លូវការដែរ។
ក្រុមអាល្លឺម៉ង់ ដែលជាម្ចាស់ពានរង្វាន់ កាលពីឆ្នាំ២០១៤ (ក្នុងប្រទេសប្រេស៊ីល) ត្រូវនៅក្នុងពូលជាមួយ ម៉ិចស៊ិក ស៊ុយអែដ និងកូរ៉េខាងត្បូង។ រីឯក្រុមប្រេស៊ីល ដែលធ្លាប់លើកពានពិភពលោកនេះ ចំនួន៥ដង ឬក៏ប្រទេសបារាំង ដែលធ្លាប់លើកបានម្ដងដែរនោះ បានដឹងរួចហើយ ពីគូប្រកួតរបស់ផងខ្លួន តាមរយៈការចាប់ឆ្នោត ក្នុងថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងវិមានក្រឹមឡាំង នៃរដ្ឋធានីម៉ូស្គូ ប្រទេសរ៉ូស្ស៊ី។
ការប្រកួតដែលនឹងបើកធ្វើនៅថ្ងៃដំបូង (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨) ជាការប្រកួតរវាងក្រុមបាល់ទាត់ ជម្រើសជាតិរ៉ូស្ស៊ី ដែលជាម្ចាស់ផ្ទះ ទល់នឹងក្រុមអារ៉ាប៊ី សាអ៊ូឌីត នៅក្នុងពហុកីឡាដ្ឋាន «Loujniki» នៃរដ្ឋធានី ម៉ូស្គូ ដែលអាចទទួលបានអ្នកទស្សនា ចំនួនប្រមាណជា ៨១ ០០០កៅអី។ ខាងក្រោម ជារូបភាពកីឡាដ្ឋាន «Loujniki» សម្រាប់ទទួលពិធីបើកព្រឹត្តិការណ៍ដ៏ធំមួយនេះ៖
ជាការកត់សម្គាល់ សម្រាប់ក្រុមខ្លាំងៗ និងល្បីៗ ផ្សេងទៀត នៅក្នុងវគ្គប្រកួតជម្រុះក្នុងពូលទាំងនេះ រួមមាន ក្រុមអេស្ប៉ាញ (ម្ចាស់ពានពិភពលោក និងអ៊ឺរ៉ុបជាច្រើនដង) នឹងត្រូវប៉ះជាមួយក្រុមព័រទុយហ្គាល់ (ម្ចាស់ពានអ៊ឺរ៉ុប ឆ្នាំ២០១៦) នៅក្នុងពូល «B» ជាមួយក្រុមម៉ារ៉ុក និងអៀរ៉ង់ ខណៈក្រុមប្រេស៊ីល នឹងជួបជាមួយក្រុមស្វីស កូស្ដារីកា និងក្រុមសែរប៊ី នៅក្នុងពូល «E»។
នៅក្នុងពូលនីមួយៗ បន្ទាប់ពីជួបប្រកួតវិលជុំជាមួយគ្នា នៅក្នុងវគ្គជម្រុះនេះរួច ក្រុមដែលទទួលបានពិន្ទុ និងចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងត្រូវឡើងទៅប្រកួតនៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ខណៈក្រុមជាប់លេខ៣ និងលេខ៤ ត្រូវហាលអាវ និងវេចបង្វិចត្រឡប់ទៅផ្ទះវិញ។
ខាងក្រោមនេះ ជាក្រុមគូប្រកួត នៅក្នុងពូលទាំង៨៖
Groupe A: រ៉ូស្ស៊ី, អារ៉ាប៊ី សាអ៊ូឌីត, អេហ្សីព, អ៊ុយរ៉ាហ្គាយ
Groupe B: ព័រទុយហ្គាល់, អេស្ប៉ាញ, ម៉ារ៉ុក, អៀរ៉ង់
Groupe C: បារាំង, អូស្ត្រាលី, ប៉េរ៉ូ, ដាណឺម៉ាក
Groupe D: អាហ្សង់ទីន, អ៊ីស្លង់, ក្រូអាទី, នីហ្សេរីយ៉ា
Groupe E: ប្រេស៊ីល, ស្វីស, កូស្តារីកា, ស៊ែរប៊ី
Groupe F: អាល្លឺម៉ង់, ម៉ិចស៊ិក, ស៊ុយអែដ, កូរ៉េខាងត្បូង
Groupe G: ប៊ែលហ្សិក, ប៉ាណម៉ា, ទួនេស៊ី, អង់គ្លេស
Groupe H: ប៉ូឡូញ, សេនេហ្គាល់, កូឡំប៊ី, ជប៉ុន។
សម្រាប់កាលវិភាគ នៃការប្រកួតរវាងក្រុមទាំងនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងត្រឡប់មកជម្រាបប្រិយមិត្តវិញ នៅក្នុងអត្ថបទលើកក្រោយ៕