សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?

ប្រភពច្បាស់ការមួយ បានអះអាង ពីគម្រោងបណ្ដុះអគារ កំពស់៦០០ម៉ែត្រ លើផ្ទៃដីនៃសណ្ឋាគារកាំបូឌីយ៉ាណា (Hotel Cambodiana) នៅចំងាយប្រមាណ តែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីព្រះបរមរាជវាំង និងវិមានឯករាជ្យ ដែលសុទ្ធសឹងជាសំណង់ស្ថាបត្យកម្មខ្មែរ ជាទីសង្ការៈ និងជាអត្តសញ្ញាណ របស់រាជធានីភ្នំពេញ។
សណ្ឋាគារ​កាំបូឌីយ៉ាណា​នៃ​សង្គម​រាស្ត្រ​និយម នឹង​ត្រូវ​កំទេច​ចោល?
សណ្ឋាគារកាំបូឌីយ៉ាណា នៅពេលបើកទ្វាឡើងវិញ កាលពីច្រើនឆ្នាំកន្លងទៅ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២២ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 23, 2018
  • ប្រធានបទ: រៀបចំក្រុង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាសណ្ឋាគារកាំបូឌីយ៉ាណា (Hotel Cambodiana) ត្រូវបានវាយកំទេចមែននោះ វានឹងក្លាយជាអគារសេសសល់ ចុងក្រោយបង្អស់មួយទៀត នៃរបបសង្គមរាស្ត្រនិយម របស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ដែលត្រូវបាត់បង់រូបរាង ពីរាជធានីភ្នំពេញ បន្ទាប់ពីសំណង់ជាច្រើន ដែលជាស្នាដៃនៅក្រោម​របប​នោះ ត្រូវបានដុតឆេះ កែឆ្នៃ ឬកាត់ជាចម្រៀកៗ សឹងតែអស់ទៅហើយនោះ។

ស្រង់សំដីដោយសារព័ត៌មានភ្នំពេញប៉ុស្ដ៍ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម លោក សេង ឡូត បានថ្លែងអះអាងថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក គិត ម៉េង គ្រោង​នឹង​ឈូស​សណ្ឋាគារ​ខាងលើ ដើម្បី​ឈានទៅ​សាងសង់​អគារ​មួយ​ ដែល​មាន​កម្ពស់​ ៦០០ ​ម៉ែត្រ។ ប៉ុន្តែអ្នកនាំពាក្យបានបន្តថា គម្រោងនេះ កំពុងស្ថិតនៅជាផែនការនៅឡើយ ដោយលោកបញ្ជាក់ថា ក្រុមហ៊ុនបានស្នើទៅរដ្ឋាភិបាល នូវសិទ្ធិសម្រាប់អនុវត្តន៍គម្រោង។​

ប្រភពមួយទៀត ដែលដកស្រង់ ដោយសារព័ត៌មានដដែល បានអះអាងថា គម្រោងខាងលើ អាចនឹងមានរូបរាងពិតប្រាកដ នៅក្រោយការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ព័ត៌មាននេះត្រូវបានសារព័ត៌មានបារាំងមួយ ជំនាញខាងព័ត៌មានពីប្រទេសកម្ពុជា យកទៅចុះផ្សាយបន្ត ដោយហៅអគារសណ្ឋាគារដ៏ចំណាស់ ថាជាអគារមួយ ក្នុងចំណោមអគារនិមិត្តរូបជាច្រើនផ្សេងទៀត នៃរាជធានីភ្នំពេញ។

គម្រោងសាងសង់អគារកំពស់៦០០ម៉ែត្រនេះ អាចនឹងក្លាយជាអាគារ ដែលមានកំពស់ខ្ពស់ទី៤ នៅក្នុងពិភពលោក បន្ទាប់ពីអគារ «Burj Khalifa» ស្ថិត​ក្នុង​ទីក្រុង ឌូបៃ របស់​ប្រទេស​អេមីរ៉េត អារ៉ាប់រួម - អគារ «Shanghai Tower» ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន និងអគារ «Abraj Al-Bait Clock Tower» ក្នុង​ទីក្រុង ម៉ាកា ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

អគារកំពស់៦០០ម៉ែត្រ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏ជាអាគារដ៏ខ្ពស់មួយទៀត នៅជាប់ជាមួយ នឹងគម្រោងអគារ ដ៏ខ្ពស់មួយផ្សេង របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង រួមសហការជាមួយក្រុមហ៊ុន «Sun Kian Ip Group» របស់​ប្រទេស​ចិន នៅលើទីតាំង អតីត«Dream Land»​។ ក្រុមហ៊ុនទាំងពីរ បានប្រកាសដាក់ទុន ប្រមាណជា ២,៧ពាន់​លានដុល្លារ ដើម្បីសង់អគារ «Twin Tower» ដែល​មាន​កម្ពស់​ ៥៦០ ​ម៉ែត្រ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីដើមខែកុម្ភៈនេះ រំលឹក​ពី​ការ​សាងសង់​អគារ​ «Twin Tower» ឲ្យមានកំពស់ ​រហូត​ដល់​​៦០០ម៉ែត្រ។​

ដូច្នេះ បើទោះជាអគារ «Twin Tower» នៅមិនទាន់ចេញរូបរាងក៏ដោយ តែបើគម្រោងទាំងពីរ ដែលនៅជាប់ព្រំដីគ្នានេះ បានចេញជារូបរាង វានឹងជាអគារ ដ៏ខ្ពស់សម្បើម ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីព្រះបរមរាជវាំង វិមានរដ្ឋសភា និងវិមានឯករាជ្យ ដែលស្ថិតក្នុងតំបន់សម្គាល់អត្តសញ្ញាណ នៃស្ថាបត្យកម្មជាតិ របស់រាជធានីភ្នំពេញ។

នៅក្នុងផែនទីបែងចែកតំបន់ របស់ការិយាល័យ​ទទួល​បន្ទុក​ស្ថាបត្យកម្ម-នគរូបនីយកម្ម នៃរាជធានីភ្នំពេញ (Bureau de l'architecture et urbanisation - BAU) ធ្លាប់បានគូសវាសរួចជាស្រេច តាំងពីច្រើនឆ្នាំកន្លងទៅ ចាត់ទុកតំបន់ទាំងឡាយ ដែលមានអគារនិមិត្តរូប (ដោយកំពូលស្រួចៗ) រាប់ពីវត្តឧណ្ណាឡោម សារមន្ទីរជាតិ ព្រះបរមរាជវាំង តុលាការកំពូល (អតីតវិមានរដ្ឋសភា) សាលសន្និសីទចតុមុខ សណ្ឋាគារកាំបូឌីយ៉ាណា ពុទ្ធសាសនបណ្ឌិត វិមានរដ្ឋសភាជាតិបច្ចុប្បន្ន អតីតមហោស្រពជាតិព្រះបាទសុរាម្រិត (ដែលរងអគ្គិភ័យ) និងវិមានឯករាជ្យ ថាជាតំបន់បញ្ជាក់អត្តសញ្ញាណ ឬជាមុខ របស់រាជធានីភ្នំពេញ។

មន្ត្រីផ្លូវការ របស់ការិយាល័យខាងលើ មិនអាចធ្វើការទាក់ទង ដើម្បីសុំប្រតិកម្មជុំវិញ គម្រោងវាយកម្ទេចសណ្ឋាគារកាំបូឌីយ៉ាណាចោល ដើម្បីសង់អគារថ្មី កំពស់៦០០ម៉ែត្រជំនួស នោះបានទេ។

ប៉ុន្តែអតីតមន្ត្រីមួយរូប មកពីការិយាល័យដដែល បានថ្លែងប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការ​ឈូស​ចោល​សំណង់ ដែលជាស្នាដៃសល់ពីសង្គមចាស់នេះ អាចមានមូលហេតុពីរ។ លោកថា ទីមួយ រដ្ឋាភិបាល ចង់បង្ហាញ​ពីមហិទ្ធិរិទ្ធិរបស់ខ្លួន ក្នុង​ការទាក់ទាញ​​អ្នកវិនិយោគទុន​បរទេស ឲ្យចង់ចូលមករកទទួលទាន កាន់តែច្រើនឡើងនៅកម្ពុជា និងទីពីរ សំណង់សេសសល់ ពីសម័យមុនៗ រាប់ទាំងពីសម័យអាណានិគមផង មិនត្រូវបានគេចាត់ទុក ថាមានតម្លៃខាងស្ថាបត្យកម្ម ជាបេតិកភ័ណ្ឌ ឬជាអត្តសញ្ញាញជាតិ​នោះ​ឡើយ។

មន្ត្រីរូប​នោះ​បន្តថា ទោះជាមានមូលហេតុណាក៏ដោយ ក៏គេមិនគួរទៅសង់អាគារដ៏ខ្ពស់ៗ នៅក្បែរព្រះបរមរាជវាំង ខណៈកម្ពុជា ជាប្រទេសប្រកាន់​របប​រាជានិយម​ដូច្នេះឡើយ។ លោកបញ្ជាក់ថា៖ «ការគោរពព្រះមហាក្សត្រ ឬស្ថាប័នព្រះមហាក្សត្រ មិនមែនស្ដែងចេញ នៅត្រឹមតែសំដីប៉ុណ្ណោះទេ តែត្រូវបង្ហាញតាមទង្វើនោះផង»។

សណ្ឋាគារកាំបូឌីយ៉ាណា ត្រូវបានសាងសង់ឡើង នៅចុងទសវត្សន៍ឆ្នាំ៦០ ក្នុងគម្រោងរៀបចំរាជធានី តាមព្រះរាជកិច្ចដឹកនាំ នៃព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ។ បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ១៩៦៩ សណ្ឋាគារដែលមាន ១០០បន្ទប់ មួយនេះ បានបិទទ្វាវិញ នៅឆ្នាំបន្ទាប់។ លុះដល់ឆ្នាំ១៩៩១ វិនិយោគិន​សិង្ហបុរី ​បាន​ជួល​សណ្ឋាគារ​នេះ ក្នុង​រយៈពេល​ ៧០ ​ឆ្នាំ​ពី​រដ្ឋាភិបាល​កម្ពុជា​ ហើយ​បាន​កែលម្អ និងបើកទទួលអតិថិជនឡើងវិញ មុននឹងសណ្ឋាគារ ត្រូវបានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទិញបន្តនៅឆ្នាំ២០០៥៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...