គម្រោង​ធ្វើ​ភេរវកម្ម​មួយ​ទៀត​នៅ​បារាំង ទើប​នឹង​ត្រូវ​បាន​«​បំបែក»

បុរសម្នាក់ ដែលរងការសង្ស័យ ថាបានកំពុងរៀបចំ «ត្រៀម»ធ្វើភេរវកម្មមួយទៀត នៅក្នុង​ប្រទេស​បារាំង ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ទាន់ពេល នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិល ក្នុងតំបន់​ជុំវិញ​រដ្ឋធានី​ប៉ារីស។ ការឆែកឆេរ ទៅ​លើ​លំនៅដ្ឋាន​របស់​បុរសនោះ បានបន្តធ្វើនៅពេលយប់ ហើយអាជ្ញាធរបានរកឃើញ សម្ភារៈ និង​សារជាតិ​ផ្ទុះ​មួយ​ចំនួន។
គម្រោង​ធ្វើ​ភេរវកម្ម​មួយ​ទៀត​នៅ​បារាំង ទើប​នឹង​ត្រូវ​បាន​«​បំបែក»
កងកម្លាំងអាជ្ញាធរ ប្រដាប់ដោយអាវុធធុនធ្ងន់ នៅក្នុងក្រុង អាហ្សង់តឺយ ភាគខាងជើងរដ្ឋធានី ប៉ារីស។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៥ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 25, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិបត្តិការ ដែលដឹកនាំដោយ នគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង (ហៅកាត់ថា DGSI) នេះ បាន​ចាប់​ផ្ដើម​ធ្វើ តាំងពីព្រឹកថ្ងៃព្រហស្បត្តិ៍មកម្លេះ ក្នុងតំបន់អាហ្សង់តឺយ (Argenteuil ភាគខាងជើងរដ្ឋធានី ប៉ារីស)។ ប៉ុន្តែ​រហូត​មកដល់យប់ថ្ងៃដដែល ទើបរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប៊ែរណារ កាស្នើវ (Bernard Cazeneuve) បាន​ចេញ មកធ្វើការប្រកាសអះអាងថា ប្រតិកម្មរបស់អាជ្ញាធរនេះ បានអនុញ្ញាតឲ្យប្រទេសបារាំង ឆ្លង​ផុត​ពី​គម្រោង​មួយ ដែលកំពុងត្រៀម​រួចជាស្រេចហើយ ក្នុងការធ្វើភេរវកម្ម។

នៅក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ប្រតិបត្តិការនៅបន្តធ្វើនៅឡើយ។ អាជ្ញាធរបានធ្វើការឆែកឆេរ នៅក្នុង​អាគារ​ស្នាក់​នៅ​មួយ បន្ទាប់ពីបានជម្លៀស អ្នករស់នៅទីនោះ ចេញអស់។ សម្ភារៈ និងសារជាតិផ្ទុះមួយចំនួន ត្រូវបាន​រក​ឃើញ នៅក្នុងលំនៅដ្ឋានជនសង្ស័យ ដែលស្ថិតក្នុងអាគារនោះ ប៉ុន្តែអាជ្ញាធរនៅមិនទាន់​បានបញ្ជាក់ ឲ្យ​លំអិត​អំពី​​ការរកឃើញ​ ទាំងនេះនៅឡើយ។ តំបន់សុវត្ថិភាពដ៏ធំ ព័ទ្ធជុំវិញអាគារ ត្រូវបានកំណត់ឡើង ជាមួយ​នឹង​ការ​យាមកាមយ៉ាងតឹងរ៉ឹង ពីសំណាក់កងកម្លាំង ប្រដាប់ដោយអាវុធធុនធ្ងន់ នៅគ្រប់ដៃ។

ថ្លែងទៅកាន់ ក្រុមអ្នកយកព័ត៌មាន លោករដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ទៀតថា បុរសដែលត្រូវបាន​ចាប់​ខ្លួន​នោះ មានសញ្ជាតិបារាំង និងស្ថិតក្នុងចង្កោម នៃបណ្ដាញភេរវនិយម។ អាជ្ញាធរបានសង្ស័យបុរសនេះ ថាមាន​ជាប់​ពាក់​ព័ន្ធ​ខ្លាំងក្លា ក្នុងគម្រោងភេរវកម្ម ដើម្បីវាយប្រហារលើប្រទេសបារាំង។ បុរសនេះ ធ្លាប់ត្រូវបាន​ផ្ដន្ទាទោស ដោយ​ប្រទេស​មួយ នៅក្នុងទ្វីបអ៊ឺរ៉ុប បន្ទាប់ពីបុរស បានប៉ុនប៉ង ចង់ឆ្លងចូលទៅក្នុងប្រទេសស៊ីរី ដើម្បី​ធ្វើ​ជា​សកម្មជន​ស្ម័គ្រប្រយុទ្ធ សម្រាប់​ព្រះអាឡាហ៍ (Djihad)។

លោក កាស្នើវ មិនបាននិយាយលំអិតច្រើន អំពីគម្រោងការភេរវកម្មនេះទេ។ លោកគ្រាន់តែបញ្ជាក់ថា មុន​នឹង​ឈានដល់ ការបើកយុទ្ធនាការខាងលើនេះ អាជ្ញាធរបានធ្វើការស៊ើបអង្កេត អស់ជាច្រើនសប្ដាហ៍ និង​បាន​ដាក់​ពង្រាយ នូវមធ្យោបាយជាច្រើន។ យ៉ាងណាក៏ដោយ លោកបានធ្វើការបដិសេធថា៖ «សម្រាប់​ដំណាក់​កាល​នេះ នៅមិនទាន់មានចំណុចណាមួយ អាចធ្វើឲ្យគេសន្និដ្ឋានថា គម្រោងការនេះ មានជាប់ពាក់ព័ន្ធ​នឹង​ភេរវកម្ម នៅ​ប៉ារីស (កាលពីថ្ងៃទី១៣ ខែវិច្ឆិកា) និងនៅប្រ៊ុយសែល (កាលពីថ្ងៃអង្គារទី២២ ខែ​មីនា) នៅ​ឡើយ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...