មន្ត្រី​សង្គម​ស៊ីវិល ថា​ពលរដ្ឋ​ពឹង​​​ទូត​បរទេស ព្រោះ​អស់​ជំនឿ​លើ​តុលាការ (vdo)

ទោះចង់មិនចង់ ការស្វែងរកនូវកិច្ចគាំទ្រ ពីបណ្តាស្ថានទូតនានា ចំពោះសវនាការរបស់តុលាការនៅកម្ពុជា ជា​«សញ្ញាណ»​ថ្មី ដែលប្រាប់ថា តុលាការកម្ពុជាបានបាត់បង់នូវជំនឿចិត្ត ដោយប្រជាពលរដ្ឋខ្លួនឯង ទៅលើ«ភាពយុត្តិធម៌»​សម្រាប់​ជន​រង​គ្រោះ។ សូម​អាន​ការ​បក​ស្រាយ របស់មន្ត្រីសង្គមស៊ីវិលមួយរូប ជុំវិញករណីនេះ។
ក្រុមសកម្មជនដីធ្លី ពីសហគមន៍បឹងកក់ បុរីកីឡា នៅមុខស្ថានទូតបារាំង។ (រូបថត monoROOM.info/ S. Tith)
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១៥ មករា ២០១៤
  • កែប្រែចុងក្រោយ: January 15, 2015
  • ប្រធានបទ: យុត្តិុធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់​ពី​គ្មាន​ជំនឿ​ចិត្ត​លើ​តុលាការ និង​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាលកម្ពុជា​នោះ ក្រុម​ជន​រង​គ្រោះ​មាន​តែ​ងាក​មក​រក​បណ្តា​ស្ថានទូត​បរទេស​មួយ​ចំនួន ដែល​តំណាង​ឲ្យ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ជា​ប្រទេស​មហា​អំណាច និង​ជា​ប្រទេស​ម្ចាស់​ជំនួយ និង​ធ្លាប់​ជា​ម្ចាស់​ជំនួយ​របស់​កម្ពុជា ដើម្បី​ឲ្យ​ស្ថានទូត​ទាំង​នោះ​ប្រើ​ប្រាស់​ឥទ្ធិពល​របស់​ខ្លួន ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌​វិញ។ នេះ​ជាការ​ថ្លែង​ឡើង​របស់  ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត នៅ​ក្នុង​កិច្ច​សម្ភាស​មួយ ជា​មួយ​អ្នក​សារព័ត៌មាន។

លោក​បាន​ថ្លែង​ដូច្នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៥​នេះ នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រមូល​គ្នា​ដាក់​ញត្តិ​របស់​ក្រុម​សកម្ម​ជន​ដី​ធ្លី ពី​សហគមន៍​បឹង​កក់ បុរី​កីឡា និង​ព្រះ​សង្ឃ​ប្រមាណ​ជាង​១០០​នាក់​ ​នៅ​តាម​ស្ថានទូត​បរទេស​ចំនួន​១០ ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើ​សុំ​ឲ្យ​តំណាង​ស្ថាន​ទូត​ទាំង​នោះ ចូល​រួម​ឃ្លាំ​មើល​សវនាការ​កាត់​ក្ដី​នៃ​សាលា​ឧទ្ទរណ៍ ទៅ​លើ​ស្រ្តី​សកម្ម​ជន​ដី​ធ្លី​ជាប់​ឃុំ​ឃាំង​ទាំង​១០​នាក់ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៥​ខាង​មុខ។

លោក អំ សំអាត បានលើកឡើងថា ស្រ្តីបឹងកក់ និងបុរីកីឡាទាំង១០នាក់នោះ មិនមានប្រព្រឹត្តិអ្វីដូច​ការចោទ​ប្រកាន់របស់អាជ្ញាធរ ឬតុលាការឡើយ។ ហើយក៏គ្មានភស្តុតាងណាមួយ សម្រាប់ការចោទប្រកាន់លើ​ពួកគាត់​នោះដែរ។ តែផ្ទុយមកវិញ លោកបានចាត់ទុកថា ការចោទប្រកាន់ ការចាប់ខ្លួន ប្រជាពលរដ្ឋទាំងនោះ ដោយ​អាជ្ញាធរ និងតុលាការ ជាការបំបាក់ស្មារតី ការគម្រាម ការកំហែងដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលហ៊ាន​ចេញមុខក្នុងការតវ៉ា ពិសេសក្នុងរឿងដីធ្លី។ មន្រ្តីសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ពាក់ព័ន្ធនឹងការចាប់ខ្លួនថា «នេះ​មិនមែនជាដំណោះស្រាយទេ។ ទោះមានការចាប់១០ ទៅ២០នាក់ទៀត ក៏នៅតែមានសហគមន៍ចេញ​មកធ្វើការតវ៉ាជាដដែល។ បញ្ហាសំខាន់ គឺការចេះដោះស្រាយ។ ដូចករណីដីធ្លី ត្រូវធ្វើការដោះស្រាយបញ្ចប់​រឿងដីធ្លី នោះទើបអាចបញ្ចប់នូវបញ្ហានៃការតវ៉ារឿងដីធ្លីនេះបានដែរ។»

ហេតុដូច្នេះហើយ ក្តីសង្ឃឹមនឹងកើតមាន ប្រសិនបើមានវត្តមាននៃអង្គទូតនានា ក្នុងការចូលមកឃ្លាំមើល​សវនាការ នាពេលខាងមុខ។ មន្ត្រីឯកទេសសិទ្ធិមនុស្សរូបនេះ បានអះអាងទៀតថា ព្រោះអង្គទូតទាំងអស់នេះ ក៏បានតាមដាននូវព្រឹត្តការណ៍ទាំងនោះ និងក៏បានដឹងច្បាស់ដែរថា រាល់ការចាប់ខ្លួនស្រ្តីបឹងកក់​ដោយ​អាជ្ញាធរ​កម្ពុជា វាមិនត្រឹមត្រូវតាមច្បាប់ឡើយ។ ហើយក៏ជាការរំលោភបំពានទៅលើសិទ្ធិ និងសេរីភាពរបស់ពួកគាត់​យ៉ាងធ្ងន់ធ្ងរ។ លោកនិយាយថា៖ «បណ្តាស្ថានទូតទាំងអស់លោក និងមានកិច្ចអន្តរាគមន៍ ជំរុញឲ្យមានការ​ដោះលែងអ្នកទាំងនោះ ឲ្យមានសេរីភាពឡើយវិញ»។

សូមរំលឹកថាស្ត្រីសហគមន៍បឹងកក់ និងបុរីកីឡាទាំង១០នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ដោយចោទប្រកាន់ពីបទប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ និងបង្កការកកស្ទះចរាចរណ៍​សាធារណៈ។ ក្នុងនោះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការពិន័យជាប្រាក់ក្នុងម្នាក់ៗ ពីរលាន​រៀល និងដាក់ឲ្យជាប់ពន្ធនាគារម្នាក់មួយឆ្នាំ។ ទោសដែលស្រ្តីទាំង១០ បានទទួលនេះ ព្រោះតែពួកគាត់​បាន​ទាមទារ ឲ្យមានការដោះស្រាយរឿងទឹកលិចភូមិ និងផ្ទះសំបែងមិនអាចរស់នៅបាន៕

កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...