កម្ពុជា៖ វិទ្យុបារាំងអន្តរជាតិជាខេមរភាសា បង្កើនការផ្សាយដល់១៤ម៉ោង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ពីថ្ងៃទីបីខែមិថុនានេះទៅ ការផ្សាយជាខេមរភាសារបស់វិទ្យុបារាំងអន្តរជាតិ នឹងបង្កើនម៉ោងផ្សាយរបស់ខ្លួន រហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ ដែលកន្លងមកផ្សាយតែមួយម៉ោងប៉ុណ្ណោះ។
រូបថតចម្លងពីអេក្រង់របស់គេហទំព័រនៃវិទ្យុបារាំងអន្តរជាតិជាខេមរភាសា។
គេត្រូវនិយាយថា មហិច្ឆតារបស់វិទ្យុបារាំង មានទំហំធំធេងណាស់ ក្នុងការផ្ដល់ទៅឲ្យអ្នកស្ដាប់ជាជនជាតិកម្ពុជា សម្រាប់រយៈពេល រហូតដល់ទៅ១៤ម៉ោងក្នុងមួយថ្ងៃ។ មុននឹងមកដល់ថ្ងៃនេះ វិទ្យុជាភាសាខ្មែរនេះ បានធ្វើការផ្សាយរបស់ខ្លួនក្នុងរយៈពេលមួយម៉ោង តែជាមួយនឹងបុគ្គលិកជាអ្នកកាសែតប្រាំរូប នៅប្រទេសបារាំង ចេញផ្ទាល់ពីទីក្រុងប៉ារីស និងអ្នកឆ្លើយឆ្លងព័ត៌មានមួយចំនួនទៀត នៅប្រទេសកម្ពុជាប៉ុណ្ណោះ។
ប៉ុន្តែចាប់ពីថ្ងៃទី០៣ខែមិថុនានេះទៅ នៅការិយាល័យនៅភ្នំពេញ នឹងមានបុគ្គលិកធ្វើការ កើនដល់ទៅ១៥នាក់ ដើម្បីធ្វើការផ្សព្វផ្សាយឡើងដល់១៤ម៉ោង ជាមួយនឹងកម្មវិធីថ្មីៗជាច្រើនរបស់ខ្លួន។ បុគ្គលិកទាំងនោះ បានហ្វឹកហាត់ក្នុងការផ្សាយសាកល្បង ដែលមិនបានដាក់ជាសាធារណៈ តាំងពីច្រើនថ្ងៃមកហើយ។
ស្រង់សម្ដីដោយ គេហទំព័ររបស់វិទ្យុបារាំងនៅប៉ារីស នាយកការផ្សាយជាភាសាខ្មែរ លោក ហ្សង់ ហ្វ្រង់ស៊័រ តាន់ (Jean-François Tain) ជាជនជាតិបារាំង ដើមកំណើតខ្មែរ បានពន្យល់ថា «អ្នកកាសែតនៅប៉ារីស នឹងធ្វើអ្វីៗដែលទាក់ទងនឹងបទវិភាគ ឬប្រវត្តិសាស្ត្រ ជាដើម។ តែនៅទីក្រុងភ្នំពេញ យើងនឹងផ្សាយពីព័ត៌មាន និងកម្មវិធីកំសាន្ដផ្សេងទៀតជាច្រើន។»
ការផ្សាយនឹងធ្វើពីម៉ោង ០៧ព្រឹក ដល់ម៉ោង០៩យប់ ម៉ោងនៅស្រុកខ្មែរ។ កម្មវិធីព័ត៌មាន នឹងបែងចែកជាបីពេល ម៉ោង៧ទៅ៨ព្រឹក ម៉ោង០១ទៅ០២រសៀល និងម៉ោង០៧ទៅ០៩យប់។
ជំនួយការនាយករបស់ស្ថានីយវិទ្យុបារាំងអន្តរជាតិ ផ្នែកភាសាបរទេស លោក ប៉ាទ្រីក ម៉ាតាំង (Patrice Martin) បានថ្លែងបញ្ជាក់ តាមរយៈគេហទំព័ររបស់ស្ថានីយវិទ្យុនៅបារាំងដែរថា «យើងសម្រេចចិត្ត នឹងមិនចូលទៅប្រកួតប្រជែងជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឬនៅអន្តរជាតិនោះទេ។ ដូច្នេះម៉ោងផ្សាយព័ត៌មានរបស់យើង មានលក្ខណៈយឺតជាងគេបន្តិច។ យើងលើកតម្លៃរបស់យើង ជាពិសេសរូបភាពសម្រាប់វិទ្យុបារាំងអន្តរជាតិ ក្នុងនោះមានការស្ថិតនៅក្បែរ និងភាពយកជាបានការ។»
ដោយសារការិយាល័យថ្មីរបស់វិទ្យុបារាំង នៅទីក្រុងភ្នំពេញស្ថិតនៅជាន់ទី២១នៃអាគារកាណាឌីយ៉ាដ៏ខ្ពស់នោះ លោកនាយកការផ្សាយជាខេមរភាសា បាននិយាយដោយមោទនភាពថា «អាគារនេះប្រៀបបាននឹងរូបភាពរបស់យើង។ (...) ពីទីនេះ យើងមានសំណាងនឹងបានឃើញទីក្រុងភ្នំពេញទាំងមូល។ ជាពេលវេលាសម្រាប់យើង ដែលត្រូវចាប់អង្រួនបេះដូងរបស់ប្រជាជនកម្ពុជា ដែលមិនសូវនិយាយភាសាបារាំង តែចូលចិត្តរបៀបបារាំង៕»
---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ