ឈាង វុន៖ បើបក្សប្រឆាំងថាខ្លួនឈ្នះឆ្នោត នោះគឺព្រះមហាក្សត្រធ្វើខុស
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: October 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពជា លោក ឈាង វុន បានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរថា គណបក្សខ្លួនឈ្នះឆ្នោតទៀតនោះ គឺមានន័យស្មើនឹងព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី ជាអ្នកធ្វើខុស។ ព្រោះព្រះអង្គបានទទួលស្គាល់ជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ។ ចំណែកមន្រ្តីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា មូលហេតុដែលព្រះអង្គទ្រង់ព្រះតម្រិះបែបនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា បានរាយការណ៍ព័ត៌មានមិនពិតថ្វាយព្រះមហាក្សត្រ។
លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)
ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា បានអូសបន្លាយមកជាច្រើនខែមកហើយ រហូតមកទល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយណាមួយអាចទម្លាយនូវបញ្ហានេះបាននៅឡើយ។ គណបក្សនីមួយៗដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា សុទ្ធតែប្រកាន់គោលជំហរដោយអួតអាងពីជ័យជំនះរៀងៗខ្លួននៅក្នុងការបោះឆ្នោតនេះ។ គណបក្សប្រជាជនកម្ពុជាបានអះអាងថា ខ្លួនទទួលបានជ័យជំនះ ដោយមានការទទួសស្គាល់ពីគ.ជ.ប និងព្រះមហាក្សត្រ។ ចំណែកគណបក្សប្រឆាំងវិញក៏អះអាងថា ខ្លួនឈ្នះដែរ តែបានចោទប្រកាន់ថាខ្លួនបែរជាចាញ់ឆ្នោត គឺដោយសារតែគ.ជ.ប លួចសន្លឹកឆ្នោត។
ថ្លែងនៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី២៨ខែតុលា លោក ឈាន វុន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យនៃរដ្ឋសភាជាតិ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះយ៉ាងពិតប្រាកដនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៥ កាលពីពេលកន្លងទៅ។ លោក ឈាង វុន បញ្ជាក់ថា ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា មានការទទួលស្គាល់ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ និងជាពិសេសគឺព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី តែម្តង ដែលព្រះអង្គបានទទួលស្គាល់តាមរយៈការកោះអញ្ជើញអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន ៦៨ រូបនិងអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិតែ ៥៥ រូបឲ្យចូលរួមប្រជុំសភា។ មន្រ្តីរូបនេះ បានសង្កត់ធ្ញន់ថា ហេតុដូច្នេះហើយ «ប្រសិនបើគណបក្សប្រឆាំងនៅតែចចេះថា ខ្លួនទទួលបានជ័យជំនះទៀត នោះមានន័យថា ព្រះមហាក្សត្រទ្រង់ជាអ្នកខុស ដោយសារថា ព្រះមហាក្សត្រទ្រង់ទទួលស្គាល់ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត»។
មន្រ្តីជើងខ្លាំងនៅក្នុងគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្តថា ប្រជាជកម្ពុជាទាំងអស់ ដែលកើតមកជាកូនខ្មែរមានភព្វសំណាងខ្លាំងណាស់ ដែលមានព្រះមហាក្សត្រសោយរាជ្យប្រកដដោយទសពិធរាជធម៌ដូចបច្ចុប្បន្ន គឺលោកតែងតែផ្តល់យុត្តិធម៌ជានិច្ចដល់កូនចៅរបស់ព្រះអង្គ។ លោក ឈាង វុន បន្តថា លោកមិនអាចទទួលយកបាននោះទេ នៅពេលដែលមាននរណាមួយមករំលោភបំពាន ប្រមាថមើលងាយស្ថាប័នរាជបល្ល័ង្គ ឬអង្គព្រះមហាក្សត្រជាដាច់ខាត។
តបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យ៉ែម ប៉ុញ្ញរិទ្ធ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ថាមូលហេតុដែលព្រះមហាក្សត្រទ្រង់ព្រះទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលបានជ័យជំនះ គឺដោយសារតែគណបក្សប្រជាជនរាយការណ៍ នួវព័ត៌មានខុសការពិត កុហក ចំពោះព្រះមហាក្សត្រ។ លោកថា គណបក្សកាន់អំណាចទេ ដែលជាអ្នកប្រមាថចំពោះព្រះមហាក្សត្រ ព្រោះកុហកព្រះអង្គ។
លោក យ៉ែម ប៉ុញ្ញារិទ្ធ ដែលអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងដែរ ក៏បានបញ្ជាក់ពីជំហររបស់បក្សខ្លួន ដោយនូវតែមិនចូលរួមប្រជុំសភា ដរាបណាយុត្តិធម៌នៅមិនទាន់កើតមានដល់ម្ចាស់ឆ្នោត។ យុត្តិធម៌ ដែលគណបក្សនេះទាមទារ គឺបង្កើតគណកម្មការពិសេស ដើម្បីស៊ើបអង្កេតភាពមិនប្រក្រត្រីការបោះឆ្នោត។
តួអង្គព្រះមហាក្សត្រជាតួអង្គកំពូលនៅក្នុងប្រទេសកម្ពុជា ព្រះអង្គជាអជ្ញាកណ្តាលក្នុងការជួយសម្រុះសម្រួលដោះស្រាយនូវបញ្ហាប្រទេសជាតិធំៗ ជាពិសេសគឺបញ្ហាការជាប់គាំងនយោបាយ នៅពេលណាដែលអ្នកនយោបាយខ្មែរខ្វែងគំនិតគ្នា ដូចជាស្ថានការណ៍ជាប់គាំងនយោបាយ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក៏ប៉ុន្តែតួអង្គព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងការដោះស្រាយបញ្ហានយោបាយនាពេលកន្លងមក ហាក់មិនមានជាទម្ងន់សម្រាប់ឲ្យអ្នកនយោបាយអនុវត្តឡើយ ។ ម្យ៉ាងវិញទៀតពេលនេះ តួនាទីរបស់ព្រះមហាក្សត្រត្រូវគេមើលឃើញថា ហាក់នៅឆ្ញាយ និងមិនសូវមានឥទ្ធិពលទាល់តែសោះ ចំពោះអ្នកនយោបាយខ្មែរបច្ចុប្បន្ន។
ការណ៍នេះ បានធ្វើឲ្យពលរដ្ឋមួយចំនួនហាក់មិនសូវពេញចិត្តនឹងសមត្ថភាពរបស់ព្រះមហាក្សត្របច្ចុប្បន្នឡើយ តែផ្ទុយទៅវិញពួកគេបានលើកសរសើរពីអតីតព្រះមហាវីរក្សត្រកម្ពុជា ដែលព្រះអង្គបានសោយទិវង្គតទៅ ដោយអះអាងថា ការជាប់គាំងនយោបាយនាពេលបច្ចុប្បន្ន ប្រសិនបើព្រះបាទ នរោត្តម សីហនុ នៅមានព្រះជន្មនៅឡើយ នឹងអាចដោះស្រាយបានជាក់ជាមិនខាន៕
-------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ