សាច់ញាតិរបស់កម្មករខ្មែរ៧នាក់ស្លាប់នៅថៃ ធ្វើដំណើរទៅទទួលសព
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: February 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងចំណោមកម្មករចំនួន ១០ នាក់ដែលបានស្លាប់ ដោយសារការបាក់អគារមួយកន្លែងស្ថិតនៅក្នុង ខេត្តសាមុត ប្រាខាន ប្រទេសថៃ កាលពីថ្ងៃអង្គារកន្លងទៅនោះ មាន ៧ នាក់ ជាកម្មករជនជាតិខ្មែរ។ សពកម្មករខ្មែរទាំង ៧ នាក់នោះ ត្រូវក្រុមហ៊ុនចេញសំណងបណ្តោះអាសន្នចំនួន ២ ម៉ឺនបាត ដើម្បីឲ្យក្រុមគ្រួសារដឹក មកធ្វើបុណ្យនៅស្រុកកំណើតវិញ។
ក្រុមអ្នកជួយសង្គ្រោះ កំពុងសែងជនរងគ្រោះចេញពីគំនរបែកបាក់។ (រូបថតផ្ដិតពីវីដេអូព័ត៌មានទូរទស្សន៍អ៊ឺរ៉ូញ៉ូ)
ជីវិតពលករ - អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃនេះថា មានកម្មករខ្មែរចំនួន ៧ នាក់ បានស្លាប់ និង ១៤ នាក់ផ្សេងទៀត បានរងបួសនៅក្នុងឧប្បទ្ទវហេតុបាក់អគារមួយកន្លែង នៅក្នុងខេត្តសាមុត ប្រាខាន ប្រទេសថៃកាលពីថ្ងៃអង្គារទី ២៥ ខែកុម្ភៈ។ សាកសពខ្មែរទាំង ៧ នាក់នោះ មានប្រុស ៤ និងស្រី ៣ ចំណែកកម្មកររងបួសទាំង ១៤ នាក់ មានប្រុស៩ នាក់ ស្រី ៥ នាក់ ។
លោក កុយ គួង បានគួសបញ្ជាក់ថា ហេតុការណ៍បាក់អគារនៅខេត្ត សាមុត ប្រាខាន បានកើតឡើង កាលពីថ្ងៃអង្គារទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ ខណៈកម្មករប្រមាណជាង ៣០ នាក់ ដែលភាគច្រើនគឺជាជនជាតិខ្មែរ កំពុងតែនាំគ្នាហូបបាយនៅខាងក្រោមបរិវេណសំណង់អគារនោះ។ ការបាក់នោះ គឺជាផ្ទាំងសំណង់ដែលកំពុងតែកសាង។
បើតាមមន្រ្តីរូបនេះដដែល ជាបឋមក្រុមហ៊ុនសំណង់ថៃ បានចេញសំណងចំនួន ២ ម៉ឺនបាតសិន ដើម្បីជាសោហ៊ុយសម្រាប់ដឹកសពកម្មករមកកាន់ប្រទេសកម្ពុជា។ រីឯចំពោះសំណងដទៃទៀតនោះ នឹងត្រូវទូទាត់គ្នានៅពេលក្រោយៗទៀត ។ ចំណែកឯកម្មករ ១៤ នាក់ដែលទទួលរងរបួស នៅមិនទាន់ទទួលបានសំណងនៅឡើយ។ លោកថា ពេលនេះស្ថានទូតខ្មែរនៅក្នុងទីក្រុងបាងកក កំពុងធ្វើការយ៉ាងមមាញឹកជាមួយនឹងមន្រ្តីថៃ ដើម្បីមើលការខុសត្រូវសព និងកម្មករដែលរងរបួស។ បើតាមលោក កុយ គួង នៅព្រឹកថ្ងៃព្រហស្បត្តិទី ២៧ ខែកុម្ភៈនេះ ក្រុមគ្រួសារដែលសាច់ញាតិនៃសព បានធ្វើដំណើរទៅកាន់ទីក្រុងបាំងកកប្រទេសថៃ ដើម្បីទទួលយកសពមកធ្វើបុណ្យនៅកម្ពុជាវិញ។
បច្ចុប្បន្នសាកសពកម្មករទាំង ៧ នាក់នោះ កំពុងតម្កល់នៅមន្ទីរពេទ្យនគរបាល ក្រុងបាងកករងចាំសាច់ញាតិមកទទួល និងកម្មករដែលរងបួសផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៃខេត្ត សាមុត ប្រាខាន ប្រទេសថៃ។ សាកសពកម្មករទាំងនោះ នឹងដឹកមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃនេះ ដែលអមដំណើរដោយមន្រ្តីស្ថានទួតខ្មែរប្រចាំនៅប្រទេសថៃនោះផង។
ជុំវិញបញ្ហានេះ មន្រ្តីសហជីពកម្មករនៅកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះពលករខ្មែរ។ មន្រ្តីសហជីព បានស្នើឲ្យមន្រ្តីរដ្ឋាភិបាល ឬក្រុមហ៊ុនដែលពាក់ព័ន្ធ នាំកម្មករទៅធ្វើការនៅក្រៅប្រទេស ត្រូវគិតគូរពីសុវត្ថិភាព នៃកន្លែងធ្វើការរបស់កម្មករ នៅពេលដែលយកពួកគេទៅបំពេញការងារ នៅប្រទេសណាមួយនោះ។
ជាញឹកញាប់កម្មករកម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេស មានដូចជាម៉ាឡេស៊ី កូរ៉េ និងថៃ ជាដើមតែងតែប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិតជាបន្តបន្ទាប់។ ការស្លាប់របស់កម្មករខ្មែរ ភាគច្រើនដោយសារការធ្វើបាបពីសំណាក់ថៅកែ ដូចជាឃុំឃាំងនៅក្នុងផ្ទះ វាយតប់ ចាត់ទុកដូចជាទាសករ ឬគ្រោះថា្នក់នៅកន្លែងការងារ។
សូមរម្លឹកថា នៅក្នុងព្រឹត្តិការណ៍បាក់អគារមួយកន្លែងនៅស្រុក បាងភិលី ខេត្ត សាមុតប្រាខាន កាលពីថ្ងៃអង្គារកន្លងទៅ បានបណ្តាលឲ្យកម្មករធ្វើការងារនៅទីនោះចំនួន១០នាក់ បានស្លាប់និងបណ្តាលអោយ១៦នាក់ផ្សេងទៀត រងរបួសជាទម្ងន់។ កម្មករដែលស្លាប់ទាំងនោះ គឺជាជនជាតិកម្ពុជា និងមីយ៉ាន់ម៉ា។ សំណង់អាគារនេះ ជាចំណែកមួយនៃសំណង់វិទ្យាស្ថានឱសថសាស្ត្រនៃមន្ទីរពេទ្យ រាមានធីបូឌី (Ramathibodi) ជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យ ម៉ាហ៊ីដូល (Mahidol )ដែលចំណាយទឹកប្រាក់ចំនួន១០ ពាន់លានបាត៕
-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៤