ក្រសួងយុត្តិធម៌កាន់មូលនិធិមេធាវីការពារជនក្រីក្រ បង្កភាព«ស្មុគស្មាញ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងអាណត្តិទីប្រាំនេះ «មូលនិធិ»សម្រាប់ការឧបត្ថម ដល់សេវាកម្មមេធាវីការពារជូនជនក្រីក្រ ដែលក្នុងរយៈកាលកន្លងមក ស្ថិតក្រោមការចាត់ចេងរបស់គណៈមេធាវីនោះ ត្រូវបានរាជរដ្ឋាភិបាល «បង្វែរ»ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌វិញ។ ដោយឡែកការគ្រប់គ្រងលើមេធាវី និងបច្ចេកទេសនានា ឬការចាត់ចែងការពារជនក្រីក្រ បន្តឲ្យនៅក្រោមការត្រួតពិនិត្យ និងចាត់ចែងដោយគណមេធាវីដដែល។ នេះបើយោងតាមការបញ្ជាក់របស់លោក គីម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ តែជាការផ្លាស់ប្ដូរដែលសកម្មជនធ្វើការជិតស្និតនឹងសហគមន៍ជនក្រីក្រ បានថ្លែងវាយតម្លៃថាមានភាពស្មុគស្មាញ។
លោក គីម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លើកឡើងក្នុងសន្និសីទថ្ងៃទី២៩ ខែវិច្ឆិកា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ (រូបថត MONOROOM.info/ O. Vary)
ប្រព័ន្ធយុត្តិធម៌ - សន្និសីទថ្នាក់ជាតិស្ដីពី«ជំនួយផ្នែកច្បាប់» ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ និងគណៈមេធាវី (កម្ពុជា) ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការ យូអិន-អូអេចស៊ីអេចអ (UN-OHCHR) និងអង្គការយូនីសេហ្វ (UNICEF) ក្នុងការស្វែងរកនូវដំណោះស្រាយមួយវិជ្ជមាន និងសម្រាប់ពង្រើកកាផ្តល់សេវាកម្មជំនួយផ្នែកច្បាប់ ដល់ជនក្រីក្រទូទាំងប្រទេសកម្ពុជា។
សន្និសីទថ្ងៃទី២៩ ខែវិច្ឆិកា នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក គីម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា «ក្នុងអាណត្តិទិប្រាំនេះរាជរដ្ឋាភិបាលបានសម្រេច លើកញ្ចប់ថវិកាសម្រាប់ឧបត្ថមមេធាវី ការពារជនក្រីក្រឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌វិញ។ (…) ហើយកញ្ចប់ថវិការនេះនឹងកើនឡើង ពីរ២០០លានរៀល ទៅ៣០០រយលានរៀល សម្រាប់ឆ្នាំ២០១៤នេះ ហើយនឹងមានការកើនឡើងជារៀងរាល់ឆ្នាំ តាមការជាក់ស្តែងក្នុងអាណត្តិទីប្រាំ។»
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះបន្ថែមថា សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសម្រាប់គណៈមេធាវីផ្ទាល់ដែលបានទទួលគំាទ្រនូវផ្នែកបច្ចេកទេស និងថវិកាពីអង្គការជាតិ អន្តរជាតិ និងម្ចាស់ជំនួយដទែទៀតទៅលើបញ្ហា “ជំនួយផ្នែកច្បាប់”នេះ ដែលជាជំនួយមួយមិនអាចមានស្ថេរភាពទៀងទាត់នោះឡើយ។ ដូច្នេះលោកបានចាត់ទុកថា «រដ្ឋាភិបាល បង្វិលកញ្ចប់ថវិកានេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ ជាចំណុចចាប់ផ្តើមមួយល្អ ដែលជាចម្លើយក្នុងការបញ្ជាក់ពីការរួបរួមគ្នា ការសហការគ្នា ដើម្បីរៀបចំឲ្យមានប្រព័ន្ធជំនួយការផ្នែកច្បាប់ថ្នាក់។ (…) នីតិវិធីលំអិតនៃបញ្ហានេះជាបន្តរ ក្រសួងនឹងពិភាក្សាគ្នាជាមួយគណៈមេធាវី នាពេលខាងមុខ។ (…) ការផ្ទេរនេះសំដៅទៅលើ«កញ្ចប់»ថវិកា សម្រាប់តែមេធាវីការពារជនក្រីក្រប៉ុណ្ណោះ ចំណែកបញ្ហាបច្ចេកទេស ការគ្រប់គ្រង និងការចាត់ចែងនានានៅតែជាសមត្ថកិច្ចរបស់គណៈមេធាវីដដែល។»
ដោយឡែកលោកមេធាវី ប៊ុន ហ៊ុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មិនបានបង្ហាញ ពីករណីនៃការ«បង្វិល»កញ្ចប់ថវិការសម្រាប់មេធាវីការពារជនក្រីក្រ ឲ្យស្ថិតក្រោមការគ្រប់គ្រងនៃក្រសួងយុត្តិធម៌នោះទេ ដោយលោកគ្រាប់តែបង្ហាញពីភាពលំបាក ក្នុងរយៈកាលកន្លងមក ដែលត្រូវទទួលថវិកានេះពីរដ្ឋាភិបាលនោះថា «មានភាពយឺតយ៉ាវនៅក្នុងនីតិវិធីទូទាត់ ក្នុងការប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល ដែលត្រូវបំពេញនីតិវិធីស្មុគ្រស្មាញ និងចំណាយពេលវេលាយូរ ដែលអាចនឹងរះស្ទះ ដល់ដំណើរការ ផ្តល់សេវា។»
ប្រធានគណៈមេធាវីរូបនេះបន្ថែមថា «គណៈមេធាវីបានទទួលថវិកាពីរាជរដ្ឋាភិបាលចំនួន ពីររយលានរៀល ដើម្បីអនុវត្តសេវាផ្តល់ជំនួយផ្នែកច្បាប់ ជូនជនក្រីក្រនៅទូទាំងប្រទេស។ ក្រៅពីនេះគណៈមេធាវីក៏បានទទួលថវិកាពីអង្គការ UNICEF ទៅតាមលទ្ធភាពគម្រោងរបស់ខ្លួនដើម្បីផ្តល់សេវាកម្មជំនួយ ផ្នែកច្បាប់ជូនអនីតិជន។ តែចំនួនទឹកប្រាក់ទាំងអស់នេះ នៅមានកំរិតតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងទំហំការងារ ដែលគណៈមេធាវីកំពុងអនុវត្តសព្វថ្ងៃ។»
ជាការយល់ឃើញដោយឡែក លោក ចាន់ សូវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានបង្ហាញនូវទស្សនៈរបស់លោកថា នីតិវិធីដែលត្រូវទទួលថវិកាពីក្រសួងយុត្តិធម៌នោះ មានលក្ខណៈវែងអន្លាយ។ លោកបានពន្យល់ថា គួតែបន្តរការផ្តល់កញ្ចប់ថវិកានេះមកគណៈមេធាវីដោយផ្ទាល់ ព្រោះថាគណៈមេធាវីជាស្ថាប័នមួយឯករាជ្យ ដូច្នេះអាចធ្វើវិមជ្ឈការ ដើម្បីឲ្យគណៈមេធាវីមានសិទ្ធិអំណាច ក្នុងការផ្តល់ធនធានដល់មេធាវីការពារជនក្រីក្រ។ លោកបន្ថែមថា នីតិវិធីនៃការទទួលកញ្ចប់ថវិកាពីក្រសួងយុត្តិធម៌នេះ នឹងមានភាព«ស្មុគស្មាញ» មានការលំបាក ដែលទាក់ទិននិងការផ្តល់ធនធានទាំងនេះទៅឲ្យមេធាវី។
លោកបានពន្យល់បន្ថែមថា «សំណុំរឿងមួយមិនអាចបញ្ចប់នៅសាលាដំបូងបានទេ ត្រូវឆ្លងកាត់ទៅសាលាឧទ្ធណ៍ ឬតុលាការកំពូលជាដើម ដែលជាហេតុត្រូវធ្វើការការពារបន្ត ឬផ្លាស់ប្តូរមេធាវី ឬថែមមេធាវីក្នុងការការពាពួកគាត់ (ជនក្រីក្រ)។ (…) មេធាវីនៅពេលដែលមានភាពស្មុកស្មាញ នោះពិបាកនឹងធ្វើការការពារណាស់ ។ ផ្ទុយមកវិញបើស្ថិតក្នុងការគ្រប់គ្រងរបស់គណៈមេធាវី នោះអាចមានភាពប្រសើរជាង ដោយសារតែមេធាវី និងគណៈមេធាវីនៅកៀកនឹងគ្នា ដែលមានភាពស៊ីសង្វាក់គ្នាជាង។»
លោកក៏បានបង្ហាញ នូការសោកស្តាយចំពោះមេធាវីក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានរហូតដល់ជាងប្រាំបីរយនាក់ តែមេធាវីដែលធ្វើការជាក់ស្តែងមានត្រឹមជាងប្រាំមួយរយនាក់ ក្នុងនោះ មេធាវីសម្រាប់ការពារជនក្រីក្រ មានតិចតួចបំផុតតាមរយៈគណៈមេធាវី តាមអង្គការសង្គមស៊ីវិល ក៏ដូចជាតាមការស្ម័គ្រចិត្តរបស់មេធាវីនីមួយៗជាដើម។
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ