ឃាតកម្ម កែម ឡី៖ សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៣ មិនា

សាលក្រមសម្រេច ចេញពីសវនាការជំនុំជម្រះ ក្នុងសំណុំរឿង ឃាតកម្មបាញ់សម្លាប់លោក កែម ឡី កាលពីខែកក្កដា នឹងត្រូវតុលាការប្រកាសឲ្យដឹង នៅថ្ងៃទី២៣ ខែមិនា ខាងមុខ។ នេះ ជាការប្រកាសឲ្យដឹង របស់អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពីសវនាការនេះ ត្រូវបានបានបើកធ្វើ កាលពីព្រឹកថ្ងៃទី១ ខែមិនា ហើយទើបនឹងបញ្ចប់ទៅ នៅវេលាម៉ោងប្រមាណជា ១រសៀលនេះ។
ឃាតកម្ម កែម ឡី៖ សាលក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២៣ មិនា
លោក អឿត អាង ហៅ ជួប សម្លាប់ ជនសង្ស័យតែម្នាក់គត់​ នៅក្នុងករណីឃាតកម្ម សម្លាប់លោក កែម ឡី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 01, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចការគ្រោងទុក សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី១ ខែមិនានេះ ទៅ​លើ​ករណី​ឃាតកម្ម បាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម ដែលបានកើតឡើង ផ្អើល​អស់​កណ្ដាល​រាជធានី ភ្នំពេញ កាលពី​ខែ​កក្កដា​កន្លងទៅ។​ តែគេត្រូវរង់ចាំរយៈពេល ជាង២០ថ្ងៃទៀត ដើម្បីដឹង​ពី​សាល​ក្រម​សម្រេច ចេញ​ពី​សវនាការ​​កាត់ទោស​មួយ​នេះ ដែលពោរពេញ​ដោយក្ដី​មន្ទិល។

លោក អឿត​ អាង​ ហៅ ​ជួប​ សំលាប់​ ដែលរងការចោទប្រកាន់ ថាជា​អ្នក​បាញ់​សម្លាប់​ លោក​​បណ្ឌិត ​កែម​ ឡី​ នោះ​ ត្រូវ​បាន​នាំខ្លួន មកក្នុងអង្គជំនុំជម្រះ ដើម្បីធ្វើការ​សាកសួរ នៅក្នុងសវនាការ ដែលបានចាប់ផ្ដើម​តាំង​ពី​ម៉ោង ៨ព្រឹក និង​បាន​បញ្ចប់ទៅ នៅវេលាម៉ោង​ប្រមាណជា ១រសៀល ថ្ងៃនេះដដែល ដោយ​មាន​លោក​ យុង​ ផានិត ជា​មេធាវី​​ការពារ​​ក្ដី ឲ្យជនជាប់ចោទ។

គ្មានការបញ្ចាំង រូបភាពច្បាស់ៗ នៃកាម៉េរ៉ាសុវត្ថិភាពទេ...

បុរសដាក់រហស្សនាម ជួប សម្លាប់ រូបនេះ គឺជាជនសង្ស័យតែម្នាក់គត់ នៅក្នុងករណីឃាតកម្មនេះ ហើយ​គេ​មិន​បាន​ឃើញ ជន​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែលមានជាអាទិ៍ អ្នក​លក់​អាវុធ អ្នកទទួល​ឲ្យ​ជន​សង្ស័យ​ស្នាក់​នៅ ជា​ដើម​នោះ ត្រូវបាន​តុលាការ​កោះ​ហៅ​មកទេ។ ជា​ពិសេស​រូបភាព«ច្បាស់ៗ» ដែល​ថត​ជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព នៅ​​ក្នុង​ហាង​ទំនិញ​នោះ ក៏មិនត្រូវ​បានតុលាការ យកមក​បញ្ចាំង នៅក្នុង​សវនាការឡើយ ដោយគ្រាន់​តែ​បង្ហាញ​ពី​ឃ្លីប​វីដេអូ ប្រមាណជា៧ឃ្លីប ដែលមានរូបភាពព្រិល មើលមិនច្បាស់។ សាក្សីជាច្រើននៅក្នុងសវនាការ មិនហ៊ានអះអាង​ថា ជន​សង្ស័យ​ដាក់​ឈ្មោះ ជួប សម្លាប់ នេះ គឺជាឃាតករពិតប្រាកដឡើយ។

នៅចុង​បញ្ចប់​សវនាការ ​ប្រធាន​ក្រុម​បឹ​ក្សា​ជំនុំជម្រះ លោកចៅក្រម លាង សំណាត់ បាន​បញ្ជាក់​ថា សាលក្រមសម្រេច​នៃសវនាការ​នេះ នឹងប្រកាស នៅថ្ងៃទី២៣ ខែមីនា ខាងមុខ។​ ការ​ប្រកាសនេះ ក៏ត្រូវបានអះអាង​បន្ថែម ដោយលោក លី សុផាណា ​តំណាង​អយ្យការ​ នៅក្នុងសវនាការ និងជាអ្នកនាំពាក្យ​​សាលាដំបូង​​រាជធានី​​ភ្នំពេញ​ នៅ​ពេល​បន្តិច​ក្រោយ​មក​ដែរ។

អាថ៌កំបាំង ដែលនៅតែមាន...

អស់រយៈពេលជិត៨ខែ កន្លងទៅហើយ តែរឿងរ៉ាវស៊ើបអង្កេត ចេញពីសំនុំរឿងដ៏ធំនេះ ត្រូវ​​បាន​​​គេ​ដឹង​​តិច​​តួច​​ជា​​ទី​​បំផុត។ លោក កែម ឡី ត្រូវបាន​ខ្មាន់​​​កាំភ្លើង​​​​បាញ់​​​​សម្លាប់ នៅនឹងកន្លែង ដោយគ្រាប់​កាំភ្លើង​​ចំនួន​​ពីរ​គ្រាប់ ​មួយ​គ្រាប់​​ចំ​​សៀត​​ផ្កា និងមួយ​គ្រាប់​​ទៀត ចំ​​ទ្រូង នៅ​ម៉ោង​ប្រមាណជា ៩ព្រឹក ប៉ុន្មានថ្ងៃ​បន្ទាប់​ពី​អ្នក​​ស្រាវ​​ជ្រាវ​​ ​ផ្នែក​​សង្គម និងជាអ្នក​ធ្វើ​អត្ថាធិប្បាយ ​​នយោបាយខ្មែរ​ ដ៏ល្បីឈ្មោះ​រូបនេះ បាន​ធ្វើការ​ពន្យល់ ​ពី​​របាយ​​ការណ៍​​​​មួយ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (ហៅជាភាសា​អង់គ្លេស Global Witness) ដែល​និយាយ​​​ពី​​ការ​​រក​ស៊ី​​មាន​​​បាន ក្នុង​ទឹក​​ប្រាក់​​ច្រើន​​រយលាន​ដុល្លារ របស់​ក្រុមគ្រួសារ​​ផៅសន្ដាន របស់​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​​ក្នុង​​វិស័យ​​ធំៗ​​​​សំខាន់ៗ ដែល​​ល្បីល្បាញ​​ថា​​ជា​វិស័យ ដែលសម្បូរ​ដោយ​អំពើពុក​រលួយ។

នៅប្រមាណជា១ម៉ោង ក្រោយ​ឃាតកម្មនេះ ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ ខាងលើ ដែលបាន​រត់​​នៅ​​តាម​​ដង​ផ្លូវ ត្រូវ​បានក្រុម​អាជ្ញាធរ​​​ចាប់ខ្លួន​។ ​ភ្លាមៗ​នោះ ជនសង្ស័យ​​បានសារភាព ថា​លោក​​ជា​«ឃាតករ» ក្រោម​​​មូលហតុ​​ថា​​លោក ចង់​ជម្រះ​បញ្ជី​​​លើ​​លោក កែម ឡី ព្រោះកា​រជំពាក់ប្រាក់​មិនសង ចំនួន​៣០០០​ដុល្លារ។ ការ​សារភាព​នោះ ត្រូវបានសារព័ត៌មាន​ស្និត​នឹងរដ្ឋាភិបាល និង​គណបក្ស​កាន់អំណាច ជាច្រើនព្រោងព្រាត យក​មក​​​ផ្សព្វផ្សាយ ​ដោយ​មាន​អម​នឹង​វីដេអូ ថតពីសម្ដីអះអាង របស់ជនសង្ស័យនោះផង។

ប៉ុន្តែការ​លើក​ឡើង​របស់ ជួប សម្លាប់ ត្រូវបានក្រុមគ្រួសារ​លោក កែម ឡី ជាពិសេស​ភរិយា​លោក គឺអ្នកស្រី ប៊ូ រចនា បដិសេធ​​ដាច់​អហង្កា និង​បាន​បរិហារ​ពីឃាតកម្ម បែប​នយោបាយ​មួយ។ អ្នកជំនាញច្រើន​នាក់ ក៏បាន​គិត​​ភ្លាមៗ នៅក្រោយ​ឃាតកម្មដែរ​ថា ឃាតករ​គឺ​ជា​អ្នក​​កាន់​​កាំភ្លើង ​​ដ៏​ជំនាញ​ម្នាក់ ដែលដឹង​​យ៉ាងច្បាស់ ពីចំណុច​​សំខាន់ «បាញ់ចំ​​​គឺស្លាប់ភ្លាម» ហើយឃាតករនោះ មិនអាចជាជន​សង្ស័យ «ជួប សម្លាប់» នេះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...