ខៀវ កាញារីទ្ធ អះអាងថា ជុន ច័ន្ទបុត្រ មានទោស
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 04, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទង្វើរបស់លោក ហួត វុទ្ធី ដាក់រហស្សនាម ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ដែលបានចូលក្នុងពន្ធនាគារ ព្រៃស ជាមួយក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែមេសាកន្លងមកនោះ ជាទង្វើខុសច្បាប់កម្ពុជា ដែលត្រូវមានទោស។ នេះ ជាការអះអាងឡើងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធអ្នកសារព័ត៌មាន ដែលបានស្លាប់ក្នុងសម័យសង្គ្រាម កាលពីរសៀលថ្ងៃទី៣ ខែឧសភានេះ ស្របគ្នានឹងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី១៦ នៅរាជធានីភ្នំពេញ។
«ជាទូទៅ... ជាគោលការណ៍...»
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន ដែលបានសាកសួរលោក ពីករណីរបស់លោក ជុន ច័ន្ទបុត្រ លោក ខៀវ កាញារីទ្ធ បានអះអាងថា៖ «ជាទូទៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ច គឺការបន្លំ គឺជាការខុសហើយ។ ហ្នឹង(និយាយ)ពីច្បាប់ យើងបន្លំជាមួយសមត្ថកិច្ច គឺខុស។ ប៉ុន្តែយើងបន្លំជាមួយសង្គមងងឹត យើងបន្លំនៅកន្លែងណា ក្រុម(ណា)ដែលប្រព្រឹត្តខុសច្បាប់ យើងត្រូវតែបន្លំខ្លួនហើយ ដើម្បីសុវត្ថិភាពខ្លួនយើង ដើម្បីទទួលបានព័ត៌មាន។»។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «ជាគោលការណ៍ អ្នកការសែត បើយើងស្វែងរកឯកសារ ទាក់ទងនឹងក្រុមអង្គការក្រៅច្បាប់ ទាក់ទងនឹងសកម្មភាពក្រៅច្បាប់ យើងត្រូវតែលាក់អត្តសញ្ញាណរបស់យើង។ តែបើយើងលាក់អត្តសញ្ញាណរបស់យើង ជាមួយអាជ្ញាធរមានសមត្ថកិច្ច គឺមានទោសហើយ។ ទោសណាខ្ញុំមិនដឹងទេ។ តែឥឡូវគេ(តុលាការ)មិនទាន់កាត់ក្តីទេ។ លោក ជុន ច័ន្ទបុត្រ រត់ចេញបាត់ហើយហ្នឹង!»។
លោក ហួត វុទ្ធី បានចាកចេញពីកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកទទួលបានដីកាកោះ ពីសំណាក់តុលាការសាលាដំបូងរាជធានីភ្នំពេញ តាមរយៈព្រះរាជអាជ្ញារង លោក សៀង សុខ ឲ្យចូលទៅបង្ហាញខ្លួន ក្នុងនាមជា«ជនសង្ស័យ» នៅថ្ងៃទី២ ខែឧសភានេះ។
នៅទីបំផុតទៅ លោក ហួត វុទ្ធី មិនបានបង្ហាញខ្លួន តាមដីកាកោះទេ។ កាលពីពេលកន្លងមក លោកបានបដិសេធការចោទប្រកាន់ និងអះអាងថា លោកមិនបានក្លែងឈ្មោះពិត របស់លោក នៅក្នុងបញ្ជីកត់ឈ្មោះ អ្នកចូលពន្ធនាគារនោះឡើយ។
សេរីភាពសារព័ត៌មាននៅកម្ពុជា...
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅយប់ថ្ងៃទី១ ខែឧសភា បានឲ្យដឹងថា ស្ថាប័នវិទ្យុអាស៊ីសេរី ពីរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសម្រេច មិនឲ្យលោក ហួត វុទ្ធី វិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ។ ស្ថាប័នផ្សព្វផ្សាយចម្រុះភាសាមួយនេះ បានចាត់ទុក ចំណាត់ការរបស់អាជ្ញាធរកម្ពុជា ប្រឆាំងលោក ហួត វុទ្ធី គឺជារឿងនយោបាយ ក្នុងចេតនាបង្វែង ចំណាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ក្នុងរដូវកាលបោះឆ្នោត និងរឹតតែបង្ហាញឲ្យឃើញ នូវស្ថានភាពដ៏អាក្រក់ នៃសេរីភាពសារព័ត៌មាន នៅកម្ពុជា។
កាលពីសប្ដាហ៍មុន អង្គការអន្តរជាតិធំៗ ចំនួនពីរ ដែលធ្វើការផ្នែកសារព័ត៌មាន បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានការធ្លាក់ចុះ។ អង្គការទាំងពីរនោះ មានអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Border) ដែលរកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែអាក្រក់ និងអង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) ដែលរកឃើញថា កម្ពុជាជាប្រទេសគ្មានសេរីភាពសារព័ត៌មាន។
«កម្ពុជា គឺ ជានីតិរដ្ឋ»
ចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មានវិញ សេរីភាពសារព័ត៌មាននៅកម្ពុជា មិនមានស្ថានភាពអាក្រក់ ដូចការលើកឡើង ខាងលើនេះទេ។ លោក ខៀវ កាញារីទ្ធ បានលើកយកករណី របស់លោក ហួត វុទ្ធី មកពន្យល់ថា៖ «កម្ពុជា គឺ ជានីតិរដ្ឋ។ មនុស្សពេលណាតុលាការមិនទាន់កាត់ទោស គឺមិនមានទោសទេ ហើយក៏គ្មានអ្នកណាហាមលោក ជុន ច័ន្ទបុត្រ ថាមិនឲ្យចេញ ទៅក្រៅប្រទេសដែរ ។ ឯអ្នកនយោបាយ បើគាត់មានបញ្ហាហើយ យើងថា មិនឲ្យគាត់ចេញ គឺ ចេញអត់បានទេ។ លោក ជុន ច័ន្ទបុត្រ បើតុលាការហាមថា មិនឲ្យគាត់ចេញ ក៏ចេញមិនបានដែរ។»។
បញ្ហានៅត្រង់ថា លោក ខៀវ កាញារីទ្ធ ខ្លួនលោកផ្ទាល់ មិនបានលើកយកច្បាប់ និងមាត្រាណាមួយនោះ ដែលត្រូវយកមកដាក់ ទៅលើអ្នកសារព័ត៌មាន ក្នុងករណីនេះទេ។ ឬគេត្រូវអនុវត្តន៍ ទៅតាម«ទិសដៅ»នៃពាក្យ «ជាទូទៅ» និង«ជាគោលការណ៍» ដែលលោកបានលើកឡើងខាងលើ?