រថយន្ដផ្ទុះឆេះជាភ្លើង នៅទីលានធៀនអានម៉េន ជាភេវរកម្ម? (VDO)
ព្រឹត្តិការណ៍ដែលទំនងជាភេវរកម្មមួយ បានកើតឡើងនៅកណ្ដាលទីលានធានអានម៉េននៃទីក្រុងប៉េកាំងប្រទេសចិន នៅថ្ងៃចន្ទនេះ។ រថយន្ដមួយគ្រឿង បានបានបើកបុករនាំងផ្ទុះឆេះជាភ្លើង ហើយទម្លុះហ្វូងមនុស្ស មុននឹងទៅឈប់នៅក្បែរស្ពានមួយ នៃទីលាន។ អាជ្ញាធរបានបិតបរិវេណជុំវិញកន្លែងកើតហេតុ ហើយហាមប្រាមរាល់ការផ្សាយរូបភាព ឬវីដេអូពីព្រឹត្តិការណ៍នេះ។
ទិដ្ឋភាពភ្លើងឆេះបង្ហុយជាផ្សែងខ្មួលខ្មាញ់ ឡើងទៅលើ នៃរថយន្ដហ្សីប នៅកណ្ដាលទីលានធៀនអានម៉េន។ (រូបថតចម្លងពីអេក្រង់វីដេអូ)
ទីក្រុងប៉ារីស - និមិត្តរូបនៃរដ្ឋអំណាចចិន ទទួលរងគ្រោះនឹងការវាយប្រហារមួយ ដែលទំនងជា«ភេវរកម្ម» នៅវេលាថ្ងៃត្រង់ថ្ងៃចន្ទនេះ។ រថយន្ដមួយគ្រឿង បានបុកទម្លុះហ្វូងមនុស្ស នៅលើទីលាន ធៀនអានម៉េន ដែលជាច្រកចូលរាជវាំងចាស់របស់ទីក្រុងប៉េកាំង។ តាមការផ្សាយឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានឲ្យដឹងជាជំហានដំបូងថា មនុស្ស៣នាក់ បានស្លាប់នៅក្នុងរថយន្ដដែលផ្ទុះឆេះជាអណ្ដាតភ្លើងឡើង និង១១នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែដំណឹងចុងក្រោយបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានឡើងដល់ទៅ៥នាក់ និងរងរបួស៣៨នាក់។
កន្លែងកើតហេតុ និងទីលាន ត្រូវបានអាជ្ញាធរបិតឃាំងទាំងស្រុង
ព្រឹត្តិការណ៍នេះ បានធ្វើឲ្យរញ្ជួយដល់រដ្ឋអំណាចចិន ដែលជាហេតុធ្វើឲ្យកងកម្លាំងសមត្ថកិច្ចបានចុះធ្វើប្រតិកម្មភ្លាមៗ នៅនឹងកន្លែង ក៏ដូចជាធ្វើសកម្មភាពរាំងខ្ទប់យ៉ាងខ្លាំងមួយ នៅតាមកន្លែងផ្សេងទៀត។ អាជ្ញាធរបានបញ្ជាឲ្យដកចេញ នូវរូបថតទាំងឡាយណា ដែលទាក់ទងនឹងរថយន្ដឆេះជាអណ្ដាតភ្លើងនេះ ហើយដែលត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញអាំងធើណែតក្រោយព្រឹត្តិការណ៍ភ្លាមៗ។ បើទោះជាមូលហេតុ ស្ថិតនៅជាអាថ៌កំបាំងនៅឡើយ តែវាត្រូវបានគេគិតថា អាចជាស្នាដៃនៃសកម្មជននៃក្រុមណាមួយ ដែលចង់បង្ហាញពីការតវ៉ាររបស់ក្រុមគេ ហើយបានជ្រើសរើសទីកន្លែង នៅចំកណ្ដាលបេះដូងនៃទីក្រុង ជាពិសេសជាកន្លែងដែលសម្បូរទៅដោយទេសចរណ៍ផងនោះ។
ទីលានធៀនអានម៉េន ដែលល្បីឈ្មោះតាំងពីព្រឹត្តិការណ៍ បង្ក្រាបបាតុកម្មឆ្នាំ១៩៨៩ ត្រូវបានដាក់ក្រោមការត្រួតពិនិត្យដ៏តឹងតែង របស់កងកម្លាំងសន្តិសុខ។ ប៉ុន្តែអ្វីដែលបង្កការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺបរិវេណនៃទីលានទាំងមូល ត្រូវបានបិតតាំងពីម៉ោង១២និង៥នាទី នៅពេលដែលហេតុការណ៍បានកើតឡើងហើយភ្លាមៗ។ ជនទេសចរណ៍ទាំងអស់ ត្រូវបានគេជម្លៀសចេញភ្លាមៗពីទីនោះ ហើយខ្សែរថភ្លើងក្រោមដី ដែលនាំទៅកាន់ទីលាន ក៏ត្រូវបានបញ្ជាឲ្យផ្អាកដែរ។ អ្នកការសែតមួយរូបរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង ដែលនៅមិនឆ្ងាយពីទីនោះ បានរាយការណ៍ថា ភ្នាក់ងារនគរបាលបានដាក់របាំងខ្ពស់ៗ ព័ទ្ធជុំវិញទីកន្លែងកើតហេតុ ដើម្បីបិតបាំងរថយន្ដហ្សីប ដែលកំពុងឆេះ។
អ្នកការសែតបារាំងពីរនាក់ត្រូវបានចាប់ឃាត់ខ្លួន នៅពេលដែលពួកគេព្យាយាមទៅជិតកន្លែងកើតហេតុ។ តែបន្តិចក្រោយមក ពួកគេត្រូវបានដោះលែងមកវិញ តែរូបភាពដែលអ្នកកាសែតទាំងពីរបានថត ត្រូវបានគេលប់ចោលទាំងអស់។
ទោះបីប្រទេសចិនជាប់ឈ្មោះល្បី ខាងរិតបន្តឹងផ្នែកសន្តិសុខខ្លាំងជាងគេយ៉ាងណាក៏ដោយ តែហេតុការណ៍នេះត្រូវបានគេគិតថា ជា«ភេវរកម្ម»ដែលវាយប្រហារនិមិត្តរូបនៃរដ្ឋអំណាចចិន ជាពិសេសទីកន្លែងដែលមានតាំងនូវរូបថត លោកប្រធានម៉ៅដ៏ធំជាងគេ។ បន្ទាប់ពីព្រឹត្តិការណ៍បង្ក្រាបនៅឆ្នាំ១៩៨៩នោះមក ទីលានធៀនអានម៉េន ធ្លាប់ទទួលរងនូវការប្រឆាំងតវ៉ាជាច្រើនដង ក្នុងនោះការតវ៉ារបស់ជនជាតិទីបេ ប្រមាណជា១២០នាក់នៅឆ្នាំ២០០៩ និងមានប៉ុនប៉ងដុតសម្លាប់ខ្លួនបានកើតឡើង កាលពីខែតុលាឆ្នាំ២០១១ជាដើម៕
រូបថត និងវីដេអូបន្ថែមដែលបណ្ដាញផ្សព្វផ្សាយបស្ចឹមលោក ថតបាន៖
--------------------------------------------------
ដោយ ឈូករ័ត្ន - ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ