ស្ត្រី​ជាប់​សង្ស័យ​ទាំង​ពីរ​ក្នុង​ការ​បំពុល គីម អាច​នឹង​ត្រូវ​«ព្យួរក»

ការស៊ើបអង្កេត កំពុងបោះជំហានទៅមុខ ជុំវិញឃាតកម្ម​ដាក់ថ្នាំបំពុល សម្លាប់លោក គីម ជុង-ណាម (Kim Jong-nam) បង​ប្រុស​ម្ដាយ​ទីទៃ របស់លោក គីម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំ​កូរ៉េកុម្មុយនីស (កូរ៉េខាង​ជើង)។ ស្ត្រី​ទាំង​ពីរ​នាក់ ដែលរង​ការសង្ស័យថា បានចូលរួម​ធ្វើសកម្មភាព ដាក់ថ្នាំបំពុល​សម្លាប់​លោក គីម នៅព្រលាន​យន្ដហោះ​អន្តរជាតិ កូឡាឡាំពួរ នឹងត្រូវចោទ​ប្រកាន់​ជាផ្លូវការ ដោយ​ប្រព័ន្ធ​យុត្តិធម៌​ម៉ាឡេស៊ី ហើយអាច​នឹង​ត្រូវ​ផ្ដន្ទាទោស ដោយ​«ព្យួរក»។
ស្ត្រី​ជាប់​សង្ស័យ​ទាំង​ពីរ​ក្នុង​ការ​បំពុល គីម អាច​នឹង​ត្រូវ​«ព្យួរក»
ពីឆ្វេងទៅស្ដាំ៖ ស្ត្រី​កាន់​លិខិត​ឆ្លងដែនវៀតណាម ឈ្មោះ «Doan Thi Huong» និងស្ត្រី​កាន់​លិខិត​ឆ្លង​​ដែន​​​ឥណ្ឌូនេស៊ី ឈ្មោះ «Siti Aishah»។ (រូបភាពនគរបាលម៉ាឡេស៊ី)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: March 01, 2017
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីទាំងពីរនាក់ ម្នាក់​កាន់​លិខិត​ឆ្លងដែនវៀតណាម ឈ្មោះ «Doan Thi Huong» អាយុ​២៨ឆ្នាំ និង​​ម្នាក់​​ទៀត ​កាន់​​លិខិត​​ឆ្លង​​​ដែន​​​​ឥណ្ឌូនេស៊ី ឈ្មោះ «Siti Aishah» អាយុ២៥ឆ្នាំ នឹងត្រូវចោទប្រកាន់ជាផ្លូវការ ពីអំពើ​មនុស្ស​ឃាត​ដ៏​សាហាវ​ព្រៃផ្សៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងមក ទៅលើលោក គីម ជុង-ណាម (Kim Jong-nam) បង​ប្រុស​ម្ដាយ​ទីទៃ របស់​លោក គីម ជុង-អ៊ុន (Kim Jong-Un) មេដឹកនាំ​កុម្មុយនីស​​កូរ៉េ​ខាង​ជើង កណ្ដាល​ព្រលាន​យន្ដហោះ​​អន្តរជាតិ នៃ​រាជធានី កូឡាឡាំពួរ។ នេះបើតាមការ​ប្រកាស​ឲ្យដឹង កាល​ពី​ថ្ងៃ​អង្គារ របស់​រាជ​អាជ្ញា​ម៉ាឡេស៊ី ដែល​ទទួល​បន្ទុក​​ក្នុង​សំនុំរឿង។

ក្រុមអ្នកស៊ើបអង្កេត បានបង្ហើបឲ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅ ថាលោក គីម ជុង-ណាម បាន​រង​គ្រោះ​នឹង​ថ្នាំ​បំពុល ប្រភេទ «VX» ដែលត្រូវបាន​ចាត់ទុក ជាអាវុធ«គីមី»​ដ៏​ប្រល័យ​មួយ​ប្រភេទ នៅក្នុង​ពិភពលោក។ អាវុធ​គីមី​នេះ ត្រូវ​បាន​ហាមឃាត់ ដោយអនុសញ្ញា​កាត់​បន្ថយ​អាវុធ​ជីរសាស្ត្រ ឆ្នាំ១៩៩៣ (ដែល​ត្រូវ​អនុវត្តន៍​ដោយ ​អង្គការ​សហ​ប្រជាជាតិ និងបណ្ដា​ប្រទេស​ជា​សមាជិក)។

លោករាជអាជ្ញាម៉ាឡេស៊ី លោក «Apandi Ali» បានប្រកាសឡើងថា ជនសង្ស័យ​ជាស្ត្រី​ទាំងពីរ​នាក់ ដែល​ត្រូវ​បាន​ឃាត់​ខ្លួន នៅក្រោយ​ពេល​ធ្វើ​សកម្មភាព​នោះ នឹងត្រូវ​តុលាការ​ចោទ​ប្រកាន់ ពីអំពើ​មនុស្ស​ឃាត តាម​មាត្រា​ ៣០២ នៃក្រម​ព្រហ្មទណ្ឌ​ម៉ាឡេស៊ី។

នៅក្នុងសំនុំរឿងនេះ និងដោយយោង​ទៅតាមច្បាប់ របស់ប្រទេសម៉ាឡេស៊ី ស្ត្រីទាំងពីរ​នាក់ អាច​នឹង​រង​ការ​ផ្តន្ទា​ទោស ដោយ​ការ​«ព្យួរក»។

» រូបភាពសង្ខេប ពីហេតុការណ៍នេះ៖

នៅក្នុងរូបភាព ដែលថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព របស់ព្រលានយន្ដហោះ បានបង្ហាញឲ្យឃើញថា ស្ត្រី​ម្នាក់​ ពី​ក្នុង​ចំណោម​ស្ត្រី​ទាំង​ពីរ បានដើរ​មក​បុក​លោក ចំពីមុខ ខណៈ​ស្ត្​រីម្នាក់​ទៀត បាន​​ចាប់​​លោក​​​ពី​​ក្រោយ និង​ដាក់​«អ្វីមួយ» នៅ​លើ​មុខ​របស់លោក។ ក្រោយពីធ្វើសកម្មភាពរួច ស្ត្រីទាំងពីរ​បាន​ដើរ​​គេច​ខ្លួន​ភ្លាមៗ ទៅ​​តាម​​ទិស​ដៅ​​ផ្សេង​​គ្នា រៀងៗ​ខ្លួន។

ក្រោយហេតុការណ៍នោះ លោក គឹម ជុង-ណាម បានយកដៃខ្ទប់មាត់ និងបានដើរសំដៅ ទៅរក​ការ​ជួយ​សង្គ្រោះ។ លោកបានដើរ​ទៅរកបុគ្គលិក របស់ព្រលានយន្ដហោះ ហើយបាននិយាយ ពីអ្វីដែល​បាន​កើត​ឡើង ចំពោះ​រូប​លោក។ ក្នុងរូបភាពជាបន្ត គេឃើញលោកបានព្យាយាមដើរ ជាមួយបុគ្គលិកពីរនាក់ ឆ្ពោះ​ទៅ​កាន់​គិលាន​សង្គ្រោះ ដែល​ស្ថិត​ក្នុង​ព្រលាន​យន្ដហោះ។ គឺនៅទីនោះហើយ ដែលលោក គឹម ជុង-ណាម បាន​សន្លប់​លែង​ដឹង​ខ្លួន។ លោកបានផុតដង្ហើម នៅប៉ុន្មាននាទីក្រោយមក បន្ទាប់ពីរូបលោក ត្រូវបានរថយន្ដ​សង្គ្រោះ​ដឹក​បញ្ជូន ទៅ​កាន់​មន្ទីរ​ពេទ្យ។

» អត្ថបទដែលទាក់ទង៖ រូបភាព​ក្នុង​និង​ក្រោយ​ពេល គីម ជុង-ណាម ត្រូវ​ស្ត្រី​២នាក់​បំពុល

ស្ត្រីទាំងពីរនាក់វិញ បានឆ្លើយអះអាងថា ខ្លួនត្រូវបានគេបញ្ឆោត ឲ្យធ្វើសកម្មភាពនេះ ដែលខ្លួនជឿថា គ្រាន់​តែ​បាន​ចូល​រួម នៅក្នុងឈុតឆាក​«លួចថត»​មួយ​ប៉ុណ្ណោះ។ ស្ត្រីម្នាក់ដែលជាជនឥណ្ឌូនេស៊ី បានរៀបរាប់​ប្រាប់​​មន្ត្រី​ស្ថានទូត​​ឥណ្ឌូនេស៊ី​ថា ខ្លួននាងបានទទួលប្រាក់ ប្រមាណជា៩០ដុល្លារអាមេរិក ដើម្បីចូលរួមនៅក្នុង​«ឈុត​ឆាក»​នេះ ខណៈ​ថ្នាំ​បំពុល ដែលខ្លួនបានចាក់ ដាក់នៅលើដៃ (ដើម្បីយកទៅបំពុលលោក គីម) នោះ ត្រូវបាន​នាង​គិត​ថា គឺ​​ជា​​«ប្រេង​លាប​ខ្លួន​ទារក»។ មន្ត្រីនោះបានពន្យល់បន្ថែមថា ស្ត្រីជាតិ​ឥណ្ឌូនេស៊ី​រូប​នេះ មិន​បាន​ស្គាល់​ស្ត្រីម្នាក់​ទៀត ដែលជាជនជាតិ​វៀតណាម​នោះ​ទេ។

» អត្ថបទដែលទាក់ទង៖ ស្ត្រី​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​«ហ្វឹកហាត់» ដើម្បី​ធ្វើ​​ឃាត គីម

ទោះយ៉ាងណា នគរបាលម៉ាឡេស៊ី បានជឿជាក់ផ្សេងទៅវិញ។ ក្រុម​អ្នក​ស៊ើប​​អង្កេត បាន​​ដាក់​​បន្ទុក និង​ការ​សង្ស័យ ទៅលើ​ស្ត្រីទាំងពីរ​នាក់ ថា​ពិត​ជា​បានដឹង​ជាមុន ពីសកម្មភាព​វាយ​ប្រហារនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...