ជម្លោះដីធ្លីនៅឡពាង៖ ពលរដ្ឋចោទភរិយារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថាសាហាវណាស់
ប្រជាពលរដ្ឋជា៥០នាក់ មកពីភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីដ៏រ៉ុំារ៉ៃជាមួយក្រុមហ៊ុន ខេឌីស៊ីអន្តរជាតិ របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានអមតំណើរតំណាងរបស់ខ្លួន៥នាក់ មកឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនិងបណ្តឹងរបស់ខ្លួនប្តឹងទាមទារយកដីរបស់ពួកគេមកវិញ។
សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)
ជម្លោះដីធ្លី - លោក រាជ ស៊ីម៉ា តំណាងអ្នកភូមិឡពាង ដែលបានឈរជូបជុំនៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា ពលរដ្ឋរបស់ពួកលោក ដែលជាអ្នករងគ្រោះដោយសារការបណ្តេញចេញ និងឈូសឆាយផ្ទះសម្បែង ព្រមទាំងយកដីស្រែពីសំណាក់ក្រុមហ៊ុន ខេឌីស៊ីអន្តរជាតិ របស់លោកស្រី ជា ខេង បានប្តឹងទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ប៉ុន្តែគេពុំព្រមទទួលបណ្តឹងរួមរបស់ពួកលោកទេ ដោយទាមទារឲ្យបំបែកពាក្យបណ្តឹង ដោយពួកគាត់ពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រា លើពាក្យបណ្តឹងទើបនាំគ្នាឡើងមកដាក់ពាក្យបណ្តឹង នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១១។
លោករាជ ស៊ីម៉ា បានថ្លែងឲ្យដឹងទៀតថា៖ «យើងគ្មានទាទារអ្វីក្រៅពីដីស្រែរបស់យើងនោះទេ ហើយគ្រាន់តែរឿងទំនាស់នោះក្រុមហ៊ុន ប្តឹងពលរដ្ឋឡើងតុលាការ ដោយចោទប្រកាន់ពីបទ ប្លន់និងសម្លាប់មនុស្ស តើយើងជាពលរដ្ឋទៅប្លន់ទាហានយ៉ាងម៉េច»។
លោកបានថ្លែងបញ្ជាក់ថា នៅក្នុងសុំណុំរឿងនេះ ដោយសារតែមានការចាប់តំណាង ដាក់ពន្ធនាគាររហូតដល់៦នាក់ ជាបន្តបន្ទាប់មក ធ្វើឲ្យពលរដ្ឋខ្លះលះបង់ចោលការតស៊ូរបស់ពួកគេ ហើយរហូតមកដល់ពេលនោះ មានប្រជាជនតែចំនួន៥២គ្រួសារប៉ុណ្ណោះ ដែលបន្តតស៊ូប្រឆាំងជាមួយក្រុមហ៊ុននៅលើផ្ទៃដី ១១០ ហិកតា។ លោកបាននិយាយថា៖ «ពួកខ្ញុំស៊ូស្លាប់ មិនបោះបង់ចោល ការតវ៉ាប្រឆាំងក្រុមហ៊ុននោះទេ»។
អ្នកស្រី ឈិត ថន អាយុ ៥៥ ភរិយា របស់លោកស សុង ដែលត្រូវបានក្រុមហ៊ុនប្តឹង ចាប់ដាក់ពន្ធនាគារអស់រយៈពេលជាង ៦ឆ្នាំ ដែលទើបតែរួចពីពន្ធនាគារកាលពីចុងឆ្នាំ ២០១៣ នោះបានថ្លែងឲ្យដឹងថា ពលរដ្ឋជាម្ចាស់ដី តែក្រុមហ៊ុនថាពលរដ្ឋរស់នៅលើដីស្របច្បាប់របស់គេ ដូច្នេះហើយពួកអ្នកស្រីត្រូវតែតវ៉ារហូតដល់ទីបញ្ចប់។ អ្នកស្រីបានថ្លែងឲ្យដឹងថា៖ «លោកជំទាវនោះសាហាវណាស់។ គាត់បានបញ្ជារថាបើអ្នកណាក្បាលរឹង គឺចាប់ដាក់គុកឲ្យអស់ តែពួកខ្ញុំមិនខ្លាចគុកទេ ពីព្រោះវាអស់អីរលីងទៅហើយ។ ខ្ញុំសង្ឃឹមថាតុលាការភ្នំពេញ នឹងផ្តល់យុត្តិធម៌ដល់ពួកយើង។»
គួររំលឺកផងដែរថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាជន និងក្រុមហ៊ុន KDC អន្តរជាតិ ដែលបានឈូសឆាយដីអ្នកភូមិជាង១៤០ហិកតា បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០២ ហើយស្ថានភាពបានផ្ទុះរឹតតែធំនៅក្នុងឆ្នាំ២០០៦ នៅពេលដែលប្រជាជនចំនួន១៣នាក់ បានកំពុងរងនូវការចោទប្រកាន់ ពីបទបរិហាកេរ្តិ៍ និងរំលោភដីមានកម្មសិទ្ធិ ហើយពលរដ្ឋ៦នាក់ ត្រូវបានក្រុមហ៊ុនប្តឹងចាប់ដាក់ពន្ធនាគារ។
ពុំអាចទំនាក់ទំនងលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការអត្ថាធិប្បាយ បានទេ។
យោងតាមរបាយការណ៍ របស់សមាគមនការពារសិទ្ធិមនុស្ស អាដហុក ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ ២០១៣ ដែលមានមានចំណង់ជើងថា«ផ្លូវបត់» បានឲ្យដឹងថា ក្នុងឆ្នាំ ២០១២ សមាគមអាដហុក បានទទួលវិវាទដីធ្លីចំនួន៧០ករណី ប៉ះពាល់លើផ្ទៃដី ១០១, ៤០៨ ហិកតា និងប្រជាពលរដ្ឋចំនួន១០,៦៨៩ គ្រួសារ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ សមាគមនអាដហុក បានថ្លែងឲ្យដឹងថា នៅក្នុងទំនាស់ដីធ្លីនេះ អាជ្ញាធរគួរតែផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ ពីព្រោះវាបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពលរដ្ឋក៏ពុំអាចធ្វើស្រែចំការបានដែរ ដែលបណ្តាលឲ្យពួកគាត់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «តាមការសង្កេតកន្លងមក គឺតុលាការផ្តល់យុត្តិធម៌សម្រាប់តែអ្នកមាន និងអ្នកមានអំណាចតែប៉ុណ្ណោះ ចំនែកឯពលរដ្ឋក្រីក្រ គឺជាជនរងគ្រោះរហូត»៕
------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ កុម្ភៈ ២០១៤