បង្គន់បន្ទោរបង់ ដែលគួរឲ្យស្រៀវស្ងើបជាងគេក្នុងលោក
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៥ មីនា ២០១៦
- កែប្រែចុងក្រោយ: March 27, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទប់បង្គន់អនាម័យនេះ មិនត្រឹមតែត្រូវបានសង់ នៅខាងក្រៅអាគារធំប៉ុណ្ណោះទេ តែថែមទាំងសង់ ដាច់ដោយឡែកនៅលើឈើពីរបីបន្ទះ ដែលដាក់លយចូលទៅនៅពីលើមាត់ជ្រោះ ស្ថិតនៅកំពស់ជិត ៣គីឡូម៉ែត្រ ពីកម្រិតទឹកសមុទ្រ។ នេះ គេត្រូវគិតដល់ទៀតថា នៅទីនោះ មានធាតុអាកាសត្រជាក់កក ជាមួយនឹងសីតុណ្ហភាពក្រោមសូន្យអង្សា សឹងតែជាប់ជាប្រចាំ។ បើអញ្ចឹង តើនរណាមួយ ដែលឡើងទៅរស់នៅលើភ្នំ ដែលមានកំពស់ខ្ពស់ ហើយត្រូវចេញមកបន្ទោរបង់ នៅខាងក្រៅ និងនៅពីលើមាត់ជ្រោះបែបនេះ?
តាមពិតទៅ បន្ទប់បង្គន់ដ៏ពិសេសមួយនេះ សម្រាប់បម្រើឲ្យមន្ត្រីធ្វើការងារ នៅក្នុងស្ថានីយ៍វាស់ស្ទង់ឧត្តុនិយមមួយ នៅទីនោះ។ ស្ថានីយ៍នោះ មានឈ្មោះ «Kara-Tyurek» ស្ថិតនៅលើកំពូលជ្រលងភ្នំ «Altai Mountains» ក្នុងតំបន់ស៊ីបេរី ភាគខាងជើង នៃប្រទេសរ៉ូស្ស៊ី ដែលគ្រប់ដណ្ដប់ដោយទឹកកក សឹងនៅខួបប្រាំងវស្សា។ ប៉ុន្តែគ្មានបុគ្គលិកណាម្នាក់ មកធ្វើការជាប្រចាំនៅទីនេះទេ ព្រោះមានភ្នាក់ងារតែម្នាក់ប៉ុណ្ណោះ ដែលបានឡើងមកកាន់ទីនេះ ដើម្បីស្រង់យកទិន្នន័យឧត្តុនិយម នៅជារៀងរាល់ខែម្ដង។ ហើយជារៀងរាល់មួយឆ្នាំម្ដង គឺនៅនិទាឃរដូវ (គឺរដូវផ្ការីក តែគ្មានអ្វី«រីក»ទេ នៅលើភ្នំទឹកកកនេះ) ឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះឡើងមកកាន់ទីនេះ ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ ដែលទុកបានយូរ និងទឹកផឹក មកផ្ទុកបម្រុងទុក សម្រាប់ពេលពេញមួយឆ្នាំ។
ដូច្នេះ គេប្រាកដជាមិនពិបាកយល់ទេ ថាហេតុអ្វីបានជាគេ មិនសង់បង្គន់ ដែលមានប្រព័ន្ធបង្ហូរកាកសំណល់ ដ៏ស្មុគ្រស្មាញ នៅពីលើភ្នំថ្ម សម្រាប់ឲ្យមនុស្សតែម្នាក់ប្រើប្រាស់នោះ? មិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះបន្ទប់បង្គន់មួយនេះ ថែមទាំងបានជាប់លេខខ្ពស់ជាងគេ នៅក្នុងបញ្ជីរចំណាត់ថ្នាក់ ឆ្នាំ២០១៣ របស់ទីភ្នាក់ងារព័ត៌មានរ៉ូស្ស៊ី ឈ្មោះ «Interfax» ដែលនិយាយពីបង្គន់ ដែលអស្ចារ្យជាងគេ ក្នុងពិភពលោកនោះផងទៀត៕