បាល់ទាត់ពិភពលោក៖ ជប៉ុនសងសឹកកូឡំប៊ី ដែលបំបាក់ខ្លួនក្នុងឆ្នាំ២០១៤
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 19, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាចចាត់ទុកថា នេះជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលក្រុមជម្រើសជាតិ ជប៉ុន បានបំបាក់ក្រុមបាល់ទាត់ មកពីប្រទេសមួយ ក្នុងទ្វីបអាមេរិកខាងត្បូង ដែលសុទ្ធសឹងជាប្រទេស ដែលសម្បូរដោយកីឡាករដ៏ចំណានៗ។ មិនត្រឹមតែជាក្រុមបាល់ទាត់ ដូចគេឯងនោះទេ តែក្រុមជម្រើសជាតិ កូឡំប៊ី ធ្លាប់ឡើងដល់ វគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ក្នុងប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៤ និងបានជម្រុះក្រុម ជប៉ុន នៅពេលនោះ ដោយគ្រាប់បាល់ ៤ទល់នឹង១។
តែត្រូវនិយាយថា ជប៉ុន បានធ្វើការសងសឹកវិញ នៅក្នុងបាល់ទាត់ពិភពលោក ឆ្នាំនេះ។ ការវាយលុកភ្លាមៗ របស់ក្រុមបាល់ទាត់ ជប៉ុន នៅប៉ុន្មាននាទីដំបូង បានពញ៉ាក់ខ្សែការពារ របស់ក្រុម កូឡំប៊ី ឲ្យប្រព្រឹត្តិកំហុស ដ៏ធំមួយ នោះគឺកីឡាករ «Carlos Sanchez» យកដៃទៅទះបាល់ នៅក្នុងតំបន់គ្រោះថ្នាក់ ខាងមុខទីរបស់ខ្លួន បណ្ដាលឲ្យអាជ្ញាកណ្ដាលដកកាតក្រហម បណ្ដេញកីឡាករ «Carlos Sanchez» ចេញពីការប្រកួត និងអនុញ្ញាតឲ្យក្រុមជប៉ុន ទាត់បាល់ពិន័យ១១ម៉ែត្រ បានមួយគ្រាប់ (០-១) ដោយកីឡាករ «Shinji Kagawa» នៅនាទីទី៦។
ទោះជាត្រូវកាត់បន្ថយសមាជិក មកត្រឹមតែ១០នាក់ក៏ដោយ ក៏ក្រុមកូឡំប៊ី បានស្ទុះស្ទារទប់រាល់ការវាយប្រយុទ្ធ របស់ក្រុមជប៉ុន និងរកឱកាសដើម្បីវាយបកបានមួយចំនួន រហូតទទួលបាន ការទាត់បាល់ពិន័យពីចំងាយ បានស្មើមួយគ្រាប់វិញ (១១) នៅនាទីទី៣៩ នៅមុនបញ្ចប់ពាក់កណ្ដាលម៉ោងដំបូង។
ប៉ុន្តែ នៅពេលត្រឡប់ចូល មកពាក់កណ្ដាលម៉ោងទីពីរ ចំនួនកីឡាករ តែ១០នាក់ មិនគ្រប់គ្រាន់ និងមិនមានកម្លាំងស្មើ នឹងក្រុមជប់ុន ដែលមានកម្លាំង១១នាក់ ពេញនោះឡើយ។ ក្រុម កូឡំប៊ី នៅតែរងការវាយសន្ធាប់ រហូតលុះត្រាកីឡាករជប៉ុន «Osako» ប្រើក្បាលរបស់ខ្លួន រុញបាល់មួយគ្រាប់ទៀត បញ្ចូលទីកូឡំប៊ី នៅនាទីទី ៧៣។ ក្រុមកូឡំប៊ី បានព្យាយាមធ្វើប្រតិកម្ម ជាពិសេសបានប្ដូរកីឡាករ «James Rodriguez» ឲ្យចូលលេង... ប៉ុន្តែនៅតែមិនអាច រកគ្រាប់បាល់មកវិញបាន។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម កូឡំប៊ី និងក្រុម ជប៉ុន៖
ជ័យជំនះរបស់ក្រុម ជប៉ុន បានផ្ដល់៣ពិន្ទុ ឲ្យក្រុមនេះ ឡើងមកឈរលើគេ នៅក្នុងពូល H ជាបណ្ដោះអាសន្ន។ គេត្រូវរង់ចាំលទ្ធផល ចេញពីការប្រកួត រវាងក្រុមពីរទៀត (ប៉ូឡូញ និង សេណេហ្គាល់) ដែលនឹងត្រូវប្រកួតគ្នា នៅប៉ុន្មានម៉ោងខាងមុខ ដើម្បីដឹងពីចំណាត់ថ្នាក់ ក្នុងជុំទីមួយ នៃវគ្គជម្រុះក្នុងពូល៕