មន្ត្រីសិទ្ធិមនុស្សខ្មែរទាំង៥ នឹងទទួលពានរង្វាន់អន្តរជាតិ ក្នុងយប់នេះ?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ តុលា ២០១៧
- កែប្រែចុងក្រោយ: October 10, 2017
- ប្រធានបទ: យុត្តិធម៌-សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពានរង្វាន់ «Martin Ennals» ដែលគេស្គាល់ម្យ៉ាងទៀត ថាជាពានរង្វាន់ «ណូបែលសម្រាប់វិស័យសិទ្ធិមនុស្ស» នោះ នឹងត្រូវប្រគលជូនអ្នកឈ្នះម្នាក់ (ឬមួយក្រុម) ក្នុងកម្មវិធីមួយ ចាប់ពីម៉ោង១៨ (ត្រូវនឹងម៉ោង ២៣ ម៉ោងក្នុងប្រទេសកម្ពុជា) យប់នេះ ដែលរៀបចំឡើងផ្ទាល់ ដោយសាលាក្រុង ហ្សឺណែវ ប្រទេសស្វីស។
សកម្មជនការពារសិទ្ធិមនុស្ស ចំនួនបីនាក់ (ឬបីក្រុម) ត្រូវបានជ្រើសរើស តាំងពីខែមីនាកន្លងមក ឲ្យជាប់ជាបេក្ខជនចុងក្រោយបង្អស់ ដើម្បីឈ្នះពានរង្វាន់ខាងលើ។ សកម្មជនទាំងនោះ រួមមាន៖
- សកម្មជនសិទ្ធិមនុស្សខ្មែរ ៥រូប លោក នី ចរិយា (អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត) - អ្នកស្រី លឹម មុន្នី - លោក យី សុខសាន្ត - លោក នី សុខា និងលោក ណៃ វ៉ង់ដា (អ្នកទាំងបួនរូប ជាមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក) មកពីប្រទេសកម្ពុជា
- អ្នកស្រី «Karla Avelar» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសសាលវ៉ាឌ័រ
- លោក «Mohamed Zaree» សកម្មជនសិទ្ធិមនុស្ស មកពីប្រទេសអេហ្សីព។
បើតាមការអះអាងរបស់លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការខុមហ្វ្រែល បានឲ្យដឹងថា មន្ត្រីការពារសិទ្ធិមនុស្សទាំងប្រាំរូប មកពីប្រទេសកម្ពុជា នឹងឈ្នះ ទទួលបានពានរង្វាន់ «Martin Ennals»។ មន្ត្រីទាំងប្រាំរូប ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានជាប់ឃុំ អស់រយៈពេល៤២៧ថ្ងៃ នៅក្នុងសំនុំរឿង«សូកប៉ាន់សាក្សី» ដ៏ចម្រូងចម្រាស់មួយ។
ចំពោះមន្ត្រីរដ្ឋាភិបាលខ្មែរវិញ បានចាត់ទុកពានរង្វាន់នេះ ថាមាននិន្នាការនយោបាយ។ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនមានការភ្ញាក់ផ្អើលសោះឡើយ ចំពោះការផ្តល់ពានរង្វាន់ខាងលើ ពីព្រោះការផ្តល់នេះ គ្រាន់តែជាការលើកទឹកចិត្ត ដល់បុគ្គលដែលបម្រើផលប្រយោជន៍ របស់គេនោះតែប៉ុណ្ណោះ។
ដោយឡែក តាមសេចក្ដីប្រកាសព័ត៌មានមួយ របស់គណៈកម្មការពានរង្វាន់ ដែលចេញផ្សាយ កាលពីថ្ងៃទី១ ខែតុលា បានអះអាងថា លោក «Mohamed Zaree» ត្រូវបានអាជ្ញាធររបស់ប្រទេសអេហ្សីព ហាមឃាត់មិនឲ្យធ្វើដំណើរ ចេញក្រៅប្រទេស ដើម្បីចូលរួម ក្នុងពិធីទទួលពាន់រង្វាន់នេះទេ។
ពានរង្វាន់ «Martin Ennals» ជាកិច្ចសហប្រតិបត្តិការួមគ្នា តែមួយ រវាងអង្គការអន្តរជាតិធំៗ ចំនួន១០ នៅក្នុងពិភពលោក ដែលធ្វើការផ្នែកសិទ្ធិមនុស្ស។ ពានរង្វាន់នេះ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៩៣មកនោះ មានទិសដៅ ដើម្បីអះអាងជាថ្មី ពីកិច្ចការប្រកបដោយហនិភ័យ របស់ក្រុមអ្នកធ្វើកិច្ចការ ដើម្បីវិស័យសិទ្ធិមនុស្ស នៅលើពិភពលោក និងដើម្បីការពារពួកគេ។ កាលពីឆ្នាំ២០១២ ព្រះសង្ឃ លួន សូវាត ក៏បានឈ្នះពានរង្វាន់ខាងលើដែរ។ អង្គការអន្តរជាតិ ទាំង១០នោះ ដែលបានចូលរួម ក្នុងការវិន្និច្ឆ័យជ្រើសរើស អ្នកឈ្នះពានរង្វាន់នេះ រួមមាន៖
- Amnesty International
- Human Rights Watch
- Human Rights First
- FIDH – Fédération internationale des droits de l’homme
- Organisation mondiale contre la torture
- Front Line Defenders
- Commission internationale de juristes
- EWDE Germany
- Service international pour les droits de l’homme
- HURIDOCS