អាដហុកគ្រោងប្តឹងមន្រ្តីសាធារណៈ ដែលមិនអនុវត្តច្បាប់
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 27, 2015
- ប្រធានបទ: ច្បាប់និងអំណាច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមាគមអាដហុក កំពុងពិនិត្យមើលផ្លូវច្បាប់ និងរៀបចំតាមនីតិវិធី ក្នុងការប្តឹងមន្រ្តីពាក់ព័ន្ធ ក្នុងជួររដ្ឋាភិបាលណា ដែលបានរំលោភបំពានច្បាប់។ ប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយផ្លូវច្បាប់ របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី ចិរិយា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សមាគមអាដហុក នឹងធ្វើសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការរំលោភច្បាប់ និងសិទ្ធិមនុស្ស ដោយមន្រ្តីសាធារណៈរបស់រដ្ឋ បន្ទាប់មកនីតិវិធីប្តឹងផ្តល់ នឹងស្នើឡើងបន្តបន្ទាប់គ្នានេះ។
ការអះអាងរបស់លោក នីចរិយា នេះត្រូវបានធ្វើឡើង បន្ទាប់ពីបុគ្គលិកសមាគមអាដហុកម្នាក់ ឈ្មោះ ឌិត សុធី ត្រូវបានក្រុមសន្តិសុខ និងអាជ្ញាធរខណ្ឌដូនពេញ និងខណ្ឌចំការមន ធ្វើការចាប់ខ្លួន អំឡុងពេលមន្រ្តីរូបនេះ កំពុងចុះអង្កេតការណ៍ ពីសកម្មភាពនៃការដង្ហែរញត្តិ របស់ក្រុមយុវជន ចលនាមាតាធម្មជាតិ ទៅដាក់នៅរដ្ឋសភា រឿងបូមខ្សាច់នៅក្នុងខេត្តកោះកុង។
លោក នី ចរិយា បានចាត់ទុកថាការចាប់ខ្លួននោះ ជាការ«គម្រាមកំហែង ដល់សកម្មជនសិទ្ធិមនុស្ស និងការទាញឲ្យច្បាប់គ្រប់គ្រងអង្គការ ឆាប់ត្រូវបានអនុម័ត។ លោកបានបន្តថា៖ «បញ្ចេញមតិគាំទ្រ (រដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា) មិនមានបញ្ហា។ តែបើបញ្ចេញមតិ ការពារផលប្រយោជន៍ពលរដ្ឋទូទៅ ប្រជាជនដែលទន់ខ្សោយ ប៉ុន្តែវាប៉ះពាល់ ទៅដល់រដ្ឋាភិបាល ត្រូវតែមានបញ្ហាតែម្តង។ (…) តាមច្បាប់ កម្លាំងសមត្ថកិច្ចទាំងអស់ជារបស់រដ្ឋ ជារបស់ជាតិ ហើយក៏ស្ថិតក្រោមគណបក្សណា ដែលកាន់អំណាចដែរ។ ក៏ប៉ុន្តែការស្ថិតនៅក្រោមអំណាចគណបក្ស នៃប្រទេសយើងនេះ វាមិនមែនស្ថិតនៅក្រោម តែការងាររដ្ឋបាល វាស្ថិតនៅក្រោមទាំងអំណាច ដែលធ្វើឲ្យបាត់បង់ នូវឯករាជ្យភាពរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ។»
លោក ឌិត សុធី ដែលត្រូវបានសមត្ថកិច្ច ខណ្ឌចំការមន ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនានេះ បានបញ្ជាក់ប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងងហ្វូថា ក្រោយការចាប់ខ្លួន នៅសាលាខណ្ឌចំការមក មានមន្រ្តីម្នាក់ បានសួរឲ្យលោកឆ្លើយ និងចុះក្នុងលិខិតមួយ ដែលលោកមើលទៅឃើញថា ជាលិខិតសួរយកចម្លើយ«ជនល្មើស»។ លោកបន្តថា បន្ទាប់មក គេបង្ខំឲ្យលោកផ្តិតមេដៃ លើលិខិតនោះ តែលោកមិនព្រម ព្រោះតែលោកយល់ថា ខ្លួនមិនមានបទល្មើស។ លោកបញ្ជាក់បន្ថែមថា៖ «គេសួរប្រវត្តិរូបជាតិយើង គេសរសេរហើយឲ្យយើងផ្តិតមេដៃ តែត្រូវខ្ញុំបដិសេធមិនផ្តិត។ (…) គេថាផ្តិតមេដៃសិនទៅ តែខ្ញុំថាមិនផ្តិតទេ ដោយរង់ចាំប្រធានស្ថាប័ន និងមេធាវីខ្ញុំមក។ (…) ខ្ញុំមិនផ្តិតមេដៃទេ ព្រោះអីវាមិនមែនជាបទល្មើស ហើយខ្ញុំក៏មិនបានប្រព្រឹត្តិអ្វី រឿងអីដែលខ្ញុំត្រូវផ្តិតមេដៃ លើលិខិតដែលសាកសួរជនសង្ស័យ ដោយមានកំណត់បង្ហាញទោស។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពីការចាប់ខ្លួនខាងលើបានទេ ដោយលោកមិនទទួលទូរស័ព្ទ។ តែលោកបានអះអាងយ៉ាងខ្លី តាមរយៈវិទ្យុក្នុងស្រុកមួយថា ការចាប់ខ្លូនក្រុមយុវជនទាំងនោះ គឺជាវិធានការដ្ឋបាល ព្រោះក្រុមទាំងនោះ មិនបានជូនដំណឹង ឬស្នើសុំការអនុញ្ញាត ពីសាលារាជធានីជាមុន។ រីឯការឃាត់ខ្លួនមន្រ្តីអាដហុក ព្រោះតែមន្រ្តីនោះ មិនពាក់ប័ណ្ណសំគាល់ នេះជាការភាន់ច្រឡំទេ។
ប៉ុន្តែសម្រាប់លោក នី ចរិយា នៅតែចាត់ទុកថា សកម្មភាពរបស់រដ្ឋាភិបាលនេះ បានបង្ហាញឲ្យឃើញ នូវការគម្រាមដល់សហគមន៍ ក៏ដូចជាអង្គការដទៃទៀត កុំឲ្យធ្វើសកម្មភាពណា ដែលបង្ហាញពីការតស៊ូមតិ។ នេះបើសិនបើច្បាប់គ្រប់គ្រង សមាគម អង្គការក្រៅរដ្ឋាភិបាល ត្រូវបានអនុម័តនោះ វាមិនមែនត្រឹមតែចាប់ខ្លួនទេ តែវាអាចឈាន ទៅដល់បិទទីស្នាក់ការ របស់អង្គការសមាគមណា ដែលហ៊ានធ្វើសកម្មភាព អស់ទាំងហ្នឹងផង ទោះបីសកម្មភាពទាំងនោះ ជាសកម្មភាពស្របច្បាប់ ជាសកម្មភាព ដែលធានាដោយរដ្ឋធម្មនុញ្ញក៏ដោយ។
សូមរំលឹកដែរថា នៅក្នុងព្រឹត្តិការណ៍ចាប់ខ្លួននោះ យុវជនបីរូប ពីចលនាមាតាធម្មជាតិ ក៏ត្រូវក្រុមសមត្ថកិច្ចទាំងនោះ ចាប់ឃាត់ខ្លួនដាក់ឡើងឡានយកទៅដែរ។ យុវជន សន ចាន់ដារ៉ា សមាជិកចលនាមាតាធម្មជាតិ បានថ្លែងថា មុននឹងរូបលោក ត្រូវបានដោះលែងមកវិញ នៅវេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់នោះ ដោយសារលោក និងសហការីពីរនាក់ទៀត បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ថារាល់សកម្មភាពលើកក្រោយៗ បើមានត្រូវជូនដំណឹង ទៅអាជ្ញាធរជាមុន។ សម្រាប់យុវជនរូបនេះ ទាំងការចាប់ខ្លួន ទាំងការឲ្យផ្តិតមេដៃ លើខសន្យានេះ សុទ្ធសឹងជាការរំលោភ លើសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ តាមទីសាធារណៈ រំលោភសិទ្ធិបុគ្គល សិទ្ធិមនុស្ស ដែលបានការពារដោយរដ្ឋធម្មនុញ្ញ ការពារដោយច្បាប់បាតុកម្ម៕