ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ

មួយថ្ងៃក្រោយការដាក់ឃុំព្រះកាយ និងពីរថ្ងៃក្រោយការផ្សឹកទាំងបង្ខំ ព្រះសង្ឃ ហន សុផាន្នី នៅមានស្មារតី​ល្អធម្មតា ហើយមិន​មាន​រងការវាយដំ ធ្វើទារុណកម្មអ្វីទេ។ នេះ ជាការលើក​ឡើង​របស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ នៅលើ​បណ្ដាញ​សង្គម នាមុន​នេះ​បន្តិច។
ព្រះ​​សង្ឃ ប៊ុត ប៊ុនតិញ៖ ភិក្ខុ ហន សុផាន្នី នៅ​មាន​ស្មារតី​ល្អ
ព្រះភិក្ខុ ហន សុផាន្នី ថតរូបនៅពីមុខរូបលោក កែម ឡី ដែលចងដាក់ពីមុខកុដ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 23, 2017
  • ប្រធានបទ: សិទ្ធិ-ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មកដល់ម៉ោងនេះ មេធាវីការពារក្ដី ឲ្យព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ បានចូល​ទៅ​ជួប​ព្រះអង្គ នៅក្នុងពន្ធនាគាររួចហើយ និងព្រះអង្គនៅមានភាពក្លាហាន អត់មានរាថយ ចំពោះការគាបសង្កត់ ផ្នែក​សតិ​ស្មារតី​អីទេ ហើយក៏មិនមានការធ្វើទារុណកម្មអ្វីដែរ។ នេះ បើតាម​ថេរដីកា​របស់ស្ថាបនិក​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅមុននេះលើបណ្ដាញសង្គម។

ក្នុងវីដេអូផ្សាយបន្តផ្ទាល់មួយ ដែលព្រះតេជគុណ បានបង្ហោះក្នុងយប់ថ្ងៃនេះ នៅលើគណនេយ្យហ្វេសប៊ុក ព្រះ​អង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា ស្ថានភាពជាប់​​ពន្ធនាគារ​​របស់ព្រះសង្ឃ ហន សុផាន្នី មិនមានអ្វីគួរ​ឲ្យ​បារម្ភទេ ហើយ​ព្រះ​តេជគុណ​នៅតែ​ប្រើពាក្យ «ភិក្ខុ» ដើម្បីហៅព្រះសង្ឃអង្គនេះ ដែលត្រូវបាន​ចាប់ផ្សឹក​ដោយ​បង្ខំ កាល​ពី​រសៀល​ថ្ងៃទី២១ ខែមិថុនាកន្លងមក។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានពន្យល់អំពីការហៅនេះ យ៉ាង​ដូច្នេះ​ថា៖ «ទោស​ដែល​ចាប់​ផ្សឹក​ព្រះអង្គ ហន សុផាន្នី គ្មានស្ថានទម្ងន់ទោស ដែលអាចធ្វើការផ្សឹកលោក ចេញ​ពី​សភាវៈ​ជា​ភិក្ខុនោះ​បានទេ»។

ស្ថាបនិកបណ្ដាញព្រះសង្ឃ បានទម្លាក់ការទទួលខុសត្រូវ នៃការចាប់ផ្សឹកលោកសង្ឃ ទៅលើមន្ត្រីសង្ឃ​ប្រចាំ​ខេត្ត​បាត់ដំបង​ពីរអង្គ និងទៅលើមន្ត្រី​តុលាការ​ខេត្ត​បាត់ដំបង ដែលព្រះអង្គ ប៊ុត ប៊ុនតិញ ហៅថា​ជា​មន្ត្រី​សង្ឃ​«ប្រហុក» និងមន្ត្រីយុត្តិធម៌ ដែល«អគតិ»។ យ៉ាងណា ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានសំដែងក្ដីសង្ឃឹមថា ព្រះ​អង្គ ហន សុផាន្នី អាចនឹង​ត្រូវ​ដោះលែង ឲ្យមានសេរីភាពវិញ នៅក្នុងពេលខាងមុខ។

» ទស្សនាវីដេអូរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលបង្ហោះក្នុងយប់ថ្ងៃនេះ៖

ព្រះភិក្ខុ ហន សុផាន្នី ព្រះជន្ម២៤វស្សា ត្រូវ​បាន​លោក លី សុខា ចៅក្រមស៊ើបអង្កេត នៃសាលាដំបូង​ខេត្ត​បាត់​ដំបង ចេញដីកា​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន នៅក្នុងពន្ធនាគារខេត្ត ការពីរសៀលថ្ងៃទី២២ ខែមិថុនាម្សិលម៉ិញ ក្រោម​​​ការ​​ចោទប្រកាន់ ពីបទដឹកជញ្ជូន - កាន់អាវុធដោយខុសច្បាប់ និងញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ។

កាលពីយប់ម្សិលម៉ិញ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានហៅការឃាត់ព្រះកាយ របស់ព្រះអង្គ ហន សុផានី ថាមាន​ទិស​ដៅ​ដើម្បីសំដៅ មកលើព្រះតេជគុណ ដែល​ជាស្ថាបនិក​បណ្ដាញព្រះសង្ឃឯករាជ្យ ហើយបាន​ចោទ​ប្រកាន់​ថា មានគោលបំណងនយោបាយ នៅពីខាងក្រោយនៃព្រឹត្តិការណ៍ ដើម្បីឈាន​ទៅ​រំលាយ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ចោល។

» ទស្សនាវីដេអូរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលបង្ហោះកាលពីយប់ម្សិលម៉ិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...