ឃាតកម្ម កែម ឡី៖ វីដេអូ​កាម៉េរ៉ា​សុវត្ថិភាព​បង្ហាញ​សកម្មភាព នៅ​ក្នុង​ហាង​ទំនិញ

ទីបំផុត ឃ្លីបវីដេអូទាក់ទងនឹងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី ត្រូវបានផ្សាយចេញ ជាសាធារណៈ។ ប៉ុន្តែ គេនៅតែមើលមិនដឹងថា តើនរណាពិតប្រាកដ ដែលបានបាញ់សម្លាប់លោក កែម ឡី នោះឡើយ ដោយសាររូបភាព នៅក្នុងហាងលក់ទំនិញ មានសភាពព្រិល មើលមិនច្បាស់ ហើយរូបភាពមួយទៀត ត្រូវបានបាំងដោយខ្សែភ្លើងជាច្រើន។
ឃាតកម្ម កែម ឡី៖ វីដេអូ​កាម៉េរ៉ា​សុវត្ថិភាព​បង្ហាញ​សកម្មភាព នៅ​ក្នុង​ហាង​ទំនិញ
រូបភាពថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព នៅក្នុងហាងទំនិញ ស្ដាម៉ាត នៅថ្ងៃបាញ់សម្លាប់លោក កែម ឡី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 01, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាវីដេអូ ដែលគួរតែបង្ហាញ ជាសាធារណៈតាំងពីយូរមកហើយ និងមិនចាំបាច់ទុកដល់ថ្ងៃបើកសវនាការ ទើបបញ្ចេញដូច្នេះនោះទេ ដោយហេតុថា ក្នុងវីដេអូថត ដោយកាម៉េរ៉ាសុវត្ថិទាំងនោះ មិនបានបង្ហាញអ្វី ឲ្យច្បាស់ឡើយ ដែលផ្ទុយពីការអះអាង របស់អាជ្ញាធរ និងតុលាការ ដែលសំអាងហើយសំអាងទៀតថា ចង់ទុកវីដេអូនេះ ដើម្បីធ្វើការស្រាវជ្រាវ និងអង្កេត។

តែនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧នេះ វីដេអូដ៏ចម្រូងចម្រាស់ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ដែលស្ថិតនឹងរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកមកបង្ហោះផ្សាយ នៅលើគេហទំព័ររបស់ខ្លួន។ គេហទំព័រនោះ បានយកវីដេអូនេះ ទៅបង្ហោះបន្ថែម នៅក្នុងបណ្ដាញសង្គម ដោយសរសេរ​ធ្វើអត្ថាធិប្បាយបន្ថែម ដូច្នេះថា៖ «ទស្សនាវីដេអូជាក់ស្តែង ! ជួប សម្លាប់ បាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តារម៉ាតកាល់តិច (Video inside)»។

នៅក្នុងវីដេអូ ដែលដាក់ថ្ងៃខែ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ គេឃើញជនពាក់អាវខ្មៅ និងពាក់មួក (ទំនងមានពណ៌ក្រហម) ម្នាក់ ដើរនៅក្នុងហាងលក់ទំនិញ ស្តារម៉ាត (ក្នុងស្ថានីយ៍ប្រេងឥន្ទនៈ កាល់តិច សាខាបូកគោ រាជធានីភ្នំពេញ) និងមិនបានឃើញ ជនម្នាក់នេះ ធ្វើអ្វីឲ្យច្បាស់នោះឡើយ។ រីឯនៅក្នុងវីដេអូបន្តបន្ទាប់ មកទៀត គឹគ្រាន់តែឃើញជនពាក់ខ្មៅ និងមានពាក់មួក ប្រហាក់ប្រហែលគ្នា បានរត់នៅតាមបណ្ដោយផ្លូវ ម៉ៅ​សេទុង ឆ្ពោះ​ទៅ​កាន់​មហាវិថី សម្ដេចសុធារស ក្នុងខណ្ឌចំការមន មុននឹងជនម្នាក់ ដែលគេស្គាល់ នៅ​ក្នុង​វីដេអូចុងក្រោយ​បង្អស់ ថាជាជនសង្ស័យឈ្មោះ ជួប សម្លាប់ នោះ ត្រូវបានឃាត់ខ្លួន ដោយ​ក្រុម​នគរបាល​ច្រើន​នាក់។

សម្រាប់ លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេស ឃ្លាំមើលការរំលោភ​សិទ្ធិមនុស្ស អង្គការលីកាដូ ដែលតាម​ដាន​ការកាត់ក្តី នៅព្រឹកម៉ិញនេះ បានយល់ថា តុលាការ​គួរ​បង្ហាញ​វីដេអូ​ផ្សេងទៀត ដែលត្រូវទិសដៅ ជាជាងយកវីដេអូ តែមិនអាចមើលឃើញអ្វីនេះ យកមកបង្ហាញ។ លោកបានថ្លែងឡើងថា៖ «ខ្ញុំគិត​ថា​កាមេរ៉ា ស្តាម៉ាត វាមានច្រើនជ្រុង អង្គចងចំា [ដែលថតទុក ពីហេតុការណ៍នេះ] ក៏មាន​ច្រើនដែរ។ ខ្ញុំគិតថា វា​នឹង​មាន​អង្គ​ចងចំា​ណា​មួយ នឹង​បង្ហាញ​ពី​រូប​ភាព​នៃ​សកម្មភាព​នៃ​ការបាញ់។​ ក៏ប៉ុន្តែការបង្ហាញ​[វីដេអូខាងលើ]​នេះ យើង​អត់​ឃើញ​​មាន​បង្ហាញ អង្គចងចំានៅកន្លែងទង្វើ នៃការប្រព្រឹត្ត ការបាញ់នោះទេ។»។

ដោយឡែក នៅក្នុងសវនាការ លោក ជួប សម្លាប់ ជនសង្ស័យតែម្នាក់គត់ នៅក្នុងសំនុំរឿងនេះ នៅតែអះអាង ហើយអះអាងទៀតថា ថាខ្លួនជាឃាតករ​បាញ់សម្លាប់លោក កែម ឡី។ ជនសង្ស័យរូបនេះ បានបដិសេធឈ្មោះ អឿត អាង និងបាន​បញ្ជាក់ទៀតថា ខ្លួនមានឈ្មោះ ជួប សម្លាប់ នេះ តាំង​ពី​សម័យ​ខ្មែរ​ក្រហម​មក​ម្លេះ បើទោះជា​ខ្លួន នៅជាទារកតូចម្នាក់នៅឡើយ នៅក្នុងសម័យនោះ (កើតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ​១៩៧៦)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...