វិបត្តិនៅឧបទ្វីបកូរ៉េ ក្លាយជាជម្លោះផ្ទាល់ខ្លួន រវាងតែ«មេដឹកនាំ»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មីនា ២០១៦
- កែប្រែចុងក្រោយ: March 27, 2016
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះមកត្រួតពិនិត្យផ្ទាល់ នូវការហាត់បាញ់កាំភ្លើងធំ ដែលធ្វើទំនង ដូចជាការវាយប្រហារទៅលើលំនៅដ្ឋាន របស់ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី ប៉ាក ជនហេ (Park Geun-hye) ខណៈអ្នកស្រីខ្លួនឯង បានតបតរទៅវិញ ដោយបានចោទបុរសខ្លាំង របស់របបកុម្មុយនីស ថា«កំពុងដឹកនាំប្រទេសកូរ៉េខាងជើង ស្ថិតនៅលើផ្លូវមួយ ដែលឈានទៅរកការរលំរលាយ ដោយខ្លួនឯង»។
អ្នកស្រីបានប្រកាសទៀតថា៖ «នៅថ្ងៃនេះ យើងមានឱកាសហើយ ក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរ នូវរបបកូរ៉េខាងជើង»។
ភាពតានតឹង មិនបានបញ្ឈប់ការកើនឡើងឡើយ គិតចាប់តាំង ពីការសាកល្បងគ្រាប់បែក «នុយក្លេអ៊ែរ» លើកទីបួន របស់ក្រុងព្យុងយ៉ាង ក្នុងដើមខែមករាមកនោះ។ គ្រាប់បែក «នុយក្លេអ៊ែរ» មួយគ្រាប់នេះ នៅមិនទាន់គ្រប់គ្រាន់ទេ តែប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយមួយគ្រាប់ទៀត នៅក្នុងខែកុម្ភៈ។ ភាពតានតឹង ក៏កាន់តែកើនឡើងដល់កំពូល នៅខណៈពេលសមយុទ្ធយោធា បានធ្វើរួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលត្រូវបានរបបកុម្មុយនីសចាត់ទុក ជាការបង្ករឿងធ្ងន់ធ្ងរ។
បង្ហោះខិត្តប័ណ្ណ ជាង៥០ពាន់សន្លឹក...
កាលពីថ្ងៃសៅរ៍កន្លងមកនេះ នៅក្បែរក្រុង «Paju» ក្បែរព្រំដែននៃប្រទេសទាំងពីរ បណ្ដាជនកូរ៉េខាងត្បូងមួយក្រុម បានបង្ហោះខិត្តប័ណ្ណ ប្រមាណជាង ៥០ពាន់សន្លឹក ទៅតាមប៉េងប៉ោងធំៗជាច្រើន ដែលត្រូវបានបង្ហោះចូលទៅក្នុងទឹកដី របស់ប្រទេសកូរ៉េខាងជើង។ គេឃើញនៅក្នុងខិត្តប័ណ្ណទាំងនោះ មានរូបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឈរសើច នៅពីមុខគ្រាប់បែក ដែលកំពុងតម្លើង និងមានពាក្យស្លោក ក្នុងន័យរិះគន់មេដឹកនាំរូបនេះ ដែលគិតកសាងតែសព្វាវុធ។
អតីតជនជាតិកូរ៉េខាងជើងម្នាក់ ដែលបានរត់មករស់នៅ ក្នុងកូរ៉េខាងត្បូង និងដែលបានចូលរួមក្នុងសកម្មភាពបង្ហោះខិត្តប័ណ្ណនោះ បានថ្លែងថា ក្រុមរបស់លោក គ្រោងនឹងបង្ហោះខិត្តប័ណ្ណ សរុបប្រមាណជា១០លានសន្លឹក សម្រាប់រយៈពេល៣ខែខាងមុខ ដើម្បីធ្វើការថ្កោលទោស ការសាកល្បងអាវុធនុយក្លេអ៊ែរ របស់របបក្រុងព្យុងយ៉ាង។
ដុតសេអ៊ូល...
ក្រុមអ្នកឃ្លាំមើលស្ថានភាព បានសម្ដែងការព្រួយបារម្ភថា សកម្មភាពទាំងអម្បាលម៉ានខាងលើ អាចបង្កឲ្យស្ថានភាព ដែលកំពុងទំជោរស្រាប់ ផ្ទុះធ្លាយមកក្នុងពេលណាមួយ។ ប្រទេសកូរ៉េខាងជើងខ្លួនឯង ក៏ទំនងជាបានត្រៀមជើងការ រួចជាស្រេចដែរ។ នៅក្នុងសេចក្ដីប្រកាសមួយ របស់លោក គីម ជុងអ៊ុន តាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការ (KCNA) របស់កូរ៉េខាងជើង បានឲ្យដឹងថា៖ «បើខ្មាំងសត្រូវបង្ករឿងដាក់យើង ការតបតរដ៏ខ្លាំង ដែលមិនបានគិតជាមុន នៃកាំភ្លើងធំរបស់យើង នឹងដុតរដ្ឋធានី សេអ៊ូល (Séoul) ឲ្យខ្ចេចខ្ចី និងឲ្យទៅជាផេះ»៕