សាលាដំបូងរាជធានី៖ ដីកា«រក្សាការពារ»ក្លាយជាដីកា«កម្ទេច»លំនៅដ្ឋានពលរដ្ឋ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: October 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពស្ងប់ស្ងាត់មួយរយៈខ្លី មុនការឆោះឆ្នោត ក្នុងអំឡុងពេល និងក្រោយពេលបោះឆ្នោត ក្នុងករណីរឿងជំលោះដីធ្លីរវាងអ្នកទន់ខ្សោយ និងអ្នកមានឥទ្ធិពលអំណាច និងទឹកលុយនោះ និងបន្តរមានឡើងវិញជាបណ្តើរៗតាមបណ្តាខេត្ត-ក្រុងមួយចំនួន។ តួយ៉ាងដូចករណីការអនុវត្តដោយ«បំពាន»ច្បាប់ របស់សាលាដំបូងរាជធានីភ្នំពេញ បានរើបឡើងវិញហើយ ក្នុងការអនុវត្ត«កម្ទេច»ផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលតុលាការមួយសាលារាជធានីភ្នំពេញនេះ មិនទាន់បានសម្រេចដល់«អង្គសេចក្តីនៅឡើយ»នោះ។
សកម្មភាពរើរុះលំនៅដ្ឋាន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - អ៊ំស្រី អ៊ូ សាត ដែលជាជនរងគ្រោះពីការកម្ទេចលំនៅដ្ឋាន តាមរយៈការអនុវត្ត «ដីកាសម្រេចរក្សាការពារ» របស់សាលារាជធានីភ្នំពេញ ដឹកនាំអនុវត្តន៍ដោយលោក ជា ម៉េត ព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញ រួមសហការជាមួយនឹងថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ។
អ៊ំស្រីបានបន្តរថា ក្រោយពីវាយកម្ទេចផ្ទះរបស់អំស្រីរួចមក ទើបនៅថ្ងៃទី២៨ ខែតុលា ម្សិលម៉ិញនេះ លោកចៅក្រម ហេង សុខណា បានកោះហៅអ៊ំស្រីចូលតុលាការបំភ្លឺករណី ករណីជុំវិញនៃការប្តឹងមោឃៈភាព លើកិច្ចសន្យាលក់ដីរវាងឈ្មោះអ៊ន កេត (អ្នកទិញថ្មី) និង ឡៅ អឿង (អ្នកទទួលបញ្ចាំ) ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០២ ទៅវិញ។
អ៊ំស្រីបានរម្លឹកថា ករណីនេះកើតឡើងពីការ«ខ្ចី»លុយ ដោយដាក់ប្លង់ដីបញ្ចាំ តែត្រូវសរសេរថា«លក់»ទៅវិញ។ ក្នុងការបញ្ចាំនេះក៏មានកូនស្រីម្ចាស់បំណុល (ឡៅ អឿន) ធ្វើជាសាក្សីផងដែរ។ ជាមួយគ្នានេះ ការខ្ចីប្រាក់ចំនួនមួយម៉ឺនដុល្លានោះ អ៊ំស្រីបានសងចំនួនប្រាំពាន់ដុល្លាហើយ។ តែដោយខាងភាគីម្ចាស់បំណុលចង់បានដីនោះ រួមមានឪពុក (ប្តីឡៅ អឿន) កូនស្រី(ឈ្មោះ អ៊ន ដាវីន) និងកូនប្រសារ បានយកដីនេះទៅលក់ឲ្យអ្នកផ្សេង(ឈ្មោះអ៊ន កេត)។
អ៊ំស្រីបន្តរថា បច្ចុប្បន្នផ្ទះទំហំប្រាំបីម៉ែត្រគុណនឹងដប់ម៉ែត្រ ដែលសង់លើដីដែលមានក្បាលជាងប្រាំបីម៉ែត្រ និងជម្រៅសែសិបម៉ែត្រនោះ ជាដីឈ្មោះ ឆាយ សុខខេង ត្រូវជាកូន ចិញ្ចឹម (អ៊ំស្រី អ៊ូ សាត) ដែលកំពុងតែរស់នៅនោះ ត្រូវលោកព្រះរាជអាជ្ញា រួមនឹងអាជ្ញាធរខណ្ឌបានវាយកម្ទេច និងព័ទ្ធរបងបិទដោយស័ង្កសី ទៅឲ្យឈ្មោះឡៅ អឿន មុនការសម្រេចដល់អង្គសេចក្តីទៅវិញ។
ព្រះរាជអាជ្ញារងលោក ជា ម៉េត បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ការអនុវត្តទៅតាមតែដីការសម្រេចរក្សាការពារ ដែលចេញដោយលោកស្រីចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ពេជ ម៉ារ៉ែន ក្នុងការរុះរើផ្ទះនេះតែប៉ុណ្ណោះ ឯរឿងសម្រេចយ៉ាងណានោះលោកមិនបានដឹងទេ។ លោកបានបន្តរថា «បើស្ថិតក្នុងការអនុវត្តមិនបាន ហេតុអ្វីបានជាចៅក្រមគាត់ចេញឲ្យខ្ញុំអនុវត្តន៍?។ (...) ខ្ញុំដឹងតែអនុវត្តតាមតួនាទីរបស់ខ្ញុំ ដែលដើរតួជាអាជ្ញាសាលា អនុវត្តតាមដីការរក្សាការពាររបស់ចៅក្រមប៉ុណ្ណោះ។ ឯការតវ៉ាយ៉ាងណា ទាក់ទងនឹងអង្គសេចក្តី បើមិនសុខចិត្ត ត្រូវតវ៉ាជាមួយចៅក្រមតាមនីតិវិធីនៅតុលាការបន្តរទៅទៀត។ (...) ខ្ញុំមានតួនាទីអនុវត្តក្នុងនាមអាជ្ញាសាលាទេ ខ្ញុំមិនមានសិទ្ធិអ្វីសម្រេចនោះទេ។»
ជាមួយករណីខាងលើ លោក សុខ សំអឿន ជាមេធាវី និងជានាយកប្រតិបត្តិអង្គការក្រុមអ្នក ច្បាប់ការពាសិទ្ធិកម្ពុជា មិនចង់ធ្វើការរិះគន់ទៅលើសេចក្តីសម្រេច របស់តុលាការនោះទេ ចំពោះការអនុវត្តរបស់ស្ថាប័នតុលាការនេះកន្លងមក ដែលមានភាពអយុត្តិធម៌ច្រើនដល់ប្រជាពលរដ្ឋ។ លោកបន្តរថា «ខ្ញុំមិនថាការអនុវត្តខាងលើ ខុសឬត្រូវនោះទេ តែបើមានច្បាប់កំណត់បែបនេះមែនរដ្ឋសភាគួតែពិនិត្យច្បាប់នោះឡើងវិញ ឬអនុម័តធ្វើយ៉ាងណាឲ្យមានភាពយុត្តិធម៌។ ច្បាប់ថារក្សាការពារ តែអនុវត្តដោយកម្ទេច ខ្ញុំមិនយល់ដែរករណីហ្នឹង»។
ជាមួយគ្នានេះលោកបានពន្យល់ថា ដីកាសម្រេចរក្សាការពារ មិនមែនជាការជំរុញ ឲ្យធ្វើការបំផ្លាញអ្វីមួយនោះទេ។ លោកបន្តរថា វាមានន័យស្មើនឹងការបញ្ជា ឲ្យបញ្ឃប់ធ្វើសកម្មភាពអ្វីមួយ ដែលកំពុងតែអនុវត្តនោះ។ លោកបញ្ជាក់យ៉ាងដូច្នេះថា ជាការរក្សាការពារនូវស្ថានភាពដែលបច្ចុប្បន្នយ៉ាងណា ឲ្យនៅយ៉ាងនោះ។ លោកបានឲ្យជាឧទាហរណ៍ថា «បើយើងកំពុងលើកដៃត្រូវឈប់លើកដៃ បើយើងកំពុងលើកជើងក៏ត្រូវតែឈប់លើកជើង គឺមិនអាចលើកបន្តរទៀត ឬដាក់ចុះនោះឡើយ។ (...) បើកំពុងតែធ្វើរបងបានតែពាក់កណ្តាល គេប្តឹងសុំរក្សាការពារនោះត្រូវតែឈប់សាងសង់បន្តរទៅទៀត។ (...) យើងមិនអាចធ្វើបន្តរទៀត ហើយក៏មិនអាចកម្ទេចអ្វីដែលមានស្រាប់នោះបានដែរ។»
លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មិនសុំការបញ្ជាក់បានទេនាល្ងាចនេះ។ តែតាមការអះអាងរបស់ដើមបណ្តឹងអ៊ំស្រី អ៊ូ សាត បានបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការក្សាការពារនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ មិនឲ្យមានការរុះរើ លក់ ឬជួយនូវដីនឹងផ្ទះដែលមានទំនាស់នេះឡើយ ដោយរង់ចាំដល់ការសម្រេចដល់អង្គសេចក្តី។ អ៊ំស្រីបានបន្តរថាតែនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ ស្រាប់តែទទួលបានលិខិតជូនដំណឹង ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ របស់សាលាខណ្ឌពោធិ៍សែនជ័យថា និងធ្វើការអនុវត្តតាមដីកាសម្រេចរក្សាការពារ(ដីកាចុះ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣) ដោយរុះរើ និងវាយកម្ទេចផ្ទះនោះនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣។
ជាមួយនឹងការជូនដំណឹងខាងលើ អ៊ំស្រីបន្តរថា បានដាក់ពាក្យបណ្តឹងទាស់ ពាក្យសុំបង្អង់រអនុវត្តដីកាសម្រេចរក្សាការពារ ទៅតាមនីតិវិធីច្បាប់រួចរាល់ហើយ ដោយរង់ចាំដល់ការសម្រេច ដល់អង្គសេចក្តីក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ១៧៩៥ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញសិន។
បើយោងតាមសេចក្តីណែនាំរបស់តុលាការកំពូលចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៨ ទៅសាលាឧទ្ធរណ៍ និងតុលាការខេត្ត ក្រុង ទាំងអស់ ត្រង់វាក្យខណ្ឌទីពីរថា «ការដែលគួរឲ្យកត់សម្គាល់នោះ គឺថា ការសម្រេច និងការអនុវត្តន៍បណ្តោះអាសន្ន នូវសាលក្រម ឬសាលដីការដ្ឋប្បវេណី ដែលទាក់ទងនឹងការទាមទារសិទ្ធិលើអចលនៈវត្ថុ មិនត្រូវមានតទៅទៀតទេ សម្រាប់ស្ថានភាពបច្ចុប្បន្ន ដែលរដ្ឋាភិបាលកំពុងតែអនុវត្តនូវនយោបាយកំណែទម្រង់ដីធ្លី។ (...) ការសម្រេចខុសរឿង ប្រៀបដូចជាការជម្រុញឲ្យមានទំនាស់ដីធ្លីកាន់តែកើនឡើង ព្រោះថាភាគីដែលទទួលផល ពីការសម្រេចឲ្យអនុវត្តបណ្តោះអាសន្ននេះ អាចយកអចលនៈវត្ថុនោះទៅចាត់ចែង ឬលក់ដូរឲ្យអ្នកផ្សេង ក្នុងពេលដែលរឿងអង្គសេចក្តី មិនទាន់បានសម្រេចជាស្ថាពរ។»
លោក សុខ សំអឿន បានបញ្ជាក់ថា ទោះករណីណាក៏ដោយ បើមានដីការសម្រេចរក្សាការពារ មានន័យស្មើនឹងអង្គសេចក្តីមិនទាន់បានបញ្ចប់។ ដូច្នេះបើសិនជាការអនុវត្តដីកាសម្រេចការពារ ដោយការរុះរើ ឬវាយកម្ទេចនោះវានឹងប៉ះពាល់ដល់អង្គសេចក្តីនៃរឿង។ ឯសំណងនៃការខូចខាត មិនមែនជាបន្ទុករបស់ដើមបណ្តឹងឡើយ ជាការទទួលខុសត្រូវរបស់ចៅក្រមអ្នកបញ្ជា និងអ្នកអនុវត្ត។ តែបើសិនជាការអនុវត្តនោះត្រឹមត្រូវតាមច្បាប់ តែជាការបំផ្លាញនូវប្រយោជន៍ស្របច្បាប់របស់អ្នកណាម្នាក់នោះ រដ្ឋ(រាជរដ្ឋាភិបាល)ជាអ្នកទទួលខុសត្រូវលើការខូចខាតទាំងនោះវិញ៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ