ហេតុអ្វីជប៉ុនផ្តល់ជំនួយច្រើន តែបោះទុនវិនិយោគតិចនៅកម្ពុជា?
បើទោះជាប្រទេសជប៉ុន ជាប្រទេសមហាយក្សសេដ្ឋកិច្ចធំទី៣ នៅលើពិភពលោក និងធំទី២នៅទ្វីបអាស៊ី ហើយដែលបានផ្តល់ជំនួយច្រើនសន្ធឹកសន្ធាប់ ឲ្យប្រទេសកម្ពុជាក៏ដោយ ក៏គេកត់សម្គាល់ឃើញថាប្រទេសនេះ ហាក់ដូចជានៅស្ទាក់ស្ទើរក្នុងការដាក់ទុនវិនិយោគ ដែលមានតម្លៃខ្ពស់ច្រើនរយលានដុល្លារ និងមានរយៈពេលវែង ក្នុងប្រទេសកម្ពុជានៅឡើយ ខណៈប្រទេសចិន និងបណ្តាលប្រទេសមួយចំនួនទៀត បានសម្រេចដាក់ទុនវិនិយោគក្នុងតម្លៃ រាប់រយលានដុល្លារ លើច្រើនវិស័យ និងមានរយៈពេលវែង ដោយគ្នានស្ទាក់ស្ទើរ។
ជំនួបកំពូលអាស៊ាន-ជប៉ុន កាលពីថ្ងៃទី១៨ខែវិច្ឆិការឆ្នាំ២០១២ ក្នុងរាជធានីភ្នំពេញ។ នៅកណ្ដាលគេ ជាអតីតនាយករដ្ឋមន្ត្រីជប៉ុន។ (រូបថត Kyodo)
រាជធានីភ្នំពេញ - បញ្ហានេះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចអះអាងថា មកពីកម្ពុជាមានចំណុចខ្វះចន្លោះ ទាំងលក្ខខណ្ឌច្បាប់ និងសេវាកម្មជាដើម បើប្រៀបធៀទៅនឹងប្រទេសក្នុងតំបន់ និងជុំវិញពិភពលោក ។ តែការអះអាងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា វាជាការមើលឃើញតែមួយជ្រុង ព្រោះគេមិនអាចយកកម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសផ្សេងទៀត លើគ្រប់ចំណុចបានទេ ខណៈកម្ពុជាមានរបៀប និងលក្ខខណ្ឌក្នុងការដឹកនាំ និងកំណែទម្រង់របស់កម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣នេះ បានពន្យល់ថា ប្រទេសជប៉ុន គឺជាប្រទេសដែលធ្វើកិច្ចការហ្មត់ចត់ ដូច្នេះមុននឹងគេសម្រេចចិត្ត ដាក់ទុនវិនិយោគនៅប្រទេសណាមួយ គេត្រូវពិចារណាលើ ទំហំទីផ្សារ តម្លៃពលកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងលក្ខខណ្ឌនយោបាយជាដើម ។ អ្នកនាំពាក្យរូបនេះបន្តថា គេមិនអាចប្រៀធៀបលក្ខខណ្ឌវិនិយោគរបស់កម្ពុជា ទៅនឹងប្រទេសផ្សេងទៀត ដោយមិនឈរលើមូលដ្ឋានវិភាគឯករាជ្យបានទេ ព្រោះកម្ពុជាមានលក្ខខណ្ឌតែប៉ុណ្ណឹង ហើយបច្ចុប្បន្នកម្ពុជាកំពុងតែធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យប្រសើរឡើងក្នុងវិស័យវិនិយោគ និងសេដ្ឋកិច្ច។
លោក ផៃ ស៊ីផាន លើកឡើងថាបច្ចុប្បន្ន មានប្រទេសជាច្រើនមកពីជុំវិញពិភពលោក កំពុងតែមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ នៅកម្ពុជា ក្នុងនោះមានទាំងសហរដ្ឋអាមេរិកផងដែរ។ ទន្ទឹមនឹងនេះ លោក ផៃ ស៊ីផាន បានលើកជាសំណួរថា បើប្រៀបធៀបប្រទេសកម្ពុជា ទៅនឹងប្រទេសភូមា និងចិន កម្ពុជាមានការគោរពច្បាប់ ការអនុវត្តលិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បានល្អប្រសើរជាង ចុះហេតុអ្វីបានជាប្រទេសអាមេរិក សហគមអ៊ឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត ប្រជែងផ្លូវគ្នាទៅវិនិយោគនៅទីនោះ? ដូច្នេះហេតុផល ការគោរពសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ វាមិនមែនជាកត្តាចម្បង ក្នុងការពិចារណាដាក់ទុនវិនិយោគនោះទេ កត្តាសំខាន់ គឺទីផ្សារ និងផលប្រយោជន៍របស់ពួកគេ។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវវិស័យសេដ្ឋកិច្ចកម្ពុជា លោក នៅ សីហា អះអាងថាមូលហេតុ ដែលជម្រុញឲ្យប្រទេសមួយចំនួន ដូចជាប្រទេសជប៉ុនជាដើម មានការរារែកក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានចំណុចខ្វះចន្លោះ មួយចំនួន ដូចជា កម្ពុជាមានទីផ្សារតូច មានការលំបាកក្នុងការចុះបញ្ជីពាណិជ្ជកម្ម ការិយាធិបតេយ្យ អំពើពុករលួយ អភិបាលកិច្ចល្អ និងបញ្ហាផ្សេងៗមួយចំនួនទៀត។
លោក នៅ សីហា បានពន្យល់ថា ជាគោលការណ៍ ប្រទេសជប៉ុនមានការពិនិត្យល្អិតល្អន់ណាស់ មុននឹងដាក់ទុនវិនិយោគនៅប្រទេសណាមួយ ហើយសម្រាប់ប្រទេសកម្ពុជា ប្រទេសជប៉ុន ទើបតែចាប់ផ្តើមសិក្សាទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដូច្នេះអ្នកវិនិយោគទុនជប៉ុនអាចនឹងមកកម្ពុជា កាន់តែច្រើនក្នុងពេលឆាប់ខាងមុខ ព្រោះប្រទេសកម្ពុជាមានសក្តានុពលខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច ។ លោក នៅ សីហា បញ្ជាក់ថា៖ «កម្ពុជាមិននៅមួយកន្លែងទេ កម្ពុជានឹងបោះជំហានទៅមុខ ព្រោះកម្ពុជាមានសក្តានុពលច្រើន ពិសេស កសិកម្ម ទេសចរណ៍ និងធនាគារជាដើម»។
គួរម្លឹកថា បើយោងលើការចេញផ្សាយរបាយការណ៍ របស់ប្រទេសជប៉ុន ក្នុងពេលថ្មីៗនេះ បានបង្ហាញថា ទំហំទំនាក់ទំនងពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា និងជប៉ុន បានកើនឡើងរហូតដល់៥០៣លានដុលា្លរ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៣នេះ ពោលគឺកើនឡើង២៤ភាគរយ បើប្រៀបធៀបពីពេលវេលាដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលនេះ ក៏បានបង្ហាញថា ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០១៣នេះ ការនាំចេញពីកម្ពុជាទៅជប៉ុន មានការកើនឡើង៣៩ភាគរយ ដែលគិតជាទឹកប្រាក់ស្មើរនឹង៣៥៨លានដុល្លារ ហើយទំនិញដែលនាំចេញនោះភាគច្រើន ជាផលិតរបស់រោងចក្រកាត់ដេរ។ រីឯការការនាំចេញពីប្រទេសជប៉ុនមកកម្ពុជា មានការធ្លាក់ចុះ២ភាគរយ ដែលគិតជាទឹកប្រាក់ស្មើរនឹង១៤៥លានដុល្លារ នេះបើប្រៀបធៀបពីពេលវេលាដូចគ្នាកាលពីឆ្នាំមុន ហើយទំនិញដែលនាំចូលមកកម្ពុជា ភាគច្រើន ជាផលិតផលអេឡិចត្រូនិច និងគ្រឿងម៉ាស៊ីន។ ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍នេះ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ុនស្សោ អាបេ (Shinzō Abe) ត្រូវបានគេដឹងថាគ្រោងនឹងធ្វើទស្សនកិច្ច ជាផ្លូវការនៅកម្ពុជា នាពាក់កណ្តាលខែវិច្ឆិការ ខាងមុខនេះ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ