កម្ពុជា៖ អ្នកជំនួញល្បីឈ្មោះជាតិរ៉ូស្សីម្នាក់ ត្រូវបានឃាត់ខ្លួន
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកខេង ទីតូ បានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ (AFP) ថា អ្នកជំនួញជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី (Sergueï Polonski) រួមនឹងជនរួមជាតិដូចគាត់ពីរនាក់ទៀត ត្រូវបានឃាត់ខ្លួន នៅក្រុងព្រះសីហនុ ពីបទបង្កអំពើហឹង្សាដោយចេតនា និងបង្ខាំងមនុស្សខុសច្បាប់។
បុរសជនបរទេសទាំងបី ទំនងជាបានប្រើកាំបិត ដើម្បីគម្រាមក្រុមបុរសខ្មែរ ៦នាក់ផ្សេងទៀត កាលពីថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២កន្លងមក នៅលើកាណូតមួយ ដែលនាំពួកគេចេញពីកោះមួយនៅជិតនោះ។
អ្នកនាំពាក្យ បានដកស្រង់ពាក្យសម្ដីរបស់ជនរងគ្រោះ ដែលបាននិយាយប្រាប់កងរាជអាវុធហត្ថថា ជនជាតិរ៉ូស្សីទាំងនេះ ជាដំបូងបានបង្ខាំងពួកគេ នៅក្នុងបន្ទប់កាណូត និងនៅក្នុងបន្ទប់ទឹក មុននឹងបង្ខំពួកគេ អោយលោតចូលទៅក្នុងសមុទ្រ។ តែទោះជាយ៉ាងណា លោកខេង ទីតូ មិនបានបញ្ជាក់អោយដឹងពីមូលហេតុ ដែលឈានទៅរកការប្រព្រឹត្តិសកម្មភាព ដូចក្នុងហេតុការណ៍នេះទេ។
លោក ស៊ែរហ្គៃ ប៉ូឡូស្គី ដែលទំនងជាមកកម្ពុជា ដោយមូលហេតុជំនួញដែរនោះ ធ្លាប់ត្រូវលោក អាឡិចសងដ៍ ឡឺបឺដេវ (Alexandre Lebedev) មហាសេដ្ឋីជនជាតិរ៉ូស្សីដូចគ្នា ដាល់ជិតចំកណ្ដាលមុខ នៅក្នុងកម្មវិធីជជែកវែកញែកមួយ តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក NTV កាលពីខែកញ្ញាឆ្នាំ២០១១កន្លងទៅ ស្ដីពីវិបត្តិហិរញ្ញវត្ថុពិភពលោក។ សូមទស្សនា វិដេអូ ខាងក្រោមនេះ៖
អ្នកជំនួញរូបនេះ ធ្លាប់ជានាយកក្រុមហ៊ុនសាងសង់ ដ៏ធំមួយនៅរ៉ូស្សី ឈ្មោះ មីរាក់ ហ្គ្រូប (Mirax Group) ប៉ុន្តែកិច្ចការជំនួញរបស់គាត់ បានដាំក្បាលធ្លាក់ចុះ នៅមុនវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨នោះបន្តិច។ គាត់ថែមទាំងបានទុកចោល នូវការដ្ឋានសំណង់ដ៏ធំមួយនៅទីក្រុងម៉ូស្គូ ដែលបម្រុងនឹងសង់អាគារមួយ ដែលខ្ពស់ជាងគេបំផុត នៅទ្វីបអ៊ឺរ៉ុប៕