ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា

យុវតីចូលចិត្តបាល់បោះម្នាក់ បានឆ្លងទន្លេតែម្នាក់ឯង នៅក្នុងបង្គន់ របស់សាលប្រកួតកីឡា ហើយនាងបាន​យក​​កូន​ខ្លួន​ឯង​នេះ ទៅ​បោះ​ចោល នៅ​ក្នុង​គុម្ភផ្កា​មួយ ដែលស្ថិតនៅមិនឆ្ងាយ ពីទីនោះ។ បន្ទាប់មក នាងបានត្រឡប់​មកតាម​ដាន​ការ​ប្រកួត​បាល់​បោះ ដូច​ធម្មតា​ឡើង​វិញ។
ឆ្លង​ទន្លេ​នៅ​ក្នុង​បង្គន់ ហើយ​យក​ទារក​ទៅ​ចោល​នៅ​ក្នុង​គុម្ភ​ផ្កា
រូបជំនួស និងជាករណីដែលបានកើតឡើង តាំងពីខែឧសភា ឆ្នាំ២០១៣។ ទារកជាប់គាំង នៅក្នុងបំពង់លូបង្គន់ ត្រូវបានជួយសង្គ្រោះ នៅបីម៉ោងក្រោយ។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 26, 2016
  • ប្រធានបទ: មិនគួរឲ្យជឿ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈនាងកំពុងថត​ការប្រកួតបាល់បោះមួយ រវាងក្រុមកីឡាពីរ នៅក្នុងក្រុង «Changxing» នៃខេត្ត «Zhejiang» ភាគខាងកើតប្រទេសចិន យុវតីជំទង់ម្នាក់នេះ បានឈឺពោះឆ្លងទន្លេ។ នាងបានចូលទៅបង្គន់ របស់​សាលប្រកួតកីឡាតែម្នាក់ឯង ហើយបង្កើតបានទារិកាដ៏តូចមួយ។ បន្ទាប់ពីនោះមក នាង​បាន​យក​ទារិកា​ខ្លួនឯងនេះ ទៅបោះចោល នៅក្នុងគុម្ភផ្កា ខាងក្រៅសាលប្រកួតកីឡា មុននឹងត្រឡប់​ចូលមក​ទស្សនា​ការ​ប្រកួត ជា​បន្ត​ទៅ​ទៀត។ នេះជាការអះអាង នៅក្នុងរបាយការណ៍មួយ របស់សារព័ត៌មានតំបន់ ឈ្មោះ «Hangzhou Daily» ដែលបានលើកហេតុផល នៃទង្វើរបស់យុវតីខាងលើ ថាបណ្ដាលមកពី «នាង​ភ័យ​ខ្លាំង​ពេក»។

របាយការណ៍ដដែលនោះ បានសរសេរទៀតថា ទារិកាដ៏អភ័ព ត្រូវបាន​បុរសអ្នកដំណើរ​ម្នាក់​​ប្រទះឃើញ។ បុរសម្នាក់នោះ ថែមទាំងបានរកឃើញអ្នកម្ដាយវ័យក្មេង ដោយបានដើរតាមដានឈាម ដែលស្រក់ប្រលាក់ នៅលើដី។

ផ្ដល់កិច្ចសម្ភាសទៅឲ្យ «Quotidien du peuple» ដែលជា​សារព័ត៌មានចិន​មួយ​ទៀត បុរសអ្នកដំណើរឈ្មោះ វ៉ាង (Wang) បានថ្លែងឲ្យដឹងថា លោកបានឃើញយុវតីរូបនោះ អង្គុយនៅជិត​ទីលានប្រកួត​បាល់បោះ កណ្ដាល​សាលកីឡា។ លោក វ៉ាង បានបន្តថា៖ «មើលទៅនាង ដូចជានៅមានកម្លាំងកំហែងធម្មតា បន្ទាប់​ពីឆ្លង​ទន្លេ​រួច»។

អ្នកម្ដាយវ័យក្មេង និងទារិកា ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ និងបានរួចផុតពីគ្រោះថ្នាក់​ទាំង​ស្រុងហើយ។ នេះបើតាមការរបាយការណ៍ របស់សារព័ត៌មានតំបន់ «Hangzhou Daily»។

មានកូនគ្មានឪពុក រងការរើសអើង...

ករណីបោះបង់កូនចោល នៅប្រទេសចិន មិនមែនជាករណីកម្រនោះទេ។ ហើយមូលហេតុ ដែលធ្វើឲ្យ​ម្ដាយ​ជា​ច្រើន ឈានទៅលើកដៃ ធ្វើទង្វើបែបនេះ បណ្ដាលមកពីសម្ពាធរបស់សង្គម និងបញ្ហាសេដ្ឋកិច្ច ជាពិសេសកូន​ដែលកើតមក គ្មានឪពុក និងគ្មានអាពាហ៍ពិពាហ៍ច្បាស់លាស់ នឹងត្រូវរង​នូវ«ការរើសអើង»​ សព្វគ្រប់​បែប​យ៉ាង។ នយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការកំណត់ឲ្យមានកូនតែពីរ នៅក្នុងគ្រួសារមួយ (ពីមុនខែ០១​ឆ្នាំ​២០១៦ អនុញ្ញាត​ឲ្យ​មានកូនតែមួយ) បានធ្វើការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ទៅលើនរណាក៏ដោយ ដែល​មាន​កូន​ច្រើន លើស​ពី​ការ​​កំណត់​​នេះ។ កូនក្រៅច្បាប់ទាំងនោះ ត្រូវទ្រាំទ្ររស់នៅ ដោយគ្មានការគាំពារពីសង្គម រាប់​តាំង​​ពី​ពិបាក​រក​សាលារៀន រក​ផ្ទះ​ស្នាក់​អាស្រ័យ និងជាពិសេស ពិបាករកការងារធ្វើ។

» សូមអានអត្ថបទ៖ ចិន​ចាប់​ផ្ដើម​​ឆ្នាំ​២០១៦​ថ្មី ដោយ​ការ​បញ្ចប់​នយោបាយ​«កូន​មួយ»

ដូចជាហេតុការណ៍មួយនេះ ដែលកើតឡើង​តាំងពីខែឧសភា ឆ្នាំ២០១៣មកម្លេះ តែបានបណ្ដាល ឲ្យផ្ទុះ​ការ​ក្ដៅ​ក្រេវក្រោកជាទូទៅ ពីសំណាក់​បណ្ដាជនចិន។ ទារកដ៏តូចមួយរូប ត្រូវបានឃើញជាប់គាំងខ្លួន នៅក្នុង​បំពង់​​លូ​បង្គន់ អស់រយៈពេលជាច្រើនម៉ោង រហូតលុះត្រាក្រុមអ្នកជួយសង្គ្រោះ បានចូលមកកាត់ និងបំបែក​​បំពង់​​លូ​នោះ ទើប​​ទារក​​ត្រូវ​​បាន​យកចេញ និងបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ។ ម្ដាយបានប្រសូតកូន នៅក្នុង​បង្គន់​តែ​ម្នាក់​ឯង ដូច​​ករណី​​ខាង​​លើ តែម្ដាយចិត្តអាក្រក់រូបនោះ ទំនងជាបានញាត់​ទារក​ដ៏តូចរបស់ខ្លួន ចូល​ទៅ​ក្នុង​ប្រហោង​​បង្គន់ ក្នុង​​ន័យ​​សម្លាប់​​​បំបាត់​ដាន​ចោល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...