ទូរទស្សន៍​ជាតិ​បារាំង កំពុង​ផ្សាយ​ឡើង​វិញ បន្ទាប់​ពី​រងការ Hack ពី​ក្រុម ISIS

បន្ទាប់ពីររងគ្រោះ អស់ជាច្រើនម៉ោង ព្រោះការវាយប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ពីក្រុមមួយ ដែលប្រកាសខ្លួន ជា​សមាជិក​រដ្ឋ​អ៊ីស្លាម​នោះ​មក ទូរទស្សន៍ជាតិបារាំង TV5 Monde បានចាប់ផ្ដើម ធ្វើការផ្សាយកម្មវិធីរបស់ខ្លួន ឡើងវិញជាធម្មតា។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរទស្សន៍ជាតិបារាំង TV5 Monde ដែលផ្សព្វផ្សាយជាភាសាបារាំង មានលក្ខណៈអន្តរជាតិ (ផ្សាយចេញ ទៅច្រើន​ជាង​២០០ប្រទេស ក្នុងពិភពលោក) និងមានទីស្នាក់ការ នៅរដ្ឋធានីប៉ារីស អាចត្រឡប់ មកធ្វើការផ្សាយ កម្មវិធីរបស់ខ្លួនឯង​វិញបានហើយ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ ប៉ុន្តែនៅមានកម្មវិធីមួយចំនួនទៀត នៅរងភាពរអាក់រអួលនៅឡើយ។ នេះ​បើ​តាម​​ការ​ប្រកាស របស់នាយកគ្រប់គ្រងកម្មវិធី របស់ស្ថានីយ៍ទូរទស្សន៍ លោក អង់ដ្រេ ក្រេតឺណង់ (André Crettenand)។

ស្ថានីយទូរទស្សន៍ ដែលផ្សាយចេញ មាន១១ប៉ុស្ដ៍ បានត្រឡប់មកផ្សាយ កម្មវិធីរបស់ខ្លួនឡើងវិញ នៅវេលាម៉ោង​១០​ព្រឹក ថ្ងៃព្រហស្បត្តិ៍ទី០៩ ខែមេសានេះ បន្ទាប់បានស្ថិតក្នុង«អេក្រង់ពណ៌ខ្មៅ» អស់រយៈពេលជាច្រើនម៉ោង រាប់ចាប់តាំង​ពី​ការ​វាយ​ប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ពីសំណាក់ក្រុមមួយ ដែលប្រកាសខ្លួនថា ជាសមាជិករដ្ឋអ៊ីស្លាម។ លោក អង់ដ្រេ ក្រេតឺណង់ បានថ្លែងឲ្យដឹងទៀតថា កម្មវិធីជាច្រើន ដែលគ្រប់គ្រង ដោយប្រព័ន្ធព័ត៌មានវិទ្យា ត្រូវបានរងគ្រោះ នឹង​ការ​វាយ​ប្រហារ។

នាយកស្ថានីយ៍ទូរទស្សន៍ លោក អ៊ីវ ប៊ីស៊ូត៍ (Yves Bigot) បានថ្លែងពន្យល់ថា នៅមុនអាធ្រាតថ្ងៃពុធ ចូលមកថ្ងៃ​ព្រហស្បត្តិ៍ ទូរទស្សន៍ជាតិបារាំង TV5 Monde ត្រូវបានរំខាន លែងអាចធ្វើការផ្សព្វផ្សាយកម្មវិធីរបស់ខ្លួន ដូចធម្មតា។ គេហទំព័រ និងទំព័រផ្លូវការ នៅបណ្ដាញសង្គម បានរងនូវការវាយលុក ដោយយុទ្ធនាការដ៏ធំមួយ។ លោក អ៊ីវ បាន​និយាយ​ថា៖ «យើងលែងអាចគ្រប់គ្រង គេហទំព័រ និងទំព័រនានា នៅលើបណ្ដាញសង្គមបានទៀត ហើយ​នៅគ្រប់​អន្តរ​បណ្ដាញ​របស់យើង បានចេញផ្សាយតែ សាររបស់ក្រុមសមាជិករដ្ឋអ៊ីស្លាម»។

លោក អ៊ីវ បានអះអាងថា ស្ថានីយ៍អាចនឹងធ្វើការផ្សាយកម្មវិធីរបស់ខ្លួនឡើងវិញបន្តិចម្ដងៗ នៅក្នុងតំបន់មួយចំនួន ប៉ុន្តែ​បណ្ដាញផ្សព្វផ្សាយរបស់ទូរទស្សន៍ អាចនឹងជួបបញ្ហាជាបន្ត ដោយការវាយប្រហារមួយ ដែលមាន«កម្លាំង​ខ្លាំង​ក្លា»​នេះ។ លោកបានបន្តថា ការវិលត្រឡប់មករកភាពធម្មតាវិញ អាចមានរយៈពេលច្រើនម៉ោង ឬអាចឈានទៅ​ដល់​ច្រើន​ថ្ងៃ។

នាយកគ្រប់គ្រងកម្មវិធី លោក អង់ដ្រេ បានថ្លែងឲ្យដឹងបន្ថែមថា ស្ថានីយទូរទស្សន៍ មិនដឹងនឹកស្មានថា អាចនឹងរង​គ្រោះដោយការវាយប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យា ដល់កម្រិតនេះឡើយ។ លោកបានពន្យល់ថា៖ «យើងមាន​ប្រព័ន្ធ​ការពារសុវត្ថិភាព ដែលមានលក្ខណៈរឹងមាំជាទីបំផុត។ ដូច្នេះវាច្បាស់ណាសហើយថា ក្រុមដែលធ្វើការវាយប្រហារនេះ មានជំនាញខាងបច្ចេកវិទ្យាខ្ពស់ខ្ពស់ណាស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...