បារាំង៖ ទុកកូនតូចនៅតែឯងពេញមួយយប់ ដើម្បីទៅរាំ ជាប់ទោស១ខែ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 28, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថែរក្សាកូន - ហេតុការណ៍នេះ បានកើតឡើងតាំងពីខែកុម្ភៈកន្លងទៅ។ នៅមុនមួយថ្ងៃ នៃបុណ្យខួបកំណើត៣ឆ្នាំ កូនស្រីតូចនេះ ត្រូវបានទុកចោលឲ្យនៅក្នុងផ្ទះតែឯង ពេញមួយយប់នៅក្នុងផ្ទះរបស់ខ្លួន។ អ្នកជិតខាងបានស្ដាប់លឺសម្លេងយំរបស់នាង ហើយបានរាយការណ៍ប្រាប់នគរបាល នៅវេលាម៉ោងប្រមាណជា៥ភ្លឺ។
នៅក្នុងសវនាការ ដែលបានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក ម្ដាយវ័យ២២ឆ្នាំ ដែលគ្មានការងារធ្វើរូបនេះ បានទទួលស្គាល់កំហុសរបស់ខ្លួន។ រដ្ឋអាជ្ញាបារាំងប្រចាំតំបន់ បានស្នើឲ្យចៅក្រមដាក់ទោស យ៉ាងហោចក៏ពីរខែក្នុងពន្ធនាគារ ប៉ុន្តែត្រូវបានព្យួរ ដើម្បីជាការព្រមាន និង«រំលឹកនាងជាម្ដាយនេះ ពីអ្វីដែលជាកតព្វកិច្ចរបស់ខ្លួន ក្នុងនាមអាណាព្យាបាល»។
រដ្ឋអាជ្ញាបានឲ្យដឹងទៀតថា៖ «នេះជាលើកទីមួយ ដែលនាងជាម្ដាយបានទុកកូនស្រីឲ្យនៅផ្ទះតែម្នាក់ឯង។ ហើយក្រៅពីនេះ នាងថែរក្សាកូនបានល្អណាស់។» ប៉ុន្តែដោយសារតែហេតុការណ៍នេះ ភ្នាក់ងារសង្គមកិច្ចរបស់រដ្ឋ ត្រូវបានអនុញ្ញាតឲ្យទទួលយកកូនស្រីតូចនេះ ទៅថែរក្សាជំនួសសិន។
នៅពេលបានទៅដល់ផ្ទះនៅព្រឹកថ្ងៃនោះ នគរបាលបានព្យាយាមទាក់ទងម្ដាយតាមទូរស័ព្ទ ដែលគ្មានការឆ្លើយតប។ ប៉ុន្តែនាងបានទៅបង្ហាញខ្លួន នៅស្នងការនគរបាល នៅវេលាថ្ងៃត្រង់ថ្ងៃដដែល។ បន្ទាប់ពីត្រូវបាននគរបាលឃាត់ខ្លួន ដើម្បីសាកសួរបន្ដិចមក នាងជាម្ដាយត្រូវបានដោះលែងឲ្យមានសេរីភាពវិញ តែត្រូវរងចាំដីកាកោះហៅពីតុលាការ ដើម្បីប្រឈមនឹងការកាត់ទោស នូវអ្វីដែលខ្លួនបានធ្វើ៕